{"asset":"news","key":"5454","locale":"km","id":"news:5454:km","entityId":"news:5454","canonicalUrl":"https://www.kps-tv.com/km/news/detail/5454","state":"ready","title":"រដ្ឋសម្រេចបង្កើតរដ្ឋបាលតំបន់សេដ្ឋកិច្ចពិសេស ហ្គ្រេន បូកគោ","summary":"រដ្ឋបាលតំបន់នៅខេត្តព្រះសីហនុទទួលការត្រួតពិនិត្យការចេញចូល និងសម្រួលបែបបទរដ្ឋបាល និងវិនិយោគ។","body":"រាជរដ្ឋាភិបាល តាមរយៈសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានចេញសេចក្តីសម្រេចបង្កើតរដ្ឋបាលតំបន់សេដ្ឋកិច្ចពិសេស ហ្គ្រេន បូកគោ ដែលមានទីតាំងស្ថិតនៅភូមិព្រែកទាល់ និងភូមិព្រែកសង្កែ ក្នុងឃុំទឹកថ្លា ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។\nតាមសេចក្តីសម្រេចរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ទើបទទួលបាននៅព្រឹកថ្ងៃទី១៣ ខែមីនា បានបញ្ជាក់ថា រដ្ឋបាលតំបន់សេដ្ឋកិច្ចពិសេស ហ្គ្រេន បូកគោ មានតំណាងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ឬគណៈកម្មាធិការវិនិយោគកម្ពុជា ជាប្រធាន និងមានសមាជិកចំនួន៤ក្រសួង-ស្ថាប័នផ្សេងទៀត។\nបើតាមសម្តេចធិបតីនាយករដ្ឋមន្រ្តីកម្ពុជា រដ្ឋបាលតំបន់សេដ្ឋកិច្ចពិសេស ហ្គ្រេន បូកគោ បង្កើតឡើងដើម្បីត្រួតពិនិត្យតាមមុខជំនាញសមត្ថកិច្ចចំពោះការចេញពី និងចូលមកនូវទំនិញ មធ្យោបាយ និងជនានុជនគ្រប់រូបរបស់តំបន់។ អនុវត្តការត្រួតពិនិត្យបែបបទគយ សម្រាប់ការចេញ-ចូលទំនិញ និងសម្រួលបែបបទរដ្ឋបាលដល់កិច្ចដំណើរការរបស់តំបន់ ជាមួយក្រសួង-ស្ថាប័ន មានសមត្ថកិច្ចជំនាញនានារបស់រាជរដ្ឋាភិបាល។ ត្រួតពិនិត្យការអនុវត្តការងាររបស់អ្នកអភិវឌ្ឍន៍តំបន់ និងអ្នកវិនិយោគក្នុងតំបន់លើរាល់សកម្មភាពនៅក្នុងតំបន់ ដោយផ្អែកតាមគោលការណ៍ដែលបានកំណត់។\nបន្ថែមពីនេះ ត្រូវពិនិត្យលើសំណើសុំចុះបញ្ជីវិនិយោគ ពិនិត្យផ្ដល់ជូននូវការលើកទឹកចិត្ត ការចេញលិខិតអនុញ្ញាត អាជ្ញាបណ្ណ វិញ្ញាបនបត្របញ្ជាក់ដើមកំណើតទំនិញ ដែលបានស្នើឡើងដោយអ្នកវិនិយោគក្នុងតំបន់ ដើម្បីធ្វើការសម្រេចជូននៅនឹងកន្លែង និងធ្វើការត្រួតពិនិត្យការងារសកម្មភាពតាមមុខជំនាញនៅក្នុងតំបន់។ យ៉ាងណា ត្រូវសហការជាមួយអ្នកអភិវឌ្ឍន៍តំបន់ ដោះស្រាយការងារដែលស្ថិតនៅក្នុងសមត្ថកិច្ចរបស់ខ្លួន។\nម៉្យាងវិញទៀត ត្រូវសម្រួលរាល់បែបបទដែលពាក់ព័ន្ធឱ្យបានឆាប់រហ័ស និងមានប្រសិទ្ធភាព ធ្វើរបាយការណ៍ការងារប្រចាំខែ ប្រចាំត្រីមាស ឆមាស និងឆ្នាំ ពីសកម្មភាពរបស់តំបន់ ជូនមកក្រសួង-ស្ថាប័នគ្រប់គ្រង និងគណៈកម្មាធិការវិនិយោគកម្ពុជា ធ្វើកិច្ចការផ្សេងៗទៀត ក្នុងការសម្របសម្រួលដោះស្រាយរាល់សំណើរបស់អ្នកវិនិយោគក្នុងតំបន់ ពាក់ព័ន្ធទៅនឹងបណ្តាក្រសួងស្ថាប័ននានារបស់រាជរដ្ឋាភិបាល៕\nដោយ៖ ង៉ែត ពិសាន្ត","contentScope":"full","proof":{"publishedSourceRevision":"1","publishedWorkingVersionId":"14679","languageVersionId":"9866","visibilityVersion":"2","versionToken":"a1.7ys6EXRD2m0gip1w0MpF14WyZhFNYLuE59dRhwVzPJc"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"1","authorText":"","sourceName":"KPS99TV"},"references":[],"links":[],"publishedAt":"2026-03-13T02:40:54Z"}