{"asset":"news","key":"5471","locale":"km","id":"news:5471:km","entityId":"news:5471","canonicalUrl":"https://www.kps-tv.com/km/news/detail/5471","state":"ready","title":"អភិបាលរងកំពង់ស្ពឺព្រមានមន្ត្រីពន្ធនាគារមិនឱ្យប្តូរបទល្មើសនឹងផលប្រយោជន៍","summary":"លោក តូច ប៉ូលីវ៉ា បានចុះពិនិត្យពន្ធនាគារខេត្តថ្ងៃទី១២ ខែមីនា ដោយណែនាំរឹតបន្តឹងការត្រួតពិនិត្យទូរស័ព្ទ វត្ថុហាមឃាត់ និងការចេញចូលសួរសុខទុក្ខជនជាប់ឃុំ។","body":"អភិបាលរងខេត្តកំពង់ស្ពឺ លោក តូច ប៉ូលីវ៉ា បានណែនាំដល់ថ្នាក់ដឹកនាំ និងមន្ត្រីពន្ធនាគារខេត្តទាំងអស់ មិនត្រូវពាក់ព័ន្ធ ឬប្រព្រឹត្តបទល្មើសណាមួយ ជាថ្នូរនឹងផលប្រយោជន៍ឡើយ ជាពិសេសការផ្តល់ទូរស័ព្ទឱ្យជនជាប់ឃុំប្រើប្រាស់។ ក្នុងករណីរកឃើញថាមានការពាក់ព័ន្ធ ច្បាប់នឹងមិនលើកលែងឱ្យឡើយ។\nលោក តូច ប៉ូលីវ៉ា បានលើកឡើងដូចនេះ ក្នុងឱកាសដឹកនាំក្រុមការងាររដ្ឋបាលខេត្ត រួមជាមួយមន្ទីរ អង្គភាពពាក់ព័ន្ធ និងកម្លាំងជំនាញនៃស្នងការដ្ឋាននគរបាល និងកងរាជអាវុធហត្ថ ចុះពិនិត្យស្ថានភាពរស់នៅជាក់ស្តែងរបស់ជនជាប់ឃុំ នៅពន្ធនាគារខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៦។\nក្នុងឱកាសចុះពិនិត្យតាមបន្ទប់ឃុំឃាំង លោកអភិបាលរងខេត្ត និងក្រុមការងារ បានធ្វើការឆែកឆេរ និងត្រួតពិនិត្យកន្ត្រកដាក់សម្លៀកបំពាក់របស់ជនជាប់ឃុំទាំងអស់ ដើម្បីស្វែងរកវត្ថុហាមឃាត់ដែលអាចត្រូវបានលាក់ទុកសម្រាប់ប្រើប្រាស់។\nលោកបានបញ្ជាក់ថា ការត្រួតពិនិត្យនេះធ្វើឡើងក្រោយមានព័ត៌មានថា នៅពន្ធនាគារខេត្តមួយចំនួន មានករណីជនជាប់ឃុំប្រើប្រាស់ទូរស័ព្ទដៃ លេងបណ្តាញសង្គម ដូចជា Facebook ប្រើប្រាស់គ្រឿងញៀន និងផឹកស៊ីជាដើម។\nដើម្បីធានាប្រសិទ្ធភាពនៃការគ្រប់គ្រង និងបញ្ចៀសបញ្ហាប្រឈមនានា លោកបានណែនាំឱ្យថ្នាក់ដឹកនាំ និងមន្ត្រីក្រោមឱវាទ បន្តតាមដាន និងត្រួតពិនិត្យស្ថានភាពគ្រប់គ្រង និងជីវភាពរស់នៅរបស់អ្នកទោស ឱ្យមានសណ្តាប់ធ្នាប់ល្អ និងបង្ការការកើតមានបាតុភាពខុសប្រក្រតី។\nជាមួយគ្នានេះ ត្រូវរឹតបន្តឹងការត្រួតពិនិត្យចំពោះអ្នកចេញចូលសួរសុខទុក្ខជនជាប់ឃុំ និងត្រូវឆែកឆេររាល់បញ្ញើដែលក្រុមគ្រួសារនាំចូលមកក្នុងពន្ធនាគារ ដើម្បីធានាថា មិនមានវត្ថុហាមឃាត់ណាមួយត្រូវបាននាំចូល ឬប្រគល់ដល់ជនជាប់ឃុំឡើយ។ ព្រមទាំងបន្តរៀបចំសណ្តាប់ធ្នាប់ អនាម័យ និងបរិស្ថានក្នុងពន្ធនាគារ ដើម្បីធានាផាសុកភាពដល់ជនជាប់ឃុំ។\nលោកឧត្តមអគ្គានុរក្សថ្នាក់លេខ២ ទីន សុវណ្ណនី ប្រធានពន្ធនាគារខេត្តកំពង់ស្ពឺ បានឱ្យដឹងថា បច្ចុប្បន្នចំនួនជនជាប់ឃុំមានការកើនឡើងជាបន្តបន្ទាប់។ គិតត្រឹមថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៦ មានជនជាប់ឃុំសរុបចំនួន ៣,១០០នាក់ ក្នុងនោះស្ត្រី ១៩៤នាក់ និងកុមារតាមម្តាយ ៧នាក់ (ស្រី ៤នាក់)។\nចំពោះកំណើននៃជនជាប់ឃុំនេះ ភាគច្រើនពាក់ព័ន្ធនឹង បទល្មើសគ្រឿងញៀន និងក្មេងទំនើង ដែលមានចំនួនជាង ២,០០០នាក់ ក្នុងចំណោមចំនួនសរុបនៃជនជាប់ឃុំ។ ដោយ៖ ប៉ៃ សុឃីម","contentScope":"full","proof":{"publishedSourceRevision":"1","publishedWorkingVersionId":"14650","languageVersionId":"9800","visibilityVersion":"2","versionToken":"a1.5HDzNpSeDoBboix3ISod-B7YJ0n-lBsfXYeaolXT9xs"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":"KPS99TV"},"references":[],"links":[],"publishedAt":"2026-03-13T07:35:59Z"}