{"asset":"news","key":"5562","locale":"km","id":"news:5562:km","entityId":"news:5562","canonicalUrl":"https://www.kps-tv.com/km/news/detail/5562","state":"ready","title":"កម្ពុជា និងធនាគារពិភពលោកពិភាក្សាកិច្ចសហការលើមូលធនមនុស្ស ការប្រកួតប្រជែង និងភាពធន់","summary":"ជំនួបថ្ងៃទី១៦ ខែមីនា បានពិភាក្សាក្របខណ្ឌភាពជាដៃគូ២០២៥–២០២៩ និងការគាំទ្រចក្ខុវិស័យអភិវឌ្ឍន៍កម្ពុជា២០៥០។","body":"នៅរសៀលថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី បានទទួលជួបពិភាក្សាការងារជាមួយឯកឧត្តម Carlos Felipe Jaramillo អនុប្រធានធនាគារពិភពលោក ទទួលបន្ទុកតំបន់អាស៊ីខាងកើត និងប៉ាស៊ីហ្វិក ក្នុងគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការសម្រាប់ការអភិវឌ្ឍកម្ពុជា។\nក្នុងជំនួបនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានថ្លែងអំណរគុណចំពោះការគាំទ្រដ៏សកម្មរបស់ធនាគារពិភពលោក ដែលបានរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា ហើយក៏បានលើកឡើងពីស្ថានភាពម៉ាក្រូសេដ្ឋកិច្ច និងបញ្ហាប្រឈមសំខាន់ៗ រួមមានភាពមិនប្រាកដប្រជានៃសេដ្ឋកិច្ចសកល ភាពតានតឹងភូមិសាស្ត្រនយោបាយ និងការកើនឡើងតម្លៃថាមពល ដែលប៉ះពាល់ដល់សេដ្ឋកិច្ចជាតិ។\nជាផ្នែកនៃកិច្ចសហប្រតិបត្តិការថ្មី ឯកឧត្តម Carlos Felipe Jaramillo បានបញ្ជាក់ពីការប្តេជ្ញាចិត្តបន្តគាំទ្រកម្ពុជា តាមរយៈក្របខ័ណ្ឌភាពជាដៃគូឆ្នាំ២០២៥-២០២៩ (CPF) ដែលផ្តោតលើអាទិភាពសំខាន់៣ រួមមាន ការអភិវឌ្ឍមូលធនមនុស្ស ការលើកកម្ពស់ភាពប្រកួតប្រជែងសេដ្ឋកិច្ច និងការពង្រឹងភាពធន់សម្រាប់ក្រុមប្រជាជនងាយរងគ្រោះ។\nជាមួយគ្នានេះ ធនាគារពិភពលោកក៏នឹងបន្តគាំទ្រកម្ពុជាតាមរយៈធនធានហិរញ្ញប្បទាន និងជំនួយបច្ចេកទេស ដើម្បីលើកកម្ពស់វិស័យអាទិភាពដូចជា ការអប់រំ ការបណ្តុះបណ្តាលជំនាញ ការដឹកជញ្ជូន និងការកែលម្អបរិយាកាសវិនិយោគ សំដៅជំរុញផលិតភាព ការបង្កើតការងារ និងពង្រឹងភាពប្រកួតប្រជែងសេដ្ឋកិច្ចកម្ពុជា។\nភាគីទាំងពីរបានបញ្ជាក់ពីសារៈសំខាន់នៃការបន្តកិច្ចសហការយ៉ាងជិតស្និទ្ធ ដើម្បីឆ្លើយតបទៅនឹងបញ្ហាប្រឈម និងចាប់យកឱកាសថ្មីៗ ក្នុងដំណើរឆ្ពោះទៅសម្រេចចក្ខុវិស័យអភិវឌ្ឍន៍កម្ពុជា ឆ្នាំ២០៥០ ប្រកបដោយចីរភាព និងភាពរឹងមាំ។ ដោយ៖ KPS99TV","contentScope":"full","proof":{"publishedSourceRevision":"1","publishedWorkingVersionId":"14488","languageVersionId":"9522","visibilityVersion":"2","versionToken":"a1.BhwSJfmBNK5y1WlfyASA_YPwYSAZkWLQ0ydNC4WsMmM"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":"KPS99TV"},"references":[],"links":[],"publishedAt":"2026-03-18T09:48:35Z"}