{"asset":"news","key":"5541","locale":"km","id":"news:5541:km","entityId":"news:5541","canonicalUrl":"https://www.kps-tv.com/km/news/detail/5541","state":"ready","title":"គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជារាយការណ៍ឯកសារ៦០ទៅយន្តការសិទ្ធិមនុស្ស","summary":"ក្នុងកិច្ចប្រជុំប្រចាំឆ្នាំថ្ងៃទី១៧ ខែមីនា លោក កែវ រ៉េមី បានរាយការណ៍អំពីការដាក់ឯកសារ៦០ និងការចុះជួយ១០លើក ព្រមទាំងចោទប្រកាន់ភាគីថៃអំពីសកម្មភាពដែលប៉ះពាល់ពលរដ្ឋកម្ពុជាតាមព្រំដែន។","body":"បើយោងតាមការឱ្យដឹងពីកិច្ចប្រជុំប្រចាំឆ្នាំ ដែលមានការចូលរួមពីថ្នាក់ដឹកនាំ មន្ត្រីរាជការ និងមេធាវីស្ម័គ្រចិត្តរបស់គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា កាលពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៦។\nឯកឧត្តមទេសរដ្ឋមន្ត្រី កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានបង្ហាញពីតួនាទីសកម្មរបស់គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (គ.ស.ម.ក.) ក្នុងការចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការការពារសិទ្ធិ និងសេរីភាពរបស់ប្រជាជនស៊ីវិល និងការពារបូរណភាពដែនដីកម្ពុជា តាមរយៈការចេញញត្តិថ្កោលទោស និងការដាក់បណ្ដឹងទៅកាន់យន្តការសិទ្ធិមនុស្សទាំងក្នុងតំបន់ និងអន្តរជាតិ សរុបចំនួន ៦០ ឯកសារ ព្រមទាំងការចុះសួរសុខទុក្ខ និងនាំយកអំណោយទៅចែកជូនជនភៀសសឹក កងទ័ព និងគ្រួសារកងទ័ពចំនួន ១០ លើក។\nជាមួយគ្នានោះ ឯកឧត្តមទេសរដ្ឋមន្ត្រី បានបញ្ជាក់ឡើងវិញអំពីស្ថានភាពជម្លោះតាមព្រំដែនកម្ពុជា–ថៃ និងសកម្មភាពមួយចំនួនរបស់ភាគីថៃ ដែលបានបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់អធិបតេយ្យភាព និងសិទ្ធិមនុស្សរបស់ប្រជាពលរដ្ឋកម្ពុជា។ សកម្មភាពទាំងនោះរួមមាន ការបិទព្រំដែនជាឯកតោភាគី ការរើសអើង និងការប្រើប្រាស់អំពើហិង្សាលើពលករកម្ពុជា ការបាញ់ប្រហារលើកងកម្លាំងកម្ពុជានៅក្នុងដែនដីកម្ពុជា ការប្រើប្រាស់សំឡេងរំខានកម្រិតខ្ពស់ដែលប៉ះពាល់ដល់សុខភាពផ្លូវកាយ និងផ្លូវចិត្តរបស់ប្រជាជនស៊ីវិល ព្រមទាំងការប្រើប្រាស់អាវុធធុនធ្ងន់ រួមមានយន្តហោះចម្បាំង គ្រាប់បែកចង្កោម និងសារធាតុផ្សែងពុល វាយប្រហារចូលមកជ្រៅក្នុងដែនអធិបតេយ្យភាពកម្ពុជា។\nបន្ថែមពីនេះ ឯកឧត្តមទេសរដ្ឋមន្ត្រី កែវ រ៉េមី ក៏បានលើកឡើងអំពីការបន្តកាន់កាប់ដែនដីកម្ពុជា ការដាក់ពង្រាយទូកុងតឺន័រ និងបន្លាលួស ការលួចបំផ្លាញ និងលួចយកទ្រព្យសម្បត្តិឯកជន និងសាធារណៈ ការបំផ្លិចបំផ្លាញវប្បធម៌ និងរូបបដិមា ព្រមទាំងការកសាងហេដ្ឋារចនាសម្ព័ន្ធ និងសំណង់ថ្មីៗ ក្នុងចេតនាបង្កើតតថភាពថ្មីនៅនឹងកន្លែង (fait accompli) ដែលបានរារាំងជនភៀសសឹករាប់ម៉ឺននាក់ មិនឱ្យវិលត្រឡប់ទៅលំនៅឋានរបស់ខ្លួនវិញបាន ទោះបីមានសេចក្ដីថ្លែងការណ៍រួមចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ក៏ដោយ។\nឯកឧត្តមទេសរដ្ឋមន្ត្រី បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា នៅតែប្រកាន់ជំហរឥតងាករេ ក្នុងការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី ផ្អែកលើច្បាប់អន្តរជាតិ និងកិច្ចព្រមព្រៀងទ្វេភាគីដែលមានសុពលភាព។\nទន្ទឹមនឹងនេះ ឯកឧត្តមទេសរដ្ឋមន្ត្រី ក៏បានពិនិត្យការងាររបស់ គ.ស.ម.ក. នៅក្នុងឆ្នាំ២០២៥ និងបានណែនាំការងារមួយចំនួន ដើម្បីពង្រឹងប្រសិទ្ធភាពការងារ រួមមាន ការផ្តល់សេវាផ្លូវច្បាប់ និងមេធាវីស្ម័គ្រចិត្ត ការងារដោះស្រាយបណ្ដឹង ការផ្សព្វផ្សាយរបាយការណ៍សិទ្ធិមនុស្សជាតិ ការចុះពិនិត្យស្ថានភាពសិទ្ធិមនុស្សនៅតាមពន្ធនាគារ និងមណ្ឌលអប់រំកែប្រែទូទាំងប្រទេស ការចុះស៊ើបអង្កេត និងស្រាវជ្រាវករណីរំលោភសិទ្ធិមនុស្ស ការអប់រំផ្សព្វផ្សាយច្បាប់ និងសិទ្ធិមនុស្ស ការងារគណៈកម្មការអន្តររដ្ឋាភិបាលអាស៊ានទទួលបន្ទុកសិទ្ធិមនុស្ស (អាយឆា) ការងារសហប្រតិបត្តិការអន្តរជាតិ និងការបណ្តុះបណ្តាលសមត្ថភាព។\nសូមបញ្ជាក់ថា កិច្ចប្រជុំបានបញ្ចប់ដោយការប្តេជ្ញាចិត្តរួមពីថ្នាក់ដឹកនាំ មន្ត្រីរាជការ និងមេធាវីស្ម័គ្រចិត្តរបស់គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ក្នុងការបន្តពង្រឹងប្រសិទ្ធភាពការងារ រក្សាសមិទ្ធផលដែលសម្រេចបាន និងបន្តបង្កើតសមិទ្ធផលថ្មីៗបន្ថែមទៀត ដើម្បីលើកកម្ពស់ ការពារ និងអភិវឌ្ឍសិទ្ធិមនុស្សនៅកម្ពុជា ព្រមទាំងបន្តជឿជាក់ និងគាំទ្រយ៉ាងមុតមាំលើរាជរដ្ឋាភិបាលកម្ពុជា ៕ ដោយ៖ ប៉ៃ សុឃីម","contentScope":"full","proof":{"publishedSourceRevision":"1","publishedWorkingVersionId":"14496","languageVersionId":"9546","visibilityVersion":"2","versionToken":"a1.cdpr0-ELH4EE4u3IyVKAOZLMB6uSSrK-DqXJU1kf3a8"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":"KPS99TV"},"references":[],"links":[],"publishedAt":"2026-03-18T02:44:26Z"}