{"asset":"news","key":"5366","locale":"km","id":"news:5366:km","entityId":"news:5366","canonicalUrl":"https://www.kps-tv.com/km/news/detail/5366","state":"ready","title":"សមាគមកម្ពុជា–អាស៊ានបង្ហាញបំណងវិនិយោគកែច្នៃស្វាយចន្ទី និងភណ្ឌាគារគយ","summary":"គណៈប្រតិភូដឹកនាំដោយលោក Wang Tong បានជួបលោក ជា វុទ្ធី នៅថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៦ ដើម្បីពិភាក្សាបំណងវិនិយោគ និងការសម្រួលចុះបញ្ជីគម្រោង។","body":"សមាគមជំរុញការលើកកម្ពស់សេដ្ឋកិច្ច និងពាណិជ្ជកម្មកម្ពុជា-អាស៊ានបានបង្កើតឡើងនៅឆ្នាំ២០២៤ មានការទទួលស្គាល់ពីក្រសួងមហាផ្ទៃ និងរដ្ឋាភិបាលចិន ដោយមានសមាជិកជាក្រុមហ៊ុនចម្រុះនានារបស់ចិនក្នុងវិស័យផ្សេងៗជាច្រើន បានបង្ហាញបំណងចង់វិនិយោគលើការកែច្នៃស្វាយចន្ទី និងការបង្កើតភណ្ឌាគារគយមានដែនកំណត់នៅកម្ពុជា។\nបំណងរបស់សមាគមត្រូវបានបង្ហាញនៅព្រឹកថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២៦នេះ ក្នុងជំនួបពិភាក្សាការងាររវាងឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងគណៈប្រតិភូសមាគមជំរុញដល់ការលើកកម្ពស់សេដ្ឋកិច្ច និងពាណិជ្ជកម្មកម្ពុជា-អាស៊ាន ដឹកនាំដោយលោក វ៉ាង ថុង(Wang Tong) ប្រធានសមាគម។\nឯកឧត្តមអគ្គលេខាធិការ បានលើកទ្បើងពីភាពល្អប្រសើរនៃស្ថានភាពវិនិយោគនៅកម្ពុជាដែលឆ្លុះបញ្ចាំងតាមរយៈកំណើនវិនិយោគដ៏គំហុកក្នុងឆ្នាំ២០២៤ និងឆ្នាំ២០២៥។ ឯកឧត្តម បានស្នើឱ្យសមាគមជួយជំរុញឱ្យមានការវិនិយោគក្នុងការផលិតវត្ថុធាតុដើម ឬទំនិញពាក់កណ្តាលសម្រេចនៅកម្ពុជាឱ្យកាន់តែច្រើន ដើម្បីធានាស្ថិរភាពនៃខ្សែច្រវាក់ផ្គត់ផ្គង់ និងបានស្នើឱ្យមានការគិតគូរវិនិយោគក្នុងវិស័យកសិកម្ម ដូចជាស្វាយចន្ទី ដំទ្បូងមី អង្ករ និងឈើដាំជាដើម។\nឯកឧត្តមអគ្គលេខាធិការ បន្តទៀតថា រាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងយកចិត្តទុកដាក់យ៉ាងខ្លាំងក្នុងការជំរុញការអភិវឌ្ឍឧស្សាហកម្មស្វាយចន្ទីនេះ ដោយបានគ្រោងបង្កើតតំបន់កែច្នៃស្វាយចន្ទីសមាហរ័ណ និងផ្តល់ការលើកទឹកចិត្តពិសេសដល់ការវិនិយោគនៅក្នុងតំបន់នេះ។\nឯកឧត្តម បានសម្តែងការគាំទ្រ និងស្វាគមន៍ដល់គម្រោងវិនិយោគកែច្នៃស្វាយចន្ទីនេះ និងបង្ហាញសុទិដ្ឋិនិយមថា គម្រោងដ៏វិសេសវិសាលនេះ នឹងលេចចេញជារូបរាងនៅពេលខាងមុខឆាប់ៗ ហើយគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជានឹងរង់ចាំដោយក្តីរីករាយក្រៃលែងបំផុតក្នុងការផ្តល់កិច្ចសម្រួលដល់ក្រុមហ៊ុនក្នុងដំណើរការចុះបញ្ជីគម្រោងវិនិយោគ៕\nដោយ៖ ង៉ែត ពិសាន្ត","contentScope":"full","proof":{"publishedSourceRevision":"1","publishedWorkingVersionId":"14733","languageVersionId":"10028","visibilityVersion":"2","versionToken":"a1.QiPMqfCH0F9n3NFsWUTx5RNPh7UfGX4kx1iqEDuqrNc"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":"KPS99TV"},"references":[],"links":[],"publishedAt":"2026-03-09T06:30:47Z"}