{"asset":"news","key":"5472","locale":"km","id":"news:5472:km","entityId":"news:5472","canonicalUrl":"https://www.kps-tv.com/km/news/detail/5472","state":"ready","title":"ក្រសួងការបរទេសកម្ពុជាបំភ្លឺ៤ចំណុចឆ្លើយតបថៃអំពីព្រំដែន","summary":"អ្នកនាំពាក្យក្រសួងបានបំភ្លឺការចោទអំពីគ្រាប់បែក ទីតាំងរូបសំណាកតាអ៊ុំ ការអញ្ជើញវាស់វែង៥លើក និងជំហរដោះស្រាយដោយសន្តិវិធី បន្ទាប់ពីសេចក្តីប្រកាសរបស់ថៃថ្ងៃទី១១ ខែមីនា។","body":"បន្ទាប់ពីក្រសួងការបរទេសថៃ បានចេញសេចក្ដីប្រកាសព័ត៌មានមួយកាលពីថ្ងៃទី១១ ខែមីនាថា «ប្រទេសថៃគូសបញ្ជាក់ពីតម្រូវការសម្រាប់កិច្ចសហប្រតិបត្តិការដោយស្មោះត្រង់របស់កម្ពុជា ក្នុងការជំរុញការងារវាស់វែង និងបោះបង្គោលព្រំដែនគោករវាងប្រទេសទាំងពីរ»។ ជុំវិញនឹងបញ្ហានេះ ក្រសួងការបរទេសកម្ពុជា តាមរយៈអ្នកនាំពាក្យយល់ឃើញថានេះអាចបង្កឱ្យមានការយល់ច្រឡំមួយចំនួន ដោយអ្នកនាំពាក្យបានចេញសេចក្តីថ្លែងការណ៍បំភ្លឺ៤ចំណុច។\nទី១. របាយការណ៍ដែលចោទប្រកាន់ថា គ្រាប់បែកប្រភេទ៤០មីលីម៉ែត្រ ដែលត្រូវបានបាញ់ដោយកងកម្លាំងកម្ពុជាកាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៦ គឺមិនត្រឹមត្រូវទេ។ កម្ពុជាបានផ្ដល់ការបំភ្លឺជាផ្លូវការរួចហើយតាមរយៈកំណត់ទូតចុះថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៦ ដោយបានបញ្ជាក់ថា ហេតុការណ៍ដែលបានរាយការណ៍នោះ ពុំបានកើតឡើងឡើយ។ បញ្ហានេះក៏ត្រូវបានផ្ទៀងផ្ទាត់រួមគ្នាភ្លាមៗ ដោយក្រុមទំនាក់ទំនងយោធាក្នុងតំបន់របស់ភាគីទាំងពីរដែរ។\nទី២. ទាក់ទងនឹងរូបសំណាកតាអ៊ុំនៅក្នុងតំបន់អានសេះ ខេត្តព្រះវិហារ រូបសំណាកនេះស្ថិតនៅក្នុងទឹកដីកម្ពុជាទាំងស្រុង ដូចដែលបានកំណត់ដោយផែនទីខ្នាត ១:២០០,០០០ ដែលផលិតដោយគណៈកម្មការ ចម្រុះបារាំង-សៀម ស្របតាមអនុសញ្ញាឆ្នាំ១៩០៤ និងសន្ធិសញ្ញាឆ្នាំ១៩០៧។ ដូចនេះ ការទាមទារណាមួយដែលផ្អែកលើផែនទីគូសជាឯកតោភាគីរបស់ប្រទេសថៃ គឺមិនអាចអនុវត្តបានតាមផ្លូវច្បាប់ទេ។ ក្នុងន័យនេះ ការលើកឡើងក៏គួរធ្វើដោយផ្អែកលើលទ្ធផលនៃការវាស់វែងលម្អិតរួមគ្នា ដែលធ្វើឡើងដោយក្រុមវាស់វែងចម្រុះនៃប្រទេសទាំងពីរ កាលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៥ដែរ។\nទី៣. អនុលោមតាមចំណុចទី៣ នៃសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ របស់គណៈកម្មាធិការព្រំដែនទូទៅ ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ គណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោកកម្ពុជា បានផ្ញើលិខិតអញ្ជើញចំនួនប្រាំលើកជាប់ៗគ្នាទៅសមភាគីថៃ ដើម្បីបន្តការងារបច្ចេកទេសរបស់ក្រុមវាស់វែងចម្រុះឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។ ការណ៍នេះគឺដើម្បីពង្រឹងកិច្ចខិតខំប្រឹងប្រែងដោយស្មោះត្រង់ ក្នុងការពន្លឿនការងារបោះបង្គោលព្រំដែន ជាពិសេសនៅក្នុងតំបន់អាទិភាព ឬតំបន់រសើប។\nទី៤. កម្ពុជានៅតែប្តេជ្ញាចិត្តយ៉ាងពេញលេញចំពោះដំណោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធីដោយផ្អែកលើច្បាប់អន្តរជាតិ និងកិច្ចព្រមព្រៀងទ្វេភាគីដែលមានស្រាប់ ហើយផ្តល់សារៈ សំខាន់យ៉ាងខ្លាំងចំពោះការអនុវត្តពេញលេញនៃសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ របស់គណៈកម្មាធិការព្រំដែនទូទៅ ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។ កម្ពុជាសង្ឃឹមថានឹងឃើញកិច្ចសហ- ប្រតិបត្តិការប្រកបដោយភាពស្មោះត្រង់ ដែលឆ្លុះបញ្ចាំងតាម រយៈសកម្មភាពជាក់ស្ដែង៕\nដោយ៖ ង៉ែត ពិសាន្ត","contentScope":"full","proof":{"publishedSourceRevision":"1","publishedWorkingVersionId":"14649","languageVersionId":"9797","visibilityVersion":"2","versionToken":"a1.YMzvs-KbedXD43U5i5AKPBZ9jP9FEMhLbvR-3nSviI0"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":"KPS99TV"},"references":[],"links":[],"publishedAt":"2026-03-13T07:50:57Z"}