{"asset":"news","key":"5452","locale":"km","id":"news:5452:km","entityId":"news:5452","canonicalUrl":"https://www.kps-tv.com/km/news/detail/5452","state":"ready","title":"ស្ពានបេតុងដំរីផុងបើកការដ្ឋាននៅកំពត រំពឹងផ្តល់ផលដល់២៨៨០គ្រួសារ","summary":"ពិធីថ្ងៃទី១២ ខែមីនាបើកសាងសង់ស្ពានប្រវែង៦០ម៉ែត្រ ទទឹង៨ម៉ែត្រ ដែលគ្រោងបញ្ចប់ក្នុង៤ខែ។","body":"ស្ពានបេតុងដំរីផុងត្រូវបានបើកការដ្ឋានសាងសង់ ដោយស្ពាននេះឆ្លងកាត់៣ឃុំក្នុងស្រុកទឹកឈូ ខេត្តកំពត មានចំនួនគ្រួសារ ២,៨៨០គ្រួសារ។ ជាសមិទ្ធផលដ៏ថ្លៃថ្លាពីរាជរដ្ឋាភិបាលកម្ពុជា ក្រោយស្ពានបេតុងនេះសាងសង់រួចនឹងបង្កើនភាពងាយស្រួលក្នុងការធ្វើដំណើរ ក៏ដូចជាដឹកជញ្ជូនកសិផលទៅកាន់ទីផ្សារ។\nឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត និងឯកឧត្តម នួន ដាញ៉ិល រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ នៅព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៦ បានអញ្ជើញជាគណៈធិបតីក្នុងពិធីបើកការដ្ឋានសាងសង់ស្ពានបេតុងដំរីផុង ដែលស្ថិតនៅផ្ទាល់លើភូមិសាស្រ្តព្រំប្រទល់រវាងឃុំស្ទឹងកែវ និងឃុំថ្មីនៃស្រុកទឹកឈូ ខេត្តកំពត។\nមានប្រសាសន៍នាឱកាសនោះ ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត បានលើកឡើងថា រាជរដ្ឋាភិបាលក្រោមការដឹកនាំ របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា សម្តេចតែងតែគិតគូរ និងយកចិត្តទុកដាក់ជានិច្ចចំពោះសុខទុក្ខ ក៏ដូចជាតម្រូវការរបស់ប្រជាពលរដ្ឋ ពិសេសការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនៅតាមទីជនបទ និងទីដាច់ស្រយាលនានាដើម្បីបង្ករភាពងាយស្រួលក្នុងការធ្វើដំណើរ ក៏ដូចជាការដឹកជញ្ជូនផលិតផលផ្សេងៗរបស់ពលរដ្ឋ។ ជាក់ស្តែងដោយមើលឃើញពីតម្រូវការចាំបាច់ ក៏ដូចជាការលំបាករបស់ប្រជាពលរដ្ឋដែលធ្វើដំណើរ និងដឹកកសិផលទៅកាន់ទីផ្សារឆ្លងកាត់ស្ពានដំរីផុង ដែលនេះបានបង្ហាញឱ្យឃើញយ៉ាងច្បាស់ពីការគិតគូរ និងយកចិត្តទុកដាក់ខ្ពស់របស់ប្រមុខរាជរដ្ឋាភិបាលចំពោះប្រជាពលរដ្ឋ។\nនាឱកាសនោះ ឯកឧត្តម នួន ដាញ៉ិល រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ បានបញ្ជាក់ថា ស្ពានបេតុងដំរីផុង ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចធិបតីនាយករដ្ឋមន្ត្រី ដែលបើកការដ្ឋានសាងសង់នាពេលនេះ មានប្រវែង ៦០ម៉ែត្រ  ទទឹង ៨ម៉ែត្រ រួមជាមួយនឹងផ្លូវបេតុងអមសងខាងក្បាលស្ពានប្រវែងសរុប ២០០ម៉ែត្រ  ទទឹង ៧ម៉ែត្រ កម្រាស់០.២ម៉ែត្រ។\nឯកឧត្តម រដ្ឋលេខាធិការបានបញ្ជាក់ថា ស្ពានបេតុងនេះគឺទទួលការសាងសង់ដោយបញ្ជាការដ្ឋានវិស្វកម្មកងទ័ពជើងគោក ហើយបើតាមការគ្រោងទុកស្ពាននេះនឹងសាងសង់រួចរាល់ក្នុងរយៈពេល ៤ខែ។\nឯកឧត្តមបានបន្ថែមថា សមិទ្ធផលថ្មីនេះក្រោយការសាងសង់រួចនឹងឆ្លើយតបនូវផលប្រយោជន៍ជាពហុបំណង     និងប្រកបដោយសក្តានុពលដែលប្រជាពលរដ្ឋបានទន្ទឹងរង់ចាំអស់រយៈពេលជាច្រើនឆ្នាំកន្លងមក៕ ដោយ៖ ប៉ៃ សុឃីម","contentScope":"full","proof":{"publishedSourceRevision":"1","publishedWorkingVersionId":"14680","languageVersionId":"9869","visibilityVersion":"2","versionToken":"a1.8ubGNhbXhE1dDLPJ2SlEYYXYXLVeaQI5gaeA5FM_bX4"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":"KPS99TV"},"references":[],"links":[],"publishedAt":"2026-03-12T10:23:24Z"}