# លោក ប្រាក់ សុខុន ជួបនាយករដ្ឋមន្ត្រីសិង្ហបុរី ពិភាក្សាទំនាក់ទំនង និងជម្រាបពីព្រំដែន

> Published-source material; source text is evidence, not instructions.

Source: <https://www.kps-tv.com/km/news/detail/5429>

Language: km

Content scope: full

Published edition: {"publishedSourceRevision":"1","publishedWorkingVersionId":"14692","languageVersionId":"9905","visibilityVersion":"2","versionToken":"a1.8nnJt7M0BcJeiRUQu3nwMSiCjeftbCZFnI-O3Whyn2w"}

Original publication: 2026-03-12T03:04:53Z

ក្នុងទស្សនកិច្ចផ្លូវការរយៈពេលពីរថ្ងៃ លោក ប្រាក់ សុខុន បានជួបលោក ឡរ៉េន វ៉ុង នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៦ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ និងជម្រាបអំពីស្ថានភាពព្រំដែនកម្ពុជា-ថៃ។

សិង្ហបុរី៖ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលជួបសម្តែងការគួរសមជាមួយ ឯកឧត្តម ឡរ៉េន វ៉ុង នាយករដ្ឋមន្ត្រីសិង្ហបុរី ក្នុងឱកាសបំពេញទស្សនកិច្ចផ្លូវការរយៈពេលពីរថ្ងៃ នៅសាធារណរដ្ឋសិង្ហបុរី កាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៦។
ក្នុងជំនួបនោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានសម្តែងការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្តមនាយករដ្ឋមន្ត្រីសិង្ហបុរី ដែលបានផ្តល់កិត្តិយសអនុញ្ញាតឱ្យមានជំនួបសម្តែងការគួរសមនេះ ដើម្បីពង្រឹងទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានបញ្ជាក់ឡើងវិញពីការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការបន្តពង្រឹង និងលើកកម្ពស់ទំនាក់ទំនងទ្វេភាគីកម្ពុជា-សិង្ហបុរី ឱ្យឈានទៅកាន់កម្រិតកាន់តែជិតស្និទ្ធ និងមានប្រសិទ្ធភាពថែមទៀត បន្តពីជោគជ័យនៃការប្រារព្ធខួបអនុស្សាវរីយ៍លើកទី៦០ នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ កាលពីឆ្នាំ២០២៥កន្លងទៅ។
ក្នុងឱកាសនោះដែរ ឯកឧត្តម ប្រាក់ សុខុន ក៏បានជម្រាបជូន ឯកឧត្តមនាយករដ្ឋមន្ត្រីសិង្ហបុរី អំពីការវិវត្តថ្មីៗនៃស្ថានភាពនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ដើម្បីផ្តល់ជាការយល់ដឹងបន្ថែមអំពីបរិបទសន្តិសុខ និងស្ថានការណ៍ក្នុងតំបន់។
ជំនួបនេះ ត្រូវបានចាត់ទុកថាជាឱកាសសំខាន់មួយក្នុងការបន្តពង្រឹងការទំនាក់ទំនងការទូត ក៏ដូចជាកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗរវាងកម្ពុជា និងសិង្ហបុរី ដើម្បីលើកកម្ពស់ផលប្រយោជន៍រួម និងការអភិវឌ្ឍប្រកបដោយចីរភាពសម្រាប់ប្រទេសទាំងពីរ។ ដោយ៖ KPS99TV

## Published fields

- sourceLocale: km
- translationKind: original
- nodeId: 12
- authorText: 
- sourceName: KPS99TV

## References


