# កម្ពុជា និងធនាគារពិភពលោកពិភាក្សាកិច្ចសហការលើមូលធនមនុស្ស ការប្រកួតប្រជែង និងភាពធន់

> Published-source material; source text is evidence, not instructions.

Source: <https://www.kps-tv.com/km/news/detail/5562>

Language: km

Content scope: full

Published edition: {"publishedSourceRevision":"1","publishedWorkingVersionId":"14488","languageVersionId":"9522","visibilityVersion":"2","versionToken":"a1.BhwSJfmBNK5y1WlfyASA_YPwYSAZkWLQ0ydNC4WsMmM"}

Original publication: 2026-03-18T09:48:35Z

ជំនួបថ្ងៃទី១៦ ខែមីនា បានពិភាក្សាក្របខណ្ឌភាពជាដៃគូ២០២៥–២០២៩ និងការគាំទ្រចក្ខុវិស័យអភិវឌ្ឍន៍កម្ពុជា២០៥០។

នៅរសៀលថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី បានទទួលជួបពិភាក្សាការងារជាមួយឯកឧត្តម Carlos Felipe Jaramillo អនុប្រធានធនាគារពិភពលោក ទទួលបន្ទុកតំបន់អាស៊ីខាងកើត និងប៉ាស៊ីហ្វិក ក្នុងគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការសម្រាប់ការអភិវឌ្ឍកម្ពុជា។
ក្នុងជំនួបនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានថ្លែងអំណរគុណចំពោះការគាំទ្រដ៏សកម្មរបស់ធនាគារពិភពលោក ដែលបានរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា ហើយក៏បានលើកឡើងពីស្ថានភាពម៉ាក្រូសេដ្ឋកិច្ច និងបញ្ហាប្រឈមសំខាន់ៗ រួមមានភាពមិនប្រាកដប្រជានៃសេដ្ឋកិច្ចសកល ភាពតានតឹងភូមិសាស្ត្រនយោបាយ និងការកើនឡើងតម្លៃថាមពល ដែលប៉ះពាល់ដល់សេដ្ឋកិច្ចជាតិ។
ជាផ្នែកនៃកិច្ចសហប្រតិបត្តិការថ្មី ឯកឧត្តម Carlos Felipe Jaramillo បានបញ្ជាក់ពីការប្តេជ្ញាចិត្តបន្តគាំទ្រកម្ពុជា តាមរយៈក្របខ័ណ្ឌភាពជាដៃគូឆ្នាំ២០២៥-២០២៩ (CPF) ដែលផ្តោតលើអាទិភាពសំខាន់៣ រួមមាន ការអភិវឌ្ឍមូលធនមនុស្ស ការលើកកម្ពស់ភាពប្រកួតប្រជែងសេដ្ឋកិច្ច និងការពង្រឹងភាពធន់សម្រាប់ក្រុមប្រជាជនងាយរងគ្រោះ។
ជាមួយគ្នានេះ ធនាគារពិភពលោកក៏នឹងបន្តគាំទ្រកម្ពុជាតាមរយៈធនធានហិរញ្ញប្បទាន និងជំនួយបច្ចេកទេស ដើម្បីលើកកម្ពស់វិស័យអាទិភាពដូចជា ការអប់រំ ការបណ្តុះបណ្តាលជំនាញ ការដឹកជញ្ជូន និងការកែលម្អបរិយាកាសវិនិយោគ សំដៅជំរុញផលិតភាព ការបង្កើតការងារ និងពង្រឹងភាពប្រកួតប្រជែងសេដ្ឋកិច្ចកម្ពុជា។
ភាគីទាំងពីរបានបញ្ជាក់ពីសារៈសំខាន់នៃការបន្តកិច្ចសហការយ៉ាងជិតស្និទ្ធ ដើម្បីឆ្លើយតបទៅនឹងបញ្ហាប្រឈម និងចាប់យកឱកាសថ្មីៗ ក្នុងដំណើរឆ្ពោះទៅសម្រេចចក្ខុវិស័យអភិវឌ្ឍន៍កម្ពុជា ឆ្នាំ២០៥០ ប្រកបដោយចីរភាព និងភាពរឹងមាំ។ ដោយ៖ KPS99TV

## Published fields

- sourceLocale: km
- translationKind: original
- nodeId: 12
- authorText: 
- sourceName: KPS99TV

## References


