{"asset":"news","key":"5558","locale":"km","id":"news:5558:km","entityId":"news:5558","canonicalUrl":"https://www.kps-tv.com/km/news/detail/5558","state":"ready","title":"ក្រសួងការបរទេសកម្ពុជាតវ៉ាជាថ្មីចំពោះការសាងសង់ផ្លូវ និងរចនាសម្ព័ន្ធរបស់យោធាថៃ","summary":"ភាគីកម្ពុជាអះអាងថាមានសំណង់បន្តនៅទីតាំងព្រំដែនជាច្រើន និងលើកជំហរអធិបតេយ្យភាព និងកិច្ចព្រមព្រៀងដោយយោងផែនទីកំណត់ព្រំដែន។","body":"កម្ពុជាបានតវ៉ាជំទាស់ជាផ្លូវការបន្ថែមមួយទៀតប្រឆាំងនឹងសកម្មភាពឈ្លានពាន និងការកាន់កាប់ទឹកដីដោយខុសច្បាប់ជាបន្តបន្ទាប់របស់កងកម្លាំងប្រដាប់អាវុធថៃដែលបន្តសាងសង់ផ្លូវ និងរចនាសម្ព័ន្ធអចិន្ត្រៃយ៍ជាច្រើនកន្លែងចូលក្នុងទឹកដីកម្ពុជា បន្ទាប់ពីបទឈប់បាញ់នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។\nក្នុងសេចក្តីប្រកាសព័ត៌មាន ក្រសួងការបរទេសកម្ពុជា បានរៀបរាប់ថា កងកម្លាំងប្រដាប់អាវុធថៃបានប្រើប្រាស់គ្រឿងចក្រធុនធ្ងន់ជីកកកាយដី និងសាងសង់លេណដ្ឋានបេតុងថ្មីមួយបន្ថែមទៀតនៅតំបន់ភាគអាគ្នេយ៍នៃប្រាសាទតាមាន់ធំ ខេត្តឧត្តរមានជ័យ។ នៅតំបន់មុំបី តំបន់អានសេះ តំបន់តាថាវ តំបន់តាសឹម និងចាក់ច្រែង ខេត្តព្រះវិហារ, ម្តុំភ្នំ៤៦៩, ភូមិថ្មដូន ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យនៅភាគខាងលិចនៃតំបន់ដំណាក់ស្តេច, កងកម្លាំងប្រដាប់អាវុធថៃបានធ្វើសកម្មភាពឈូសឆាយដី សាងសង់ផ្លូវ និងរចនាសម្ព័ន្ធអចិន្ត្រៃយ៍មួយចំនួន រួមទាំងសាងសង់រូបសំណាកព្រះពុទ្ធផងដែរ។\nចំណែក សកម្មភាពស្រដៀងគ្នានេះ ត្រូវបានគេសង្កេតឃើញកើតមាននៅទីតាំងជាច្រើន រួមទាំងនៅម្តុំច្រកទ្វារព្រំដែនអន្តរជាតិអានសេះ អូរផ្កាស្នេហ៍ ភ្នំ៦៧៧ ភ្នំ៥០០ ប្រាសាទដូនទុន ភ្នំ៥០៥ ភ្នំ៣៣៣ និងតំបន់ច្រកតាថាវ។ មិនតែប៉ុណ្ណោះ កងកម្លាំងប្រដាប់ថៃដោយមានជំនួយពីព្រះសង្ឃថៃ បានសាងសង់រូបសំណាកព្រះពុទ្ធមួយចំនួននៅទីតាំងផ្សេងៗទៀតក្នុងទឹកដីកម្ពុជារួមមាន៖ តំបន់តាថាវ និងភ្នំទ្រព្យ ខេត្តព្រះវិហារ តំបន់អូរស្មាច់ និងប្រាសាទខ្នារ ខេត្តឧត្តរមានជ័យ។\nក្រសួងអះអាងថា តំបន់ទាំងនេះស្ថិតនៅក្នុងដែនអធិបតេយ្យកម្ពុជាទាំងស្រុង ដូចដែលបានកំណត់ដោយផែនទីមាត្រដ្ឋាន ១:២០០.០០០ របស់គណៈកម្មការកំណត់ព្រំដែនឥណ្ឌូចិន-សៀម ស្របតាមអនុសញ្ញាបារាំង-សៀម និងសន្ធិសញ្ញាបារាំង-សៀម។ ក្រសួងចាត់ទុកសកម្មភាពខុសច្បាប់ដូចជាការបន្តសាងសង់ផ្លូវ និងរចនាសម្ព័ន្ធអចិន្ត្រៃយ៍ជាច្រើនកន្លែងក្នុងទឹកដីកម្ពុជា គឺជាការរំលោភលើអធិបតេយ្យ និងបូរណភាពទឹកដីរបស់កម្ពុជា៕\nដោយ៖ ង៉ែត ពិសាន្ត","contentScope":"full","proof":{"publishedSourceRevision":"1","publishedWorkingVersionId":"14490","languageVersionId":"9528","visibilityVersion":"2","versionToken":"a1.QHIdd1p9gjHXgYyxs-CGU-WggaCwPW5q9-totzau_k4"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":"KPS99TV"},"references":[],"links":[],"publishedAt":"2026-03-18T08:08:55Z"}