{"asset":"news","key":"5572","locale":"km","id":"news:5572:km","entityId":"news:5572","canonicalUrl":"https://www.kps-tv.com/km/news/detail/5572","state":"ready","title":"កម្ពុជា-ជប៉ុន ពិភាក្សាបើកជើងហោះហើរពិសេស សៀមរាប/ភ្នំពេញ–អូគីណាវ៉ា ជំរុញទេសចរណ៍ និងពាណិជ្ជកម្មទ្វេភាគី","summary":"ជំនួបថ្ងៃទី១៣ ខែមីនាពិភាក្សាជើងហោះហើរពិសេស ទេសចរណ៍ ពាណិជ្ជកម្ម ការគាំទ្រអប់រំ និងផ្សព្វផ្សាយផលិតផលខ្មែរនៅជប៉ុន។","body":"ភ្នំពេញ៖ កម្ពុជា និង ជប៉ុន កំពុងពិចារណាបើកដំណើរការជើងហោះហើរពិសេស (Charter Flight) តភ្ជាប់រវាងរាជធានីភ្នំពេញ និងខេត្តសៀមរាប ទៅកាន់ខេត្ត Okinawa ក្នុងគោលបំណងជំរុញកំណើនអ្នកទេសចរ និងពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរវាងប្រទេសទាំងពីរ។\nគម្រោងនេះ ត្រូវបានលើកឡើងក្នុងជំនួបការងាររវាងលោក ស៊ីន សារ៉ាយ អនុព័ន្ធពាណិជ្ជកម្មអមស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន ជាមួយលោក Tanimura Shoki ប្រធានក្រុមហ៊ុន Jumbo Tours Co., Ltd. និងលោកស្រី សត វិជ្ជរី តំណាងក្រុមហ៊ុន Magokoro Cambodia នៅខេត្តសៀមរាប កាលពីថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៦។\nក្នុងជំនួបនេះ ភាគីទាំងពីរបានពិភាក្សាលើការពង្រឹងកិច្ចសហប្រតិបត្តិការ ក្នុងវិស័យសំខាន់ៗ រួមមាន ទេសចរណ៍ ពាណិជ្ជកម្ម វិនិយោគ និងការអភិវឌ្ឍធនធានមនុស្ស។ ក្នុងនោះ ការបើកជើងហោះហើរពិសេសត្រូវបានចាត់ទុកថា ជាជំហានយុទ្ធសាស្ត្រសម្រាប់លើកកម្ពស់ចំនួនភ្ញៀវទេសចរទៅវិញទៅមក។\nក្រៅពីនេះ ភាគីទាំងពីរក៏បានពិភាក្សាអំពីការបន្តគាំទ្រផ្នែកអប់រំ ដោយផ្តល់អគារសិក្សា និងសម្ភារៈសិក្សា ដល់សិស្សនិស្សិតក្រីក្រ នៅខេត្តសៀមរាប ព្រមទាំងគម្រោងបង្កើតសាលាបណ្តុះបណ្តាលភាសាជប៉ុន ដើម្បីរួមចំណែកអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា។\nជាមួយគ្នានេះ គម្រោងបើកភោជនីយដ្ឋានខ្មែរ នៅខេត្តអូគីណាវ៉ា ក៏ត្រូវបានលើកឡើង ដើម្បីផ្សព្វផ្សាយម្ហូបអាហារ និងផលិតផលខ្មែរ នៅក្នុងទីផ្សារជប៉ុនឱ្យកាន់តែទូលំទូលាយ។\nតាមការបញ្ជាក់ ក្រុមហ៊ុនទាំងពីរ បានចាប់ផ្តើមសហការនាំយកផលិតផលខ្មែរ ចូលទីផ្សារជប៉ុនចាប់តាំងពីពាក់កណ្តាលឆ្នាំ២០២៥ ដោយផ្តោតលើផលិតផលដូចជា ម្រេចកំពត ជ្រក់ម្រេច និងអំបិលកំពត ដែលបច្ចុប្បន្នកំពុងត្រូវបានផ្គត់ផ្គង់ទៅកាន់ភោជនីយដ្ឋាន និងសណ្ឋាគារធំៗនៅអូគីណាវ៉ា រួមមាន Hyatt Regency Okinawa, Sheraton Okinawa Sunmarina Resort និង Hotel JAL City Naha។\nបន្ថែមពីនេះ លោកអនុព័ន្ធពាណិជ្ជកម្មក៏បានចូលរួមពិព័រណ៍អន្តរជាតិ FOODEX Japan 2026 នៅ Tokyo Big Sight ដើម្បីគាំទ្រការផ្សព្វផ្សាយផលិតផលខ្មែរ និងពង្រីកបណ្តាញដៃគូពាណិជ្ជកម្មអន្តរជាតិបន្ថែម។\nគម្រោងសហប្រតិបត្តិការទាំងនេះ ត្រូវបានរំពឹងថា នឹងជួយជំរុញកំណើនទេសចរណ៍ និងពាណិជ្ជកម្មទ្វេភាគីរវាង Cambodia និងជប៉ុន ឱ្យកាន់តែរឹងមាំ និងមានប្រសិទ្ធភាពខ្ពស់នាពេលខាងមុខ។ ដោយ៖ KPS99TV","contentScope":"full","proof":{"publishedSourceRevision":"1","publishedWorkingVersionId":"14479","languageVersionId":"9495","visibilityVersion":"2","versionToken":"a1.hwl9kPA_Dg-qR3_LF1t3snBUlafe49o3dFdTV0Wuleo"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":"KPS99TV"},"references":[],"links":[],"publishedAt":"2026-03-19T03:48:01Z"}