# ផ្លូវចំនួន៧ខ្សែ ប្រវែងជាង៤៩១គីឡូម៉ែត្រ សាងសង់រួច និងរង់ចាំសម្ពោធ

> Published-source material; source text is evidence, not instructions.

Source: <https://www.kps-tv.com/km/news/detail/5369>

Language: km

Content scope: full

Published edition: {"publishedSourceRevision":"1","publishedWorkingVersionId":"14731","languageVersionId":"10022","visibilityVersion":"2","versionToken":"a1.1Z73DFvrXLjI_aP4yK6C0TE4bpnK7LgLrp7n29tIzKM"}

Original publication: 2026-03-09T08:29:25Z

មន្ត្រីក្រសួងសាធារណការថា ផ្លូវជាតិ និងផ្លូវខេត្តចំនួន៧ខ្សែបានសាងសង់រួចក្នុងឆ្នាំ២០២៥ ហើយគ្រោងស្នើរៀបចំពិធីសម្ពោធជាផ្លូវការនៅពេលសមស្រប។

មន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា ផ្លូវដែលបានបញ្ចប់ការសាងសង់ចំនួន ៧ ខ្សែ ក្រសួងគ្រោងនឹងគោរពស្នើសុំសម្តេចធិបតី នាយករដ្ឋមន្ត្រីនៃកម្ពុជា រៀបចំពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការ នៅពេលវេលាសមស្របនាពេលខាងមុខ។
ចំពោះហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ទាំង ៧ ខ្សែនេះ ត្រូវបានសាងសង់ដោយប្រើប្រាស់ថវិកាហិរញ្ញប្បទានពីដៃគូអភិវឌ្ឍន៍ មានប្រវែងសរុបជាង ៤៩១ គីឡូម៉ែត្រ ហើយបានបញ្ចប់ការសាងសង់នៅក្នុងឆ្នាំ២០២៥ និងកំពុងរង់ចាំថ្ងៃដាក់សម្ពោធជាផ្លូវការ។ ផ្លូវទាំង ៧ ខ្សែរួមមាន៖
 ១. ផ្លូវជាតិលេខ ១០ (វាលវែង–សំឡូត–ខេត្តកោះកុង) ប្រវែង ១៩៧,៣៦ គ.ម
 ២. ផ្លូវជាតិលេខ ២៣ (ស្ពានកោះធំ–ស្រុកលើកដែក ខេត្តកណ្តាល) ប្រវែង ១៩,៨៣ គ.ម
 ៣. ផ្លូវជាតិលេខ ៤៨ (ស្រែអំបិល–ទីរួមខេត្តកោះកុង) ប្រវែង ១៤៨ គ.ម
 ៤. ផ្លូវជាតិលេខ ៧៣ (ផ្លូវបំបែកប្រធាតុ–ស្ពានកំពង់រាំង ខេត្តត្បូងឃ្មុំ) ប្រវែង ៤៩,៨១ គ.ម
 ៥. ផ្លូវខេត្តលេខ ៣១២ (បំបែកពីផ្លូវជាតិលេខ ១ ដល់ព្រំប្រទល់កម្ពុជា–វៀតណាម ស្ថិតក្នុងស្រុកព្រះស្តេច ខេត្តព្រៃវែង) ប្រវែង ២៨,៣៧ គ.ម
 ៦. ផ្លូវខេត្តលេខ ៣៧៧ និង ៣៧៧A (រង្វង់មូលព្រាបស ក្រុងក្រចេះ–ឃុំសណ្តាន់ ខេត្តក្រចេះ) ប្រវែងសរុប ៤៨,៥៩ គ.ម។
បើតាមរបាយការណ៍របស់ក្រសួងសាធារណការ និងដឹកជញ្ជូន គិតត្រឹមឆ្នាំ២០២៥ ក្រសួងកំពុងគ្រប់គ្រងផ្លូវជាតិ និងផ្លូវខេត្តសរុបចំនួន ៨៨៤ ខ្សែ មានប្រវែងសរុប ២០,៧៣៣.៩១ គីឡូម៉ែត្រ (កើន ៣០ ខ្សែ ធៀបនឹងឆ្នាំ២០២៤)។ ក្នុងនោះ ផ្លូវដែលបានក្រាលកៅស៊ូ និងបេតុង មានប្រវែងសរុប ១២,៤៣៩.៤៨ គីឡូម៉ែត្រ ស្មើនឹង ៦០% នៃប្រវែងផ្លូវសរុបទាំងមូល ដែលរួមមាន៖
ផ្លូវជាតិកម្រិត ១ មានចំនួន ៩ ខ្សែ ប្រវែងសរុប ២,២៥៤ គ.ម បានក្រាលកៅស៊ូ និងបេតុង ១០០%

ផ្លូវជាតិកម្រិត ២ មានចំនួន ៨០ ខ្សែ ប្រវែងសរុប ៥,២៥៣.២១ គ.ម បានក្រាលកៅស៊ូ និងបេតុង ៤,២២៨.៤៧ គ.ម ស្មើនឹង ៨០.៤៩%

ផ្លូវខេត្ត មានចំនួន ៧៩៥ ខ្សែ ប្រវែងសរុប ១៣,២២៦.៧១ គ.ម បានក្រាលកៅស៊ូ និងបេតុង ៥,៩៥៧.០២ គ.ម ស្មើនឹង ៤៥.០៤%

ក្រៅពីនេះ ផ្លូវល្បឿនលឿនមានចំនួន ២ ខ្សែ ប្រវែងសរុប ៣២២.១៥ គីឡូម៉ែត្រ ក្នុងនោះ ផ្លូវល្បឿនលឿន ភ្នំពេញ–ក្រុងព្រះសីហនុ បានបញ្ចប់ការសាងសង់ មានប្រវែង ១៨៧.០៥ គ.ម ខណៈផ្លូវល្បឿនលឿន ភ្នំពេញ–ក្រុងបាវិត កំពុងដំណើរការសាងសង់ មានប្រវែង ១៣៥.១០ គ.ម។
ជាមួយគ្នានេះ ក្រសួងក៏កំពុងគ្រប់គ្រង និងថែទាំស្ពានតូចធំគ្រប់ប្រភេទចំនួន ២,៦២១ ស្ពាន ដែលមានប្រវែងសរុប ៩៣.៣០ គីឡូម៉ែត្រ៕ ដោយ៖ ប៉ៃ សុឃីម

## Published fields

- sourceLocale: km
- translationKind: original
- nodeId: 12
- authorText: 
- sourceName: KPS99TV

## References


