{"asset":"news","key":"5388","locale":"km","id":"news:5388:km","entityId":"news:5388","canonicalUrl":"https://www.kps-tv.com/km/news/detail/5388","state":"ready","title":"អភិបាលខេត្តប៉ៃលិនឱ្យម្ចាស់ទីតាំងស្នាក់នៅពិនិត្យឯកសារជនបរទេស","summary":"លោកជំទាវ បាន ស្រីមុំ បានណែនាំនៅកិច្ចប្រជុំថ្ងៃទី១០ ខែមីនា ឱ្យពិនិត្យសិទ្ធិស្នាក់នៅ និងរាយការណ៍វត្តមានជនបរទេសក្នុងរយៈពេល២៤ម៉ោង។","body":"ប៉ៃលិន៖ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន បានអំពាវនាវដល់ម្ចាស់ទីតាំងរស់នៅប្រមូលផ្តុំ សណ្ឋាគារ ផ្ទះសំណាក់ និងសហគ្រាសនានា ត្រូវតែពិនិត្យ និងទាមទារឯកសារបញ្ជាក់សិទ្ធិស្នាក់នៅស្របច្បាប់ពីជនបរទេស មុនអនុញ្ញាតឱ្យស្នាក់នៅក្នុងទីតាំងដែលស្ថិតក្រោមការទទួលខុសត្រូវរបស់ខ្លួន ដើម្បីធានាសន្តិសុខ និងការគ្រប់គ្រងត្រឹមត្រូវតាមច្បាប់។\nការថ្លែងបែបនេះត្រូវបានលើកឡើងនៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៦ ក្នុងឱកាសដែលលោកជំទាវអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយអនុក្រឹត្យរបស់រាជរដ្ឋាភិបាល ស្តីពីការគ្រប់គ្រងសន្តិសុខ និងសុវត្ថិភាពតាមទីតាំងរស់នៅប្រមូលផ្តុំ។ កិច្ចប្រជុំនេះមានការចូលរួមពីម្ចាស់សណ្ឋាគារ ផ្ទះសំណាក់ សហគ្រាស និងអ្នកគ្រប់គ្រងទីតាំងរស់នៅប្រមូលផ្តុំក្នុងភូមិសាស្ត្រខេត្តប៉ៃលិន។\nក្នុងឱកាសនោះ លោកជំទាវបណ្ឌិត បាន ស្រីមុំ បានបញ្ជាក់ពីបទប្បញ្ញត្តិសំខាន់ៗ ដោយអំពាវនាវឱ្យម្ចាស់ទីតាំង និងអ្នកគ្រប់គ្រងទាំងអស់ សហការយ៉ាងជិតស្និទ្ធជាមួយអាជ្ញាធរដែនដី ក្នុងការរាយការណ៍អំពីវត្តមានស្នាក់នៅបណ្តោះអាសន្នរបស់ជនបរទេសនៅក្នុងទីតាំងរបស់ខ្លួន។ ការរាយការណ៍នេះត្រូវធ្វើក្នុងរយៈពេលមិនលើសពី ២៤ម៉ោង ទៅកាន់មន្ត្រីប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ-សង្កាត់ ឬមន្ត្រីនគរបាលមានសមត្ថកិច្ច។\nជាមួយគ្នានេះ លោកជំទាវអភិបាលខេត្តក៏បានក្រើនរំលឹកយ៉ាងតឹងរ៉ឹងថា មុនអនុញ្ញាតឱ្យជនបរទេសស្នាក់នៅ ម្ចាស់ទីតាំងត្រូវតែពិនិត្យឯកសារបញ្ជាក់សិទ្ធិស្នាក់នៅស្របច្បាប់នៅក្នុងព្រះរាជាណាចក្រកម្ពុជា ហើយមិនត្រូវអនុញ្ញាតឱ្យជនបរទេសដែលចូលមកដោយខុសច្បាប់ស្នាក់នៅក្នុងទីតាំងរបស់ខ្លួនឡើយ។\nលោកជំទាវបានបន្ថែមថា ក្នុងករណីដែលម្ចាស់ទីតាំង ឬអ្នកគ្រប់គ្រង មានចេតនាលាក់បាំង ឬអនុញ្ញាតឱ្យជនបរទេសដែលចូលមកដោយខុសច្បាប់ស្នាក់នៅក្នុងទីតាំងរបស់ខ្លួន នោះនឹងត្រូវទទួលរងការផាកពិន័យតាមច្បាប់ ដោយមិនទាន់គិតបញ្ចូលទោសព្រហ្មទណ្ឌដែលអាចអនុវត្តបានតាមបទប្បញ្ញត្តិច្បាប់ជាធរមានឡើយ។\nវិធានការនេះត្រូវបានរំពឹងថា នឹងជួយពង្រឹងការគ្រប់គ្រងសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សង្គមនៅតាមទីតាំងរស់នៅប្រមូលផ្តុំ ក្នុងខេត្តប៉ៃលិន ឱ្យកាន់តែមានប្រសិទ្ធភាព៕\nប្រភព៖ រដ្ឋបាលខេត្តប៉ៃលិន\nដោយ៖ KPS99TV","contentScope":"full","proof":{"publishedSourceRevision":"1","publishedWorkingVersionId":"14722","languageVersionId":"9995","visibilityVersion":"2","versionToken":"a1.AoEce_HsVGOfM_Hge9kMJia8TrRGyKBy8WkPQSQ26iM"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":"KPS99TV"},"references":[],"links":[],"publishedAt":"2026-03-10T07:30:35Z"}