{"asset":"news","key":"5636","locale":"km","id":"news:5636:km","entityId":"news:5636","canonicalUrl":"https://www.kps-tv.com/km/news/detail/5636","state":"ready","title":"រាជរដ្ឋាភិបាលចេញសារាចរ កំណត់វិធានការសន្សំសំចៃប្រេងឥន្ធនៈ និងអគ្គិសនី ខណៈថ្លៃថាមពលសកលកើនឡើង","summary":"សារាចរតម្រូវឱ្យស្ថាប័នគ្រប់ថ្នាក់កាត់បន្ថយចំណាយប្រេងនិងបេសកកម្ម ពង្រឹងចរាចរណ៍ និងបង្កើនប្រសិទ្ធភាពអគ្គិសនីក្នុងអគារនិងភ្លើងសាធារណៈ។","body":"ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រមុខរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា  បានចេញសារាចរមួយ ស្តីពីវិធានការសន្សំសំចៃលើការប្រើប្រាស់ប្រេងឥន្ធនៈ និងអគ្គិសនី ក្នុងគោលបំណងឆ្លើយតបនឹងស្ថានភាពកើនឡើងនៃថ្លៃថាមពលសកល បណ្តាលមកពីវិបត្តិសង្គ្រាមនៅតំបន់មជ្ឈឹមបូព៌ា។\nតាមសារាចរនេះ ស្ថានការណ៍សង្គ្រាមដែលកំពុងបន្ត និងរីករាលដាល បានបង្កឱ្យមានផលប៉ះពាល់ដល់ខ្សែច្រវាក់ផ្គត់ផ្គង់ប្រេងឆៅលើសកលលោក បណ្ដាលឱ្យថ្លៃប្រេងឥន្ធនៈកើនឡើងយ៉ាងគំហុក រួមទាំងនៅកម្ពុជា។ ជាមួយគ្នានេះ ថ្លៃដើមផលិតអគ្គិសនីក៏ត្រូវបានរំពឹងថានឹងកើនឡើងផងដែរ ដោយសារប្រេងឥន្ធនៈជាធាតុចូលសំខាន់ក្នុងការផលិតថាមពលអគ្គិសនី។\nយ៉ាងណាមិញ ផ្អែកលើការវាយតម្លៃរបស់ក្រសួងរ៉ែ និងថាមពល អគ្គិសនីកម្ពុជា និងបណ្តាក្រុមហ៊ុននាំចូលប្រេងឥន្ធនៈ បានបញ្ជាក់ថា សមត្ថភាពផ្គត់ផ្គង់ប្រេងឥន្ធនៈ និងអគ្គិសនីនៅកម្ពុជា នៅតែអាចរក្សាបាននូវស្ថិរភាព សម្រាប់គាំទ្រប្រតិបត្តិការសេដ្ឋកិច្ច និងសេវាសាធារណៈ។\nក្នុងបរិបទនេះ រាជរដ្ឋាភិបាលបានដាក់ចេញវិធានការសំខាន់ៗ សម្រាប់ក្រសួង ស្ថាប័នទាំងអស់ ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដើម្បីសន្សំសំចៃការប្រើប្រាស់ថាមពល។\nសម្រាប់វិធានការលើការប្រើប្រាស់ប្រេងឥន្ធនៈ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ត្រូវពិនិត្យ និងកាត់បន្ថយចំណាយថវិកាដែលពាក់ព័ន្ធ ជាពិសេសលើប្រេងឥន្ធនៈ និងបេសកកម្ម ក្នុង និងក្រៅប្រទេស លើកលែងតែករណីចាំបាច់ពាក់ព័ន្ធនឹងអធិបតេយ្យជាតិ សន្តិសុខ និងសេវាសាធារណៈសំខាន់ៗ។ ខណៈក្រសួងមហាផ្ទៃ ត្រូវជំរុញអាជ្ញាធរមូលដ្ឋាន ឱ្យបង្កើនការគ្រប់គ្រងចរាចរណ៍ និងកាត់បន្ថយការកកស្ទះ ដើម្បីជួយសន្សំសំចៃប្រេងឥន្ធនៈ។\nជាមួយគ្នានេះ រាជរដ្ឋាភិបាលក៏លើកទឹកចិត្តឱ្យក្រសួង ស្ថាប័ន កាត់បន្ថយការធ្វើដំណើរចម្ងាយសម្រាប់សិក្ខាសាលា និងកិច្ចប្រជុំ ដោយផ្លាស់ប្តូរទៅប្រើប្រព័ន្ធអនឡាញជំនួស តាមដែលអាចធ្វើទៅបាន។\nចំពោះវិធានការលើការប្រើប្រាស់អគ្គិសនី ក្រសួងរ៉ែ និងថាមពល ត្រូវរៀបចំសេចក្តីណែនាំលម្អិតអំពីការប្រើប្រាស់ថាមពលប្រកបដោយប្រសិទ្ធភាព និងសហការជាមួយក្រសួងព័ត៌មាន ក្នុងការផ្សព្វផ្សាយដល់សាធារណជន។ ព្រមទាំង ក្រសួង ស្ថាប័នទាំងអស់ ត្រូវអនុវត្តវិធានការសន្សំសំចៃអគ្គិសនីក្នុងអគាររដ្ឋបាល និងការងារប្រចាំថ្ងៃ។\nបន្ថែមពីនេះ រដ្ឋបាលរាជធានី-ខេត្ត ត្រូវសហការជាមួយអគ្គិសនីកម្ពុជា ដើម្បីពង្រឹងប្រសិទ្ធភាពប្រព័ន្ធភ្លើងបំភ្លឺសាធារណៈ ខណៈដែលគ្រប់ស្ថាប័នត្រូវបន្តបំផុសចលនាសន្សំសំចៃថាមពលជាសាធារណៈ។\nសារាចរនេះ ក៏បានអំពាវនាវឱ្យក្រសួង ស្ថាប័នទាំងអស់ អនុវត្តវិធានការខាងលើយ៉ាងម៉ឺងម៉ាត់ ប្រកបដោយប្រសិទ្ធភាព និងស្មារតីទទួលខុសត្រូវខ្ពស់។ ដោយ៖ KPS99TV","contentScope":"full","proof":{"publishedSourceRevision":"1","publishedWorkingVersionId":"14444","languageVersionId":"9390","visibilityVersion":"2","versionToken":"a1.oPKp5c-Zzf1JYLK-xsNZid25DlQMHEk5hmC8SQB-JX8"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":"KPS99TV"},"references":[],"links":[],"publishedAt":"2026-03-22T03:19:20Z"}