{"asset":"news","key":"5456","locale":"km","id":"news:5456:km","entityId":"news:5456","canonicalUrl":"https://www.kps-tv.com/km/news/detail/5456","state":"ready","title":"ក្រសួងពាណិជ្ជកម្មពិនិត្យទីតាំងប្រេងជិត២០០០កន្លែងដែលអះអាងអស់ស្តុក","summary":"រដ្ឋមន្ត្រីថានឹងពិនិត្យស្តុក និងរៀបរាប់ការទប់តម្លៃ ខណៈថ្ងៃទី១១–១៣ ខែមីនា សាំងធម្មតា៥២០០រៀល និងម៉ាស៊ូត៦០៥០រៀលក្នុងមួយលីត្រ។","body":"ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្មបានបង្ហាញថា មានស្ថានីយ៍ ដេប៉ូ និងអនុស្ថានីយ៍លក់រាយប្រេងឥន្ធនៈជិត ២.០០០កន្លែង នៅទូទាំងប្រទេស បានបិទទ្វារបណ្ដោះអាសន្ន ដោយអះអាងថា «អស់ស្តុក» ខណៈអាជ្ញាធរមានការសង្ស័យថា ម្ចាស់ស្ថានីយ៍ខ្លះអាចកំពុងរក្សាស្តុកប្រេងទុក ដើម្បីលក់នៅពេលតម្លៃឡើងខ្ពស់។\nលោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងជាតំណាងក្រុមអន្តរក្រសួងដែលទទួលបន្ទុកកំណត់រូបមន្តកែសម្រួលតម្លៃលក់រាយប្រេងឥន្ធនៈនៅកម្ពុជា បានឱ្យដឹងថា ក្រុមមន្ត្រីជំនាញចម្រុះអន្តរក្រសួង នឹងចុះត្រួតពិនិត្យស្ថានភាពជាក់ស្តែងតាមស្ថានីយ៍ប្រេងឥន្ធនៈដែលបានបិទអាជីវកម្ម ដើម្បីបញ្ជាក់ពីមូលហេតុពិតប្រាកដនៃការអះអាងថា អស់ស្តុក។\nការចុះត្រួតពិនិត្យនេះធ្វើឡើង បន្ទាប់ពីតាមរបាយការណ៍គិតត្រឹមយប់ថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៦ បង្ហាញថា ក្នុងចំណោមស្ថានីយ៍ប្រេងឥន្ធនៈជាង ៦.៣០០កន្លែង ដែលកំពុងប្រតិបត្តិការនៅទូទាំងប្រទេស មានជិត ២.០០០កន្លែង បានបិទទ្វារបណ្ដោះអាសន្ន ដោយលើកឡើងពីបញ្ហាអស់ស្តុកផ្គត់ផ្គង់។\nថ្លែងក្នុងសិក្ខាសាលាស្តីពី «ការពង្រឹងភាពធន់ជាតិ និងកាលានុវត្តភាពនៃយុទ្ធសាស្ត្រអភិបាលកិច្ច វិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ ឧស្សាហកម្ម និងពាណិជ្ជកម្មកម្ពុជា» ដែលរៀបចំដោយរដ្ឋសភា កាលពីថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៦ លោកជំទាវរដ្ឋមន្ត្រីបានបញ្ជាក់ថា ប្រសិនបើមន្ត្រីជំនាញរកឃើញថា មានការរក្សាស្តុកប្រេងមិនបញ្ចេញលក់ជូនប្រជាពលរដ្ឋ ម្ចាស់ស្ថានីយ៍នឹងប្រឈមនឹងវិធានការផ្លូវច្បាប់ រួមទាំងការផាកពិន័យ និងដកហូតអាជ្ញាប័ណ្ណអាជីវកម្ម។\nលោកជំទាវបានបញ្ជាក់ថា៖\n «យើងបានដាក់មន្ត្រីជំនាញចុះត្រួតពិនិត្យស្ថានភាពជាក់ស្តែង។ ប្រសិនបើរកឃើញថាមានប្រេងស្តុក ប៉ុន្តែមិនបញ្ចេញលក់ នឹងរងការពិន័យ និងអាចបិទអាជ្ញាប័ណ្ណអាជីវកម្ម។ ប៉ុន្តែបើពិតជាអស់ស្តុកមែន រដ្ឋនឹងសហការជាមួយវិស័យឯកជនដែលនាំចូលប្រេង ដើម្បីធានាការផ្គត់ផ្គង់ឱ្យបានគ្រប់គ្រាន់»។\nជាមួយគ្នានេះ លោកជំទាវក៏បានបង្ហាញសញ្ញាវិជ្ជមានថា តម្លៃប្រេងឥន្ធនៈអាចនឹងមាននិន្នាការធ្លាក់ចុះវិញក្នុងប៉ុន្មានថ្ងៃខាងមុខ បន្ទាប់ពីមានសញ្ញាល្អនៃតម្លៃលក់រាយនៅទីផ្សារអន្តរជាតិ នៅពេលទៀបភ្លឺថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៦។\nដើម្បីបន្ធូរបន្ទុកប្រជាពលរដ្ឋ ដែលជាអ្នកប្រើប្រាស់ប្រេងឥន្ធនៈ រដ្ឋាភិបាលក៏បានចរចាជាមួយក្រុមហ៊ុននាំចូលប្រេង ដើម្បីរក្សាស្ថិរភាពតម្លៃឱ្យកុំឱ្យកើនឡើងខ្លាំង។ តាមការព្រមព្រៀង ប្រសិនបើតម្លៃប្រេងលើស ៩០ដុល្លារ ក្នុងមួយបារ៉ែល រដ្ឋនឹងជួយចេញខាតប្រមាណ ៦.៥សេន ក្នុងមួយលីត្រ ខណៈក្រុមហ៊ុននាំចូលចូលរួមខាត ១សេន ក្នុងមួយលីត្រ។\nយោងតាមរូបមន្តកំណត់តម្លៃដែលបានព្រមព្រៀងរវាងអន្តរក្រសួង និងក្រុមហ៊ុនប្រេងឥន្ធនៈ សម្រាប់អំឡុងថ្ងៃទី ១១ ដល់ ១៣ ខែមីនា ឆ្នាំ២០២៦ តម្លៃលក់រាយប្រេងសាំងធម្មតា ត្រូវបានកំណត់ ៥.២០០រៀល ក្នុងមួយលីត្រ ខណៈប្រេងម៉ាស៊ូត តម្លៃ ៦.០៥០រៀល ក្នុងមួយលីត្រ។ ដោយ៖ KPS99TV","contentScope":"full","proof":{"publishedSourceRevision":"1","publishedWorkingVersionId":"14677","languageVersionId":"9860","visibilityVersion":"2","versionToken":"a1.4K47VuXrxe_EyXBRiMH0fPOq-vE-NDsPdEGWQXiR41w"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":"KPS99TV"},"references":[],"links":[],"publishedAt":"2026-03-13T02:55:58Z"}