{"asset":"news","key":"5564","locale":"km","id":"news:5564:km","entityId":"news:5564","canonicalUrl":"https://www.kps-tv.com/km/news/detail/5564","state":"ready","title":"ព្រះសីហនុគាំទ្រដំណើរស្វែងរកឱកាសវិនិយោគកម្ពុជា-ចិន","summary":"កម្មវិធីថ្ងៃទី១៨ ខែមីនា បានលើកឡើងពីកម្មវិធីជំរុញវិនិយោគរហូតដល់ចុងឆ្នាំ២០២៧ និងគោលនយោបាយលើកលែងទិដ្ឋាការដែលគ្រោងអនុវត្តសម្រាប់ពលរដ្ឋចិន។","body":"លោកអភិបាលរងខេត្តព្រះសីហនុ បានលើកឡើងថា ដោយផ្អែកលើសក្តានុពលដ៏ពិសេសរបស់ខេត្ត លោកមានជំនឿយ៉ាងមុតមាំថា ខេត្តព្រះសីហនុនឹងបន្តពង្រឹងតួនាទីរបស់ខ្លួន ជាមជ្ឈមណ្ឌលវិនិយោគ ពាណិជ្ជកម្ម ដឹកជញ្ជូន និងសេវាកម្មដ៏សំខាន់ ទាំងក្នុងប្រទេស និងក្នុងតំបន់។ កត្តាទាំងនេះនឹងជំរុញបង្កើតបរិយាកាសប្រកួតប្រជែងខ្ពស់ និងអំណោយផលសម្រាប់វិនិយោគិនលើគ្រប់វិស័យ។\nលោក ឯម ភាព អភិបាលរងខេត្ត បានលើកឡើងដូចនេះ នៅក្នុងកម្មវិធីដំណើរទេសចរណ៍ស្វែងរកឱកាសវិនិយោគ កម្ពុជា-ចិន នៅខេត្តព្រះសីហនុ ស្របពេលដែលរាជរដ្ឋាភិបាលកម្ពុជា បានសម្រេចបន្តអនុវត្ត “កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ” រហូតដល់បំណាច់ឆ្នាំ២០២៧ ដើម្បីបន្តលើកទឹកចិត្ត និងទាក់ទាញវិនិយោគិនបន្ថែមមកកាន់ខេត្ត។ កម្មវិធីនេះត្រូវបានរៀបចំឡើង នារសៀលថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៦ នៅសណ្ឋាគារ អាជូណា សូលីទ័រ។\nពិធីនេះមានការចូលរួមពីឯកឧត្តម ហង្ស សណ្តាប់ អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍ ឯកឧត្តម អ៊ុក គឹមសេង អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន តំណាងវិស័យឯកជន ព្រមទាំងលោក លោកស្រី ប្រធានមន្ទីរពាក់ព័ន្ធជុំវិញខេត្ត និងអាជ្ញាធរក្រុង ស្រុកផងដែរ។\nលោកអភិបាលរងខេត្តបានបន្ថែមថា រាជរដ្ឋាភិបាលកម្ពុជា ក៏បានសម្រេចដាក់ឱ្យអនុវត្តគោលនយោបាយលើកលែងទិដ្ឋាការសម្រាប់ពលរដ្ឋចិន រយៈពេល ៤ខែ ក្នុងឆ្នាំ២០២៦ ដោយអនុវត្តចាប់ពីថ្ងៃទី១៥ ខែមិថុនា ដល់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦។ វាជាជំហានថ្មីមួយក្នុងគោលនយោបាយបើកចំហរជើងមេឃ ក្រោមក្របខណ្ឌ «ឆ្នាំទេសចរណ៍កម្ពុជា-ចិន ២០២៥-២០២៦»។\nការដាក់ចេញនូវគោលនយោបាយ និងវិធានការទាំងនេះ បង្ហាញយ៉ាងច្បាស់ពីឆន្ទៈដ៏មុតមាំរបស់រាជរដ្ឋាភិបាល ក្នុងការបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យការទូត ពាណិជ្ជកម្ម វិនិយោគ និងទេសចរណ៍ រវាងប្រទេសទាំងពីរ ព្រមទាំងវិស័យសក្តានុពលផ្សេងៗទៀត។\nមានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្តម ហង្ស សណ្តាប់ អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍ បានលើកឡើងថា ក្នុងក្របខណ្ឌយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត វិស័យទេសចរណ៍ត្រូវបានចាត់ទុកជាឆ្អឹងខ្នងសេដ្ឋកិច្ចជាតិ និងជាការនាំចេញនៅនឹងកន្លែង។ វិស័យនេះជាឧបករណ៍ដ៏មានប្រសិទ្ធភាពក្នុងការលើកកម្ពស់ជីវភាពប្រជាពលរដ្ឋតាមមូលដ្ឋាន តាមរយៈការបង្កើតឱកាសការងារ និងការចូលរួមកាត់បន្ថយភាពក្រីក្រ។\nក្នុងឆ្នាំ២០២៥ កន្លងទៅ កម្ពុជាបានទទួលភ្ញៀវទេសចរអន្តរជាតិប្រមាណ ៦លាននាក់ ក្នុងនោះភ្ញៀវទេសចរចិនប្រមាណ ១.២លាននាក់ ដែលជាការកើនឡើងគួរឱ្យកត់សម្គាល់ និងបង្ហាញពីទំនុកចិត្តរបស់ភ្ញៀវចិនលើគោលដៅទេសចរណ៍កម្ពុជា។\nចំពោះកម្មវិធីដំណើរទេសចរណ៍ស្វែងរកឱកាសវិនិយោគ កម្ពុជា-ចិន នៅខេត្តព្រះសីហនុ នាពេលនេះ នឹងក្លាយជាវេទិកាសំខាន់មួយសម្រាប់បង្កើតបណ្តាញ និងពង្រឹងទំនាក់ទំនងសហប្រតិបត្តិការវិនិយោគរវាងវិនិយោគិនក្នុងប្រទេសកម្ពុជា និងប្រទេសចិន។\nឯកឧត្តមបានបញ្ជាក់បន្ថែមថា បច្ចុប្បន្ន រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានអនុវត្តវិធានការយ៉ាងម៉ឺងម៉ាត់ ដើម្បីប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មអ៊ីនធឺណិត និងសកម្មភាពឆបោកខុសច្បាប់។ រាជរដ្ឋាភិបាលមានការប្តេជ្ញាចិត្តខ្ពស់ក្នុងការលុបបំបាត់សកម្មភាពទាំងនេះ តាមរយៈការពង្រឹងការអនុវត្តច្បាប់ និងការសហការជិតស្និទ្ធជាមួយដៃគូអន្តរជាតិ រួមទាំងសាធារណរដ្ឋប្រជាមានិតចិនផងដែរ៕\nអត្ថបទ៖ ប៉ៃ សុឃីម\n រូបភាព៖ កែវ ដារ៉ា","contentScope":"full","proof":{"publishedSourceRevision":"1","publishedWorkingVersionId":"14486","languageVersionId":"9516","visibilityVersion":"2","versionToken":"a1.zgMgs74z-uCxPYn8OeO5RdEcs0XnPIc9RoeYDCItsbE"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":"KPS99TV"},"references":[],"links":[],"publishedAt":"2026-03-18T10:15:25Z"}