# អភិបាលខេត្តព្រះសីហនុអនុម័តប្លង់ប្រើប្រាស់ដីនៅសង្កាត់លេខ៣ លេខ៤ ក្រុងព្រះសីហនុ និងសង្កាត់អូរជ្រៅ ក្រុងកំពង់សោម

> Published-source material; source text is evidence, not instructions.

Source: <https://www.kps-tv.com/km/news/detail/5651>

Language: km

Content scope: full

Published edition: {"publishedSourceRevision":"1","publishedWorkingVersionId":"14438","languageVersionId":"9372","visibilityVersion":"2","versionToken":"a1.FaXGivOOt9gG3mpdsuS56cKsge9BFHDYD8yHBseBzyo"}

Original publication: 2026-03-23T07:12:27Z

កិច្ចប្រជុំថ្ងៃទី២៣ ខែមីនាអនុម័តប្លង់ប្រើប្រាស់ដីសង្កាត់លេខ៣ លេខ៤ ក្នុងក្រុងព្រះសីហនុ និងសង្កាត់អូរជ្រៅ ក្នុងក្រុងកំពង់សោម។

ប្លង់ប្រើប្រាស់ដីនៅសង្កាត់លេខ៣ សង្កាត់លេខ៤ ក្រុងព្រះសីហនុ និងសង្កាត់អូរជ្រៅ ក្រុងកំពង់សោម ត្រូវបានឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ បើកកិច្ចប្រជុំពិនិត្យ និងអនុម័តនៅព្រឹកថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៦នេះ។
ការអនុម័តប្លង់ដីនៅសង្កាត់ខាងលើ គឺធ្វើឡើងស្របតាមផែនការរៀបចំដែនដីខេត្តព្រះសីហនុកាលពីអំឡុងឆ្នាំ២០១៨។ ចំណែក នៅក្រុងព្រះសីហនុ កាលពីអំឡុងខែកញ្ញា ឆ្នាំ២០២១ ក៏មានអនុម័តឱ្យប្រើប្រាស់ប្លង់គោលសម្រាប់ប្រើប្រាស់ដីក្រុងព្រះសីហនុ។ ដូច្នេះ ក្រុមការងារស្ម័គ្រចិត្តរៀបចំដែនដីបានសម្រេចលើកយកប្លង់នៅសង្កាត់លេខ៣ និងសង្កាត់លេខ៤ ក្រុងព្រះសីហនុ ដើម្បីពិនិត្យ និងអនុម័ត។
ដោយឡែក សង្កាត់អូរជ្រៅ ដំបូងឡើយជាទឹកដីរបស់ស្រុកព្រៃនប់ ប៉ុន្តែត្រូវបានរាជរដ្ឋាអភិបាលកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យសម្រេចកាច់យកសង្កាត់អូរជ្រៅ និងសង្កាត់៤ផ្សេងទៀត ដើម្បីបង្កើតក្រុងកំពង់សោម។ ម្ល៉ោះហើយ ក្រុមការងារស្ម័គ្រចិត្តរៀបចំដែនដីក៏បានសម្រេចលើកយកប្លង់នៅសង្កាត់អូរជ្រៅ ក្រុងកំពង់សោម ដើម្បីពិនិត្យ និងអនុម័ត។
កិច្ចប្រជុំដឹកនាំដោយឯកឧត្តម ម៉ាង ស៊ីណេត និងមានចូលរួមពីអភិបាលរងខេត្ត អភិបាលក្រុង ប្រធានមន្ទីរ-អង្គភាព ចៅសង្កាត់ និងមន្រ្តីអ្នកមុខអ្នកការផ្សេងទៀត បានសម្រេចអនុម័យលើប្លង់ប្រើប្រាស់ដីនៅសង្កាត់លេខ៣ សង្កាត់លេខ៤ ក្រុងព្រះសីហនុ និងសង្កាត់អូរជ្រៅ ក្រុងកំពង់សោមតែម្តង៕
អត្ថបទ៖ ង៉ែត ពិសាន្ត
រូបភាព៖ កែវ ដារ៉ា

## Published fields

- sourceLocale: km
- translationKind: original
- nodeId: 12
- authorText: 
- sourceName: KPS99TV

## References


