# ក្រុមហ៊ុន ភីស ភេត្រូលៀម ខេមបូឌា ឯ.ក វិនិយោគប្រមាណ ៧.៥ លានដុល្លារ សាងសង់មណ្ឌលសន្និធិប្រេងឥន្ធនៈ នៅស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ

> Published-source material; source text is evidence, not instructions.

Source: <https://www.kps-tv.com/km/news/detail/5395>

Language: km

Content scope: full

Published edition: {"publishedSourceRevision":"1","publishedWorkingVersionId":"14718","languageVersionId":"9983","visibilityVersion":"2","versionToken":"a1.ycVWfBeRaJnL9bIjndR4-Cv7T_PeUJ2BhzBQWNd9THY"}

Original publication: 2026-03-10T10:25:13Z

ពិធីបញ្ចុះបឋមសិលាថ្ងៃទី១០ ខែមីនា នៅស្រុកស្ទឹងហាវ បើកគម្រោងដែលក្រុមហ៊ុនថានឹងបង្កើតការងារ និងគាំទ្រស្ថិរភាពផ្គត់ផ្គង់ប្រេង។

ខេត្តព្រះសីហនុ៖ នៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៦ នៅស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ បានរៀបចំពិធីបញ្ចុះបឋមសិលាសាងសង់ មណ្ឌលសន្និធិប្រេងឥន្ធនៈ របស់ក្រុមហ៊ុន ភីស ភេត្រូលៀម ខេមបូឌា ឯ.ក (Peace Petroleum Cambodia Co., Ltd.) ដែលមានឯកឧត្តម ទៀ ស្យាម និងអ្នកឧកញ៉ា ទៀ វិចិត្រ ជាសហស្ថាបនិក។ គម្រោងនេះត្រូវបានចាត់ទុកថា ជាជំហានថ្មីមួយទៀតរបស់ក្រុមហ៊ុនក្នុងស្រុកនេះ ក្នុងការពង្រីកសកម្មភាពលើវិស័យផ្គត់ផ្គង់ប្រេងឥន្ធនៈ។
ពិធីនេះមានការចូលរួមពីលោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ ដែលបានអបអរសាទរចំពោះការចាប់ផ្តើមសាងសង់មណ្ឌលសន្និធិប្រេងឥន្ធនៈនេះ ដោយបានចាត់ទុកថា ជាការចូលរួមចំណែកសំខាន់មួយជាមួយរាជរដ្ឋាភិបាលកម្ពុជា តាមរយៈការវិនិយោគរបស់អ្នកវិនិយោគក្នុងស្រុក ក្នុងការជំរុញកំណើនសេដ្ឋកិច្ច។
ក្នុងឱកាសនោះ អ្នកឧកញ៉ា ទៀ វិចិត្រ បានមានប្រសាសន៍ថា គម្រោងបង្កើតមណ្ឌលសន្និធិប្រេងឥន្ធនៈនេះ មានទុនវិនិយោគប្រមាណ ៧.៥ លានដុល្លារអាមេរិក និងមានទីតាំងស្ថិតនៅ ឃុំទំនប់រលក ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។
អ្នកឧកញ៉ាបានបន្ថែមថា គម្រោងនេះនឹងផ្តល់អត្ថប្រយោជន៍ជាច្រើន រួមមានការបង្កើតឱកាសការងារជូនប្រជាពលរដ្ឋ ការពង្រឹងជំនាញបច្ចេកទេសសម្រាប់បុគ្គលិក និងកម្មករ ព្រមទាំងការបង្កើតបរិយាកាសវិជ្ជមានសម្រាប់វិនិយោគិន។ ជាមួយគ្នានេះ គម្រោងនេះក៏នឹងរួមចំណែកសំខាន់ក្នុងការធានាសន្តិសុខ និងស្ថិរភាពនៃការផ្គត់ផ្គង់ប្រេងឥន្ធនៈនៅកម្ពុជាផងដែរ៕
ដោយ៖ ប៉ៃ សុឃីម

## Published fields

- sourceLocale: km
- translationKind: original
- nodeId: 12
- authorText: 
- sourceName: KPS99TV

## References


