# លោក ហួត ហាក់ លើកផែនការទេសចរណ៍មូស្លីម និងគម្រោងផលិតផលខ្លឹមចន្ទន៍ក្រស្នា

> Published-source material; source text is evidence, not instructions.

Source: <https://www.kps-tv.com/km/news/detail/5595>

Language: km

Content scope: full

Published edition: {"publishedSourceRevision":"1","publishedWorkingVersionId":"14466","languageVersionId":"9456","visibilityVersion":"2","versionToken":"a1.JjsERXpeCou24iWYEEcg7ThuUBUVvt044P2LtCixd14"}

Original publication: 2026-03-20T03:06:43Z

រដ្ឋមន្ត្រីទេសចរណ៍ជួបប្រធានTHY Holding លោក ណាង សុធី ថ្ងៃទី១៩ ខែមីនា ពិភាក្សាវត្ថុអនុស្សាវរីយ៍ គ្រឿងក្រអូប និងកែសម្រស់ពីខ្លឹមចន្ទន៍ក្រស្នា ហាង និងកសិទេសចរណ៍ ហើយណែនាំឱ្យប្រឹក្សាច្បាប់អនុវត្តគម្រោង។

នៅទីស្តីការក្រសួងទេសចរណ៍ កាលពីថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តមរដ្ឋមន្ត្រី ហួត ហាក់ បានលើកឡើងថា ដើម្បីទាក់ទាញភ្ញៀវទេសចរអារ៉ាប់មកទស្សនាកម្ពុជាឱ្យកាន់តែច្រើន ក្រសួងទេសចរណ៍ បាននិងកំពុងអនុវត្តផែនការទេសចរណ៍មូស្លីម ឆ្នាំ២០២៣-២០២៧ ក៏ដូចជាសហការជាមួយក្រសួង និងស្ថាប័នពាក់ព័ន្ធ ក្នុងការជំរុញម្ហូបអាហារហាលាល់ និងស្តង់ដារ Cambodia Muslim Friendly។
ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានថ្លែងដូចនេះ ក្នុងឱកាសអនុញ្ញាតឱ្យឧកញ៉ាបណ្ឌិត ណាង សុធី ប្រធានក្រុមប្រឹក្សាក្រុមហ៊ុន THY HOLDING CO., LTD និងសហការី ចូលជួបពិភាក្សាការងារ លើគម្រោងរៀបចំវត្ថុអនុស្សាវរីយ៍ប្រណិត ដែលកែច្នៃឡើងពីខ្លឹមចន្ទន៍ក្រស្នា ដើម្បីផលិតជាគ្រឿងក្រអូប និងគ្រឿងកែសម្រស់ សម្រាប់លក់ជូនភ្ញៀវទេសចរអារ៉ាប់។
នាឱកាសនោះ ឧកញ៉ាបណ្ឌិត ប្រធានក្រុមប្រឹក្សាក្រុមហ៊ុន THY HOLDING CO., LTD បានជម្រាបឯកឧត្តមរដ្ឋមន្ត្រី អំពីផែនការរបស់ក្រុមហ៊ុន ដែលគ្រោងនឹងកែច្នៃខ្លឹមចន្ទន៍ក្រស្នា ឱ្យក្លាយជាវត្ថុអនុស្សាវរីយ៍ដ៏ប្រណិត សម្រាប់ភ្ញៀវទេសចរ និងគ្រោងបើកហាងលក់វត្ថុអនុស្សាវរីយ៍ប្រណិត ដែលកែច្នៃពីខ្លឹមចន្ទន៍ក្រស្នា នៅក្នុងប្រទេសកម្ពុជា ព្រមទាំងគ្រោងរៀបចំជាកសិ-ទេសចរណ៍ នាពេលខាងមុខ។
ជាការឆ្លើយតប ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមហ៊ុន នាពេលកន្លងមក និងគម្រោងវិនិយោគរបស់ក្រុមហ៊ុន ដែលនឹងបង្កើតតម្លៃបន្ថែមខ្ពស់ក្នុងវិស័យទេសចរណ៍ ជាពិសេស នឹងចូលរួមជួយជំរុញទេសចរណ៍មូស្លីម និងទាក់ទាញភ្ញៀវទេសចរមូស្លីម។
ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានផ្តល់អនុសាសន៍ដល់ក្រុមហ៊ុន ស្វែងរកការប្រឹក្សាផ្លូវច្បាប់ ដើម្បីអនុវត្តគម្រោងខាងលើ ឱ្យស្របតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមានផងដែរ។ ដោយ៖ ប៉ៃ សុឃីម

## Published fields

- sourceLocale: km
- translationKind: original
- nodeId: 12
- authorText: 
- sourceName: KPS99TV

## References


