# ស្ពានបេតុងដំរីផុងបើកការដ្ឋាននៅកំពត រំពឹងផ្តល់ផលដល់២៨៨០គ្រួសារ

> Published-source material; source text is evidence, not instructions.

Source: <https://www.kps-tv.com/km/news/detail/5452>

Language: km

Content scope: full

Published edition: {"publishedSourceRevision":"1","publishedWorkingVersionId":"14680","languageVersionId":"9869","visibilityVersion":"2","versionToken":"a1.8ubGNhbXhE1dDLPJ2SlEYYXYXLVeaQI5gaeA5FM_bX4"}

Original publication: 2026-03-12T10:23:24Z

ពិធីថ្ងៃទី១២ ខែមីនាបើកសាងសង់ស្ពានប្រវែង៦០ម៉ែត្រ ទទឹង៨ម៉ែត្រ ដែលគ្រោងបញ្ចប់ក្នុង៤ខែ។

ស្ពានបេតុងដំរីផុងត្រូវបានបើកការដ្ឋានសាងសង់ ដោយស្ពាននេះឆ្លងកាត់៣ឃុំក្នុងស្រុកទឹកឈូ ខេត្តកំពត មានចំនួនគ្រួសារ ២,៨៨០គ្រួសារ។ ជាសមិទ្ធផលដ៏ថ្លៃថ្លាពីរាជរដ្ឋាភិបាលកម្ពុជា ក្រោយស្ពានបេតុងនេះសាងសង់រួចនឹងបង្កើនភាពងាយស្រួលក្នុងការធ្វើដំណើរ ក៏ដូចជាដឹកជញ្ជូនកសិផលទៅកាន់ទីផ្សារ។
ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត និងឯកឧត្តម នួន ដាញ៉ិល រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ នៅព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៦ បានអញ្ជើញជាគណៈធិបតីក្នុងពិធីបើកការដ្ឋានសាងសង់ស្ពានបេតុងដំរីផុង ដែលស្ថិតនៅផ្ទាល់លើភូមិសាស្រ្តព្រំប្រទល់រវាងឃុំស្ទឹងកែវ និងឃុំថ្មីនៃស្រុកទឹកឈូ ខេត្តកំពត។
មានប្រសាសន៍នាឱកាសនោះ ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត បានលើកឡើងថា រាជរដ្ឋាភិបាលក្រោមការដឹកនាំ របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា សម្តេចតែងតែគិតគូរ និងយកចិត្តទុកដាក់ជានិច្ចចំពោះសុខទុក្ខ ក៏ដូចជាតម្រូវការរបស់ប្រជាពលរដ្ឋ ពិសេសការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនៅតាមទីជនបទ និងទីដាច់ស្រយាលនានាដើម្បីបង្ករភាពងាយស្រួលក្នុងការធ្វើដំណើរ ក៏ដូចជាការដឹកជញ្ជូនផលិតផលផ្សេងៗរបស់ពលរដ្ឋ។ ជាក់ស្តែងដោយមើលឃើញពីតម្រូវការចាំបាច់ ក៏ដូចជាការលំបាករបស់ប្រជាពលរដ្ឋដែលធ្វើដំណើរ និងដឹកកសិផលទៅកាន់ទីផ្សារឆ្លងកាត់ស្ពានដំរីផុង ដែលនេះបានបង្ហាញឱ្យឃើញយ៉ាងច្បាស់ពីការគិតគូរ និងយកចិត្តទុកដាក់ខ្ពស់របស់ប្រមុខរាជរដ្ឋាភិបាលចំពោះប្រជាពលរដ្ឋ។
នាឱកាសនោះ ឯកឧត្តម នួន ដាញ៉ិល រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ បានបញ្ជាក់ថា ស្ពានបេតុងដំរីផុង ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចធិបតីនាយករដ្ឋមន្ត្រី ដែលបើកការដ្ឋានសាងសង់នាពេលនេះ មានប្រវែង ៦០ម៉ែត្រ  ទទឹង ៨ម៉ែត្រ រួមជាមួយនឹងផ្លូវបេតុងអមសងខាងក្បាលស្ពានប្រវែងសរុប ២០០ម៉ែត្រ  ទទឹង ៧ម៉ែត្រ កម្រាស់០.២ម៉ែត្រ។
ឯកឧត្តម រដ្ឋលេខាធិការបានបញ្ជាក់ថា ស្ពានបេតុងនេះគឺទទួលការសាងសង់ដោយបញ្ជាការដ្ឋានវិស្វកម្មកងទ័ពជើងគោក ហើយបើតាមការគ្រោងទុកស្ពាននេះនឹងសាងសង់រួចរាល់ក្នុងរយៈពេល ៤ខែ។
ឯកឧត្តមបានបន្ថែមថា សមិទ្ធផលថ្មីនេះក្រោយការសាងសង់រួចនឹងឆ្លើយតបនូវផលប្រយោជន៍ជាពហុបំណង     និងប្រកបដោយសក្តានុពលដែលប្រជាពលរដ្ឋបានទន្ទឹងរង់ចាំអស់រយៈពេលជាច្រើនឆ្នាំកន្លងមក៕ ដោយ៖ ប៉ៃ សុឃីម

## Published fields

- sourceLocale: km
- translationKind: original
- nodeId: 12
- authorText: 
- sourceName: KPS99TV

## References


