{"asset":"news","key":"5327","locale":"km","id":"news:5327:km","entityId":"news:5327","canonicalUrl":"https://www.kps-tv.com/km/news/detail/5327","state":"ready","title":"អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាជាមួយឯកអគ្គរដ្ឋទូតចិន ជំរុញកិច្ចសហប្រតិបត្តិការ និងវិនិយោគក្នុងខេត្ត","summary":"នៅរសៀលថ្ងៃទី៦ ខែមីនា អភិបាលខេត្តប៉ៃលិនបានជួបឯកអគ្គរដ្ឋទូតចិន ដើម្បីពិភាក្សាអំពីកិច្ចសហប្រតិបត្តិការ ឱកាសវិនិយោគ និងការអភិវឌ្ឍខេត្ត។","body":"ខេត្តប៉ៃលិន៖ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន បានទទួលជួបស្វាគមន៍ និងពិភាក្សាការងារជាមួយ ឯកឧត្តម វ៉ាង វិនប៊ីន (WANG Wenbin) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា ដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងខេត្តប៉ៃលិន និងភាគីចិន ក៏ដូចជាជំរុញឱកាសវិនិយោគ និងការអភិវឌ្ឍក្នុងតំបន់។\nជំនួបនេះបានប្រព្រឹត្តទៅនៅរសៀលថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៦ ដោយលោកជំទាវអភិបាលខេត្ត បានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានរបស់ឯកឧត្តមឯកអគ្គរដ្ឋទូត និងគណៈប្រតិភូ ដែលបានអញ្ជើញមកទស្សនកិច្ច និងសិក្សាស្ថានភាពជាក់ស្តែងនៅខេត្តប៉ៃលិន។ ក្នុងឱកាសនោះ លោកជំទាវបានជម្រាបជូនអំពីស្ថានភាពភូមិសាស្ត្រ សេដ្ឋកិច្ច សន្តិសុខ ស្ថានភាពជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ព្រមទាំងសក្តានុពលសំខាន់ៗរបស់ខេត្ត ដែលអាចទាក់ទាញការវិនិយោគ និងកិច្ចសហប្រតិបត្តិការពីដៃគូអន្តរជាតិ។\nលោកជំទាវ បាន ស្រីមុំ បានបញ្ជាក់ថា ទំនាក់ទំនងកម្ពុជា–ចិន គឺជាមិត្តភាពប្រវត្តិសាស្ត្រដ៏ជិតស្និទ្ធ ដែលត្រូវបានពង្រឹងជាបន្តបន្ទាប់ដោយថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ រហូតក្លាយជាមិត្តភាពដែកថែបដ៏រឹងមាំ។ ក្នុងន័យនេះ ភាគីចិន និងប្រជាជនចិន ក៏បានចូលរួមគាំទ្រយ៉ាងសកម្មដល់ការអភិវឌ្ឍន៍ខេត្តប៉ៃលិន ក្នុងវិស័យជាច្រើន ដូចជា កសិកម្ម ពាណិជ្ជកម្ម ទេសចរណ៍ សុខាភិបាល អប់រំ និងការកសាងហេដ្ឋារចនាសម្ព័ន្ធ រួមមាន ផ្លូវ ស្ពាន សាលារៀន មន្ទីរពេទ្យ និងប្រព័ន្ធធារាសាស្ត្រ។\nជាការឆ្លើយតប ឯកឧត្តម វ៉ាង វិនប៊ីន បានសម្តែងការកោតសរសើរចំពោះការអភិវឌ្ឍ និងវឌ្ឍនភាពរបស់ខេត្តប៉ៃលិន ក្នុងរយៈពេលកន្លងមក ព្រមទាំងបញ្ជាក់ពីការបន្តគាំទ្ររបស់ប្រទេសចិន ដើម្បីជំរុញកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែមានប្រសិទ្ធភាព ស្របតាមយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចមហាបវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។\nឯកឧត្តមឯកអគ្គរដ្ឋទូតក៏បានវាយតម្លៃខ្ពស់ចំពោះវិធានការដ៏ម៉ឺងម៉ាត់របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ហើយបញ្ជាក់ពីការគាំទ្រយ៉ាងមុតមាំរបស់ភាគីចិនចំពោះកម្ពុជា ក្នុងការបន្តថែរក្សាស្ថិរភាព សន្តិសុខ និងការអភិវឌ្ឍ។ ទន្ទឹមនឹងនេះ ភាគីចិននឹងបន្តលើកទឹកចិត្ត និងជំរុញវិនិយោគិនចិន ឱ្យមកវិនិយោគនៅកម្ពុជាបន្ថែមទៀត រួមទាំងខេត្តប៉ៃលិនផងដែរ។\nប្រភព៖ រដ្ឋបាលខេត្តប៉ៃលិន\nដោយ៖ KPS99TV","contentScope":"full","proof":{"publishedSourceRevision":"1","publishedWorkingVersionId":"14758","languageVersionId":"10103","visibilityVersion":"2","versionToken":"a1.FDjIOjIG2DrIOFqNjGYm5qOreuZlxDCnWKgDOnt431U"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":"KPS99TV"},"references":[],"links":[],"publishedAt":"2026-03-07T02:49:59Z"}