{"asset":"news","key":"5424","locale":"km","id":"news:5424:km","entityId":"news:5424","canonicalUrl":"https://www.kps-tv.com/km/news/detail/5424","state":"ready","title":"អ្នកសារព័ត៌មានអន្តរជាតិ២០រូបយកព័ត៌មានពីប្រតិបត្តិការប្រឆាំងឆបោកនៅភ្នំពេញ","summary":"របាយការណ៍ថា ប្រតិបត្តិការថ្ងៃទី១០ ខែមីនា នៅខុនដូហ្គោលឌិន វ័ន បានឃាត់ខ្លួនជនសង្ស័យ៦៥នាក់ និងដកហូតឧបករណ៍ ខណៈអ្នកសារព័ត៌មានអន្តរជាតិបានចុះយកព័ត៌មាន។","body":"ភ្នំពេញ៖ អ្នកសារព័ត៌មានអន្តរជាតិចំនួន២០រូប មកពីស្ថាប័នព័ត៌មានល្បីៗលើពិភពលោក បានចុះយកព័ត៌មាន និងផ្ដិតយករូបភាពផ្ទាល់ពីប្រតិបត្តិការបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam) នៅទីតាំងមួយក្នុងរាជធានីភ្នំពេញ កាលពីថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៦។\nអ្នកសារព័ត៌មានទាំងនេះ មកពីស្ថាប័នព័ត៌មានអន្តរជាតិធំៗ ដូចជា Associated Press (AP), Agence France-Presse (AFP), Reuters, Phoenix Satellite TV, Nippon Media របស់ប្រទេសជប៉ុន និង European Pressphoto Agency (EPA) ដែលបានចុះទៅកាន់ទីតាំងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដើម្បីរាយការណ៍ពីប្រតិបត្តិការបង្ក្រាបជាក់ស្តែងរបស់អាជ្ញាធរកម្ពុជា។\nទីតាំងដែលត្រូវបានបង្ក្រាប ស្ថិតនៅក្នុងខុនដូ “ហ្គោលឌិន វ័ន” អគារលេខ៤១ ជាន់ទី៣០ លើផ្លូវលេខ៣៦០ សង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។ ប្រភពពីលេខាធិការដ្ឋានគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (គ.ប.ឆ.ប.) បានឱ្យដឹងថា ករណីនេះត្រូវបានសមត្ថកិច្ចដាក់ពេលវេលាស្រាវជ្រាវអស់រយៈពេលមួយរយៈ បន្ទាប់ពីសង្ស័យថាមានសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដែលចាប់ផ្តើមដំណើរការតាំងពីពាក់កណ្តាលខែមករា ឆ្នាំ២០២៦។\nបន្ទាប់ពីការស្រាវជ្រាវយ៉ាងម៉ត់ចត់ សមត្ថកិច្ចជំនាញបានចុះបង្ក្រាបទីតាំងនេះ កាលពីយប់ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៦ ដោយឃាត់ខ្លួនជនសង្ស័យសរុបចំនួន ៦៥នាក់ ក្នុងនោះមានស្ត្រី ២៧នាក់ ដែលរួមមានជនជាតិចិន និងជនជាតិខ្មែរ។ ជាមួយគ្នានេះ សមត្ថកិច្ចបានដកហូតវត្ថុតាងជាច្រើន រួមមានកុំព្យូទ័រ All-in-One ចំនួន ៨៩គ្រឿង, ម៉ូនីទ័រ ១គ្រឿង, CPU ១គ្រឿង និងទូរស័ព្ទដៃចំនួន ៣៨៤គ្រឿង ដែលត្រូវបានប្រើប្រាស់ក្នុងសកម្មភាពឆបោក។\nប្រតិបត្តិការនេះត្រូវបានអនុវត្តក្រោមបញ្ជាផ្ទាល់ពីឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងឯកឧត្តមឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ស្នងការនគរបាលរាជធានីភ្នំពេញ ដោយមានការចូលរួមពីកម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងអាជ្ញាធរខណ្ឌបឹងកេងកង ក្រោមការសម្របសម្រួលផ្នែកនីតិវិធីច្បាប់ពីលោក សេង ហៀង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។\nតាមការសន្និដ្ឋានបឋម សមត្ថកិច្ចបានរកឃើញថា ក្រុមជនសង្ស័យបានប្រើប្រាស់ទីតាំងនៅក្នុងប្រទេសកម្ពុជា ដើម្បីប្រព្រឹត្តអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ទៅកាន់ប្រទេសផ្សេងៗ តាមរយៈការលួងលោមជនរងគ្រោះឱ្យវិនិយោគក្នុងគម្រោងក្លែងក្លាយ និងការបោកបញ្ឆោតក្នុងទំនាក់ទំនងស្នេហាតាមអនឡាញ។\nបច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាងទាំងអស់ ត្រូវបានប្រគល់ឱ្យសមត្ថកិច្ចជំនាញ ដើម្បីបន្តអនុវត្តនីតិវិធីច្បាប់ និងពង្រីកការស្រាវជ្រាវស្វែងរកមេខ្លោងពាក់ព័ន្ធ។\nគួរបញ្ជាក់ថា ចាប់ពីខែមករា រហូតដល់ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៦ សមត្ថកិច្ចនៃគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ បានបើកប្រតិបត្តិការបង្ក្រាបបទល្មើស Online Scam សរុបចំនួន ៦៥ករណី ដោយឃាត់ខ្លួនជនសង្ស័យបានចំនួន ៨៨៧នាក់ ក្នុងនោះស្ត្រី ២៣៣នាក់។ ក្នុងចំណោមនេះ មានជនបរទេសចំនួន ៥៥៦នាក់ មកពី ១៦សញ្ជាតិផ្សេងគ្នា។\nជាមួយគ្នានេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់ក្នុងការបោសសម្អាតបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ឱ្យអស់ពីប្រទេសកម្ពុជា ត្រឹមខែមេសា ឆ្នាំ២០២៦ ដោយបញ្ជាក់ថា កម្ពុជាមិនមែនជាទីកន្លែងសម្រាប់ឧក្រិដ្ឋជនបច្ចេកវិទ្យា ឬសកម្មភាពឧក្រិដ្ឋកម្មឆ្លងដែនឡើយ ហើយបុគ្គលណាដែលពាក់ព័ន្ធនឹងសកម្មភាពទាំងនេះ នឹងត្រូវប្រឈមមុខនឹងវិធានការច្បាប់យ៉ាងតឹងរឹង ដោយគ្មានការលើកលែង។ ដោយ៖ KPS99TV","contentScope":"full","proof":{"publishedSourceRevision":"1","publishedWorkingVersionId":"14697","languageVersionId":"9920","visibilityVersion":"2","versionToken":"a1.Pw-6v1OKf5OaBVhWUPC9ziNsDSVIOwy8IPdbPNCF3qQ"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":"KPS99TV"},"references":[],"links":[],"publishedAt":"2026-03-12T02:33:49Z"}