{"asset":"news","key":"5398","locale":"km","id":"news:5398:km","entityId":"news:5398","canonicalUrl":"https://www.kps-tv.com/km/news/detail/5398","state":"ready","title":"អាជ្ញាធរខេត្តព្រះសីហនុប្រជុំបន្ទាន់ជាមួយតំណាងកាស៊ីណូ សណ្ឋាគារ និងខុនដូ៥១ទីតាំង","summary":"កិច្ចប្រជុំថ្ងៃទី១០ ខែមីនាស្នើព័ត៌មានបុគ្គលិក និងភ្ញៀវពីកាស៊ីណូ សណ្ឋាគារ និងខុនដូ ហើយរំលឹកការចុះបញ្ជីជនបរទេស និងកាតព្វកិច្ចតាមច្បាប់។","body":"រដ្ឋបាលខេត្តព្រះសីហនុ នៅរសៀលថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៦ បានកោះប្រជុំបន្ទាន់ជាមួយតំណាងកាស៊ីណូ សណ្ឋាគារ និងខុនដូចំនួន ៥១ទីតាំង ដើម្បីប្រកាសកំណត់អត្តសញ្ញាណនៃចំនួនបុគ្គលិកធ្វើការទាំងខ្មែរ និងជនបរទេស ក្នុងគោលបំណងគ្រប់គ្រងអត្តសញ្ញាណជនបរទេសក្នុងការឈានទៅបោសសម្អាតការឆបោកតាមប្រព័ន្ធអនឡាញ។\nកិច្ចប្រជុំដឹកនាំដោយលោក មីន កុម្ភៈ អភិបាលរងខេត្តព្រះសីហនុ នឹងបានធ្វើឡើង១ថ្ងៃបន្ទាប់ពីកម្លាំងនគរបាលឆ្មក់ចូលបង្ក្រាបទីតាំងបង្គប់ក្រុមឧក្រិដ្ឋជនឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ឬហៅថា «Scam Online» ១កន្លែង នៅក្រុងកំពង់សោម ដោយឃាត់ខ្លួនបានជនបរទេស៧៧នាក់ និងដកហូតវត្ថុតាងកុំព្យូទ័រ ៧៧គ្រឿង និងទូរស័ព្ទមួយចំនួន។\nលោក មីន កុម្ភៈ បានពន្យល់ថា ប្រទេសកម្ពុជា ក៏ដូចជាខេត្តព្រះសីហនុកំពុងធ្វើយុទ្ធនាការក្តៅរឹតបន្តឹងត្រួតពិនិត្យរាល់បណ្តាកាស៊ីណូ សណ្ឋាគារ និងខុនដូ ក្នុងការបោសសម្អាតការឆបោកតាមប្រព័ន្ធអនឡាញ។ ចំណែក ការយកទិន្នន័យចំនួនតួរលេខនិងអត្តសញ្ញាណបុគ្គលិកធ្វើការទាំងខ្មែរ និងជនបរទេស ព្រមទាំងភ្ញៀវដែលស្នាក់នៅនេះ លោកបានលើកឡើងថា មិនមែនយកមកកៀបសង្កត់នោះទេ ប៉ុន្តែជាការកំណត់អត្តសញ្ញាណជនបរទេស ព្រោះជនបរទេសដែលគ្មានឯកសារត្រឹមត្រូវមួយចំនួនពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។ ដូច្នេះ លោកអភិបាលរងខេត្ត ព្រមានថា សូមផ្តល់ឯកសារឱ្យបានលឿនរហ័ស ក្នុងករណីមន្រ្តីជំនាញចុះឆែកទីតាំង ហើយរកឃើញជនបរទេសស្នាក់នៅធ្វើការខុសច្បាប់ នោះម្ចាស់ទីតាំងនឹងរងការផាកពិន័យតាមអនុក្រឹត្យលេខ០៣របស់រាជរដ្ឋាភិបាល។\nចំណែក តំណាងស្នងការដ្ឋាននគរបាលខេត្ត បានក្រើនរំលឹកម្ចាស់ទីតាំងលំនៅឋានដែលប្រមូលផ្តុំឱ្យភ្ជាប់ប្រព័ន្ធ FPCS ឱ្យបានត្រឹមត្រូវ ដើម្បីបញ្ចូលទិន្នន័យ និងគ្រប់គ្រងជនបរទេស។ ករណីម្ចាស់ទីតាំងប្រមូលផ្តុំ មិនទាន់ភ្ជាប់ប្រព័ន្ធ FPCS ហើយមន្រ្តីជំនាញចុះទៅទីតាំងឆែកឆេររកឃើញជនបរទេសស្នាក់នៅគ្មានឯកសារត្រឹមត្រូវ នោះម្ចាស់ទីតាំងនឹងរងការផាកពិន័យក្នុងម្នាក់ ៤លានរៀល៕ តាមមាត្រា២០នៃអនុក្រឹត្យលេខ០៣ ចុះថ្ងៃទី៥ ខែមករា ឆ្នាំ២០២៦ ការពិន័យ៤លានរៀលក្នុងជនបរទេសម្នាក់នេះ ចំពោះម្ចាស់ ឬអ្នកគ្រប់គ្រងដែលមានចេតនាលាក់បាំង និងអនុញ្ញាតឱ្យជនបរទេសចូលមកក្នុងកម្ពុជាដោយខុសច្បាប់ស្នាក់នៅក្នុងទីតាំងក្រោមការទទួលខុសត្រូវរបស់ខ្លួន ដោយមិនទាន់គិតដល់ទោសព្រហ្មទណ្ឌតាមច្បាប់ជាធរមាន។\nដោយ៖ ង៉ែត ពិសាន្ត","contentScope":"full","proof":{"publishedSourceRevision":"1","publishedWorkingVersionId":"14715","languageVersionId":"9974","visibilityVersion":"2","versionToken":"a1.GGvBBdxHCqdTkoensigPxjbLkZjpb8EAnqimcrj4IzQ"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":"KPS99TV"},"references":[],"links":[],"publishedAt":"2026-03-10T11:14:25Z"}