{"asset":"news","key":"5551","locale":"km","id":"news:5551:km","entityId":"news:5551","canonicalUrl":"https://www.kps-tv.com/km/news/detail/5551","state":"ready","title":"ក្រសួងវប្បធម៌ព្រមានពិចារណាវិធានការច្បាប់បើការសម្តែងមិនសមរម្យនៅមង្គលការនៅតែបន្ត","summary":"លោក ស៊ុំ ម៉ាប់ ថាក្រសួងនឹងអប់រំ ណែនាំ និងឱ្យធ្វើកិច្ចសន្យាបញ្ឈប់ជាមុន ហើយបើនៅបន្តទៀត អាចពិចារណាវិធានការផ្លូវច្បាប់។","body":"អ្នកនាំពាក្យក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៅថ្ងៃទី១៧ ខែមីនា បានព្រមានថា នឹងអនុវត្តតាមវិធានការច្បាប់ក្នុងករណីនៅតែបន្តមានសកម្មភាពមិនសមរម្យនៅក្នុងពិធីមង្គលការ។ ការព្រមានចំៗដូច្នេះ បន្ទាប់ពីថ្មីៗនេះរងការរិះគន់ពីមហាជននៅលើបណ្តាញទំនាក់ទំនងសង្គមពាក់ព័ន្ធនឹងពិធីកាត់សក់នៅក្នុងកម្មវិធីមង្គលការ១កន្លែងប្រើកាយវិកាមិនសមរម្យ ជាពិសេសការស្លៀកពាក់ខោទឹកនោមរបស់តួអង្គសម្ដែង។\nអ្វីដែលជាការកត់សម្គាល់នោះ គឺសកម្មភាពមិនសមរម្យទាំងនេះ បានកើតឡើងស្របពេលដែលក្រសួងវប្បធម៌បានចេញការអំពាវនាវចំពោះការប្រើពាក្យពេចន៍ កាយវិការ និងសម្លៀកបំពាក់មិនសមរម្យដែលធ្វើឱ្យប៉ះពាល់ដល់តម្លៃអាពាហ៍ពិពាហ៍ផង និងដល់ទំនៀមទម្លាប់ផង។ ប៉ុន្តែទោះបីជាយ៉ាងនេះក្តី ក៏នៅតែមានវង់ភ្លេងខ្មែរមួយចំនួននៅបន្តធ្វើសកម្មភាពកំប្លែងជ្រុលហួសហេតុនៅក្នុងពិធីកាត់សក់នៃពិធីអាពាហ៍ពិពាហ៍របស់ខ្មែរដដែល។\nបើតាមឯកឧត្តម ស៊ុំ ម៉ាប់ អ្នកនាំពាក្យក្រសួងវប្បធម៌ បានបញ្ជាក់ថា៖ «វិធានការរបស់ក្រសួង ពាក់ព័ន្ធនឹងការសម្តែងមិនសមរម្យ ដំបូងក្រសួងនឹងអញ្ជើញពួកគាត់មកអប់រំ ណែនាំ និងធ្វើកិច្ចសន្យាបញ្ឈប់។ ឯកឧត្តម សង្កត់ធ្ងន់ថា «ក្នុងករណីអ្នកប្រព្រឹត្តទាំងអស់ដែលបានចូលមកធ្វើកិច្ចសន្យា អប់រំ ណែនាំ និងធ្វើកិច្ចសន្យាបញ្ឈប់ហើយនៅតែប្រព្រឹត្តទៀត នឹងឈានទៅដល់ការគិតគូរទម្រង់ផ្លូវច្បាប់ដែលអាចធ្ងន់ធ្ងរជាងនេះ»។ អ្នកនាំពាក្យរូបនេះ បានបន្តថា គ្រប់ការកែច្នៃដែលបង្កឱ្យបរិយាកាសសប្បាយរីករាយ ត្រូវតែពិនិត្យទៅលើក្រមសីលធម៌ កិត្តិយស សេចក្តីថ្លៃថ្នូរ ដែលជាសារជាតិរបស់ខ្មែរផងដែរ៕\nដោយ៖ ង៉ែត ពិសាន្ត","contentScope":"full","proof":{"publishedSourceRevision":"1","publishedWorkingVersionId":"14494","languageVersionId":"9540","visibilityVersion":"2","versionToken":"a1.OuiwwIJyO3RYIwP2JDml9IuMzVDBWYWIUFK7Az3u504"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":"KPS99TV"},"references":[],"links":[],"publishedAt":"2026-03-18T06:15:39Z"}