{"asset":"news","key":"5336","locale":"km","id":"news:5336:km","entityId":"news:5336","canonicalUrl":"https://www.kps-tv.com/km/news/detail/5336","state":"ready","title":"៦ថ្ងៃចូលឆ្នាំខ្មែរ រដ្ឋបាលភ្នំពេញរៀបចំឡានក្រុង៦០០គ្រឿង សម្រាប់ធ្វើដំណើរដោយមិនគិតថ្លៃ","summary":"រថយន្ត១០០គ្រឿងសម្រាប់ក្នុងក្រុង និង Airport Express Bus តេជោ ហើយ៥០០គ្រឿងសម្រាប់ខ្សែធំ៦គោលដៅទៅមកតាមខេត្ត ដោយផ្តល់ទឹកពិសាឥតគិតថ្លៃ។","body":"រដ្ឋបាលរាជធានីភ្នំពេញ បានរៀបចំរថយន្តក្រុងចំនួន ៦០០គ្រឿង សម្រាប់ដឹកជញ្ជូនពលរដ្ឋ ដោយមិនបង់ប្រាក់រយៈពេល ៦ថ្ងៃ ដើម្បីជួយសម្រួលដល់ការចំណាយរបស់ប្រជាពលរដ្ឋក្នុងការធ្វើដំណើរទៅលេងស្រុកកំណើត ជួបជុំក្រុមគ្រួសារ ក្នុងឱកាសអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំ២០២៦ ។\nការរៀបចំធ្វើឡើងតាមប្រសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងផ្សព្វផ្សាយផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ លើកទី១១ នាថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៦ រដ្ឋបាលរាជធានីភ្នំពេញបានរៀបចំរថយន្តក្រុងចំនួន ៦០០គ្រឿង សម្រាប់បម្រើសេវាដឹកជញ្ជូនសាធារណៈដោយមិនបង់ប្រាក់រយៈពេល ៦ថ្ងៃ គិតចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៦ ដើម្បីជួយសម្រួលដល់ការចំណាយរបស់បងប្អូនប្រជាពលរដ្ឋទាំងអស់ក្នុងការធ្វើដំណើរទៅលេងស្រុកកំណើត ជួបជុំបងប្អូនក្រុមគ្រួសារ ក្នុងឱកាសអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០។\nរដ្ឋបាលរាជធានីភ្នំពេញ បានចេញសេចក្ដីជូនដំណឹងនៅថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៦ ឱ្យដឹងថា សេវាដឹកជញ្ជូនប្រជាពលរដ្ឋក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ និងសេវារថយន្តក្រុងអាកាសយានដ្ឋានអន្តរជាតិតេជោ Airport Express Bus រដ្ឋបាលរាជធានីរៀបចំប្រើប្រាស់រថយន្តក្រុងចំនួន ១០០គ្រឿង ចំពោះសេវាដឹកជញ្ជូនប្រជាពលរដ្ឋធ្វើដំណើរពីរាជធានីភ្នំពេញទៅតាមបណ្តាខេត្ត និងពីបណ្តាខេត្ត ត្រឡប់ចូលមករាជធានីភ្នំពេញវិញ គឺប្រើប្រាស់រថយន្តក្រុងចំនួន ៥០០គ្រឿង ដោយមានបែងចែកជាខ្សែរត់ធំៗ ចំនួន ៦គោលដៅ ព្រមទាំងបានរៀបចំទឹកពិសាបរិសុទ្ធដោយឥតគិតថ្លៃនៅក្នុងរថយន្តក្រុងនីមួយៗតាមគោលដៅ ចេញដំណើរផងដែរ។\nជាមួយគ្នានេះ រដ្ឋបាលរាជធានីភ្នំពេញ ក៏អំពាវនាវដល់ម្ចាស់ក្រុមហ៊ុន ម្ចាស់អាជីវកម្ម និងម្ចាស់រថយន្តដឹកជញ្ជូនអ្នកដំណើរទាំងអស់ ត្រូវផ្តល់កិច្ចសហការរក្សាតម្លៃសេវាដឹកជញ្ជូនឱ្យនៅដដែល ដោយពុំដំឡើងថ្លៃក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ខាងមុខនេះ ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាល និងរដ្ឋបាលរាជធានីភ្នំពេញក្នុងការជួយសម្រួល ដល់ការចំណាយ និងជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋ៕\nអត្ថបទ៖ ឡាយ កុល","contentScope":"full","proof":{"publishedSourceRevision":"1","publishedWorkingVersionId":"14752","languageVersionId":"10085","visibilityVersion":"2","versionToken":"a1.HNAzj0Qib1I2KfOweaREwVGIsBNeU7vgf2XemH92HGE"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":"KPS99TV"},"references":[],"links":[],"publishedAt":"2026-03-07T08:09:27Z"}