{"asset":"news","key":"5384","locale":"km","id":"news:5384:km","entityId":"news:5384","canonicalUrl":"https://www.kps-tv.com/km/news/detail/5384","state":"ready","title":"ក្រចេះត្រៀមរៀបចំបុណ្យទន្លេលើកទី១០ ថ្ងៃទី២៧–២៩ ខែមីនា","summary":"រដ្ឋមន្ត្រី ហួត ហាក់ និងអភិបាលខេត្ត វ៉ា ថន បានពិនិត្យការត្រៀមនៅថ្ងៃទី៧ ខែមីនា សម្រាប់ពិព័រណ៍ សិល្បៈ និងកីឡា។","body":"ខេត្តក្រចេះ៖ ព្រឹត្តិការណ៍ បុណ្យទន្លេលើកទី១០ ឆ្នាំ២០២៦ ដែលនឹងប្រារព្ធឡើងនៅខេត្តក្រចេះ បានបង្ហាញពីសក្តានុពលទេសចរណ៍ធម្មជាតិ វប្បធម៌ និងរបៀបរស់នៅរបស់ប្រជាពលរដ្ឋតាមដងទន្លេមេគង្គ ដែលជាធនធានដ៏មានតម្លៃសម្រាប់ការអភិវឌ្ឍវិស័យទេសចរណ៍ និងសេដ្ឋកិច្ចមូលដ្ឋាន។\nកាលពីថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មការអន្តរក្រសួងរៀបចំបុណ្យទន្លេលើកទី១០ ឆ្នាំ២០២៦ រួមជាមួយឯកឧត្តម វ៉ា ថន អភិបាលខេត្តក្រចេះ បានដឹកនាំក្រុមការងារចុះពិនិត្យទីតាំងត្រៀមរៀបចំព្រឹត្តិការណ៍ នៅតាមបណ្តោយមាត់ទន្លេក្នុងក្រុងក្រចេះ។ ព្រឹត្តិការណ៍នេះនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២៧ ដល់ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៦ ក្រោមប្រធានបទ «ទន្លេបៃតង បេតិកភណ្ឌវប្បធម៌ និងធម្មជាតិមហាសាល»។\nក្នុងឱកាសចុះពិនិត្យការរៀបចំ ឯកឧត្តមរដ្ឋមន្ត្រីបានគូសបញ្ជាក់ថា ព្រឹត្តិការណ៍បុណ្យទន្លេឆ្នាំនេះ នឹងផ្តល់ឱកាសឱ្យភ្ញៀវទេសចរជាតិ និងអន្តរជាតិចូលរួមកម្សាន្តជាមួយសកម្មភាពជាច្រើន ដូចជា ការតាំងពិព័រណ៍ផលិតផលក្នុងស្រុក ការសម្តែងសិល្បៈវប្បធម៌ប្រពៃណី ការប្រកួតកីឡា និងកម្មវិធីកម្សាន្តប្លែកៗជាច្រើនទៀត។ កម្មវិធីទាំងនេះត្រូវបានរៀបចំឡើង ដើម្បីផ្សព្វផ្សាយសម្រស់ទេសភាព និងសក្តានុពលទេសចរណ៍របស់ខេត្តក្រចេះឱ្យកាន់តែទូលំទូលាយ។\nឯកឧត្តមបានបន្ថែមថា បុណ្យទន្លេ គឺជាព្រឹត្តិការណ៍ទេសចរណ៍ដ៏សំខាន់មួយសម្រាប់កម្ពុជា ដែលមិនត្រឹមតែជួយលើកកម្ពស់ការផ្សព្វផ្សាយសក្តានុពលទេសចរណ៍នៃបណ្តាខេត្តជាប់ដងទន្លេប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងគាំទ្រដល់គោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍតំបន់តាមដងទន្លេឱ្យមានភាពនិរន្តរភាព និងទទួលខុសត្រូវ។\nបន្ថែមពីនេះ ព្រឹត្តិការណ៍បុណ្យទន្លេក៏បានផ្តល់អត្ថប្រយោជន៍យ៉ាងច្រើនទាំងផ្នែកសង្គម និងសេដ្ឋកិច្ច ដោយរួមមាន៖\nការបង្ហាញពីសាមគ្គីភាព និងកិច្ចសហការរបស់តួអង្គពាក់ព័ន្ធទាំងអស់ តាមអភិក្រម “ជវភាពនៃប្រព័ន្ធតួអង្គតែមួយ”\n\nការជំរុញការអភិវឌ្ឍ និងកំណើនសេដ្ឋកិច្ចក្នុងតំបន់\n\nការលើកកម្ពស់ការអភិវឌ្ឍបៃតង ដែលផ្តោតលើការអភិរក្សធនធានវប្បធម៌ ធម្មជាតិ និងបរិស្ថាន\n\nការបង្កើនការយល់ដឹង និងការអប់រំសាធារណៈ\n\nការលើកកម្ពស់វិស័យទេសចរណ៍ តាមរយៈព្រឹត្តិការណ៍ទេសចរណ៍ធំៗ។\n\nព្រឹត្តិការណ៍បុណ្យទន្លេបានក្លាយជាវេទិកាសំខាន់មួយ ក្នុងការភ្ជាប់សហគមន៍តាមដងទន្លេជាមួយការអភិវឌ្ឍទេសចរណ៍ និងការអភិរក្សធនធានធម្មជាតិ ខណៈដែលខេត្តក្រចេះ ត្រូវបានគេចាត់ទុកថា ជាតំបន់មានសក្តានុពលខ្ពស់ផ្នែកទេសចរណ៍ធម្មជាតិ ជាពិសេសទេសភាពទន្លេមេគង្គ និងជីវភាពប្រជាពលរដ្ឋតាមដងទន្លេ ដែលជាអត្តសញ្ញាណពិសេសមួយរបស់តំបន់នេះ៕\nដោយ៖ KPS99TV","contentScope":"full","proof":{"publishedSourceRevision":"1","publishedWorkingVersionId":"14724","languageVersionId":"10001","visibilityVersion":"2","versionToken":"a1.J4gq4gKMUqgO0pgm7Ho651VzYBMX_Czu8vdz3M64SQU"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":"KPS99TV"},"references":[],"links":[],"publishedAt":"2026-03-10T04:07:18Z"}