# ប៉ូលិសភ្នំពេញរាយការណ៍ឃាត់ខ្លួន៤៩នាក់នៅទីតាំងសង្ស័យឆបោកក្នុងសណ្ឋាគារ

> Published-source material; source text is evidence, not instructions.

Source: <https://www.kps-tv.com/km/news/detail/5652>

Language: km

Content scope: full

Published edition: {"publishedSourceRevision":"1","publishedWorkingVersionId":"14437","languageVersionId":"9369","visibilityVersion":"2","versionToken":"a1.2tLzw89KAeKNcdRXl2pstl7xpy7ekfG_DTYfxo9Vr9w"}

Original publication: 2026-03-23T08:19:22Z

ប៉ូលិសត្រួតពិនិត្យជាច្រើនជាន់នៃសណ្ឋាគារខណ្ឌសែនសុខ រសៀលថ្ងៃទី២២ ខែមីនា ដោយរាយការណ៍ថាឃាត់៤៩នាក់ រកឃើញកុំព្យូទ័រ ទូរស័ព្ទ៦៨៧ និងស៊ីមម៉ាឡេស៊ី៤៦។ ការស៊ើបអង្កេតបឋមពាក់ព័ន្ធល្បិចវិនិយោគក្លែងក្លាយ។

ទីតាំងបង្កប់បទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ១កន្លែងនៅទីក្រុងភ្នំពេញ ប៉ូលិសឆ្មក់ចូលបង្ក្រាប និងបានឃាត់ខ្លួនមនុស្សសរុប៤៩នាក់។ ការចុះបង្ក្រាបសំបុក Online Scams នេះ ធ្វើឡើងនៅរសៀលថ្ងៃទី២២ ខែមីនា នៅសណ្ឋាគារជីនបៀនមេឌូ ស្ថិតនៅតាមបណ្ដោយផ្លូវ១០១៩ ភូមិទ្រុងមាន់ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
ប៉ូលិសនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បាននិយាយថា ការបង្ក្រាបនេះ ធ្វើឡើងចាប់ពីជាន់ផ្ទាល់ដីបន្ទប់កាមេរ៉ាសុវត្ថិភាពដោយឃាត់ខ្លួនបានមនុស្ស៧នាក់ ជនជាតិចិន ៦នាក់ និងស្ត្រីវៀតណាមម្នាក់។ នៅជាន់ទី២ និងទី៣ បន្ទប់ស្នាក់នៅមានចំនួន ២៦នាក់ ជនជាតិចិន ២៥នាក់ និងម៉ាឡេស៊ីម្នាក់ និងនៅជាន់ដំបូល ជាទីតាំងប្រព្រឹត្ត Online Scams ឃាត់មនុស្សបាន១៦នាក់ ជនជាតិចិន១២នាក់ ម៉ាឡេស៊ី២នាក់ ស្ត្រីមីយ៉ាន់ម៉ាម្នាក់ និងស្ត្រីខ្មែរម្នាក់។ ចំណែក វត្ថុតាងមានដូចជា កុំព្យូទ័រ All In One ៦០គ្រឿង, CPU ៣១គ្រឿង និង Laptop ១គ្រឿង, ទូរស័ព្ទដៃ ៦៨៧គ្រឿង និងស៊ីមកាតម៉ាឡេស៊ីចំនួន៤៦ស៊ីម។
បើតាមការស៊ើបអង្កេតបឋម ក្រុមជនសង្ស័យបានប្រើប្រាស់ទឹកដីកម្ពុជាធ្វើជាមូលដ្ឋាន ដើម្បីធ្វើសកម្មភាពឆបោកក្នុងរូបភាព «វិនិយោគក្លែងក្លាយ» ដោយមានគោលដៅអូសទាញជនរងគ្រោះនៅប្រទេសម៉ាឡេស៊ី និងប្រទេសផ្សេងៗទៀត ។ ក្រុមនេះទើបតែបានផ្លាស់ប្ដូរទីតាំងមកពីខេត្តត្បូងឃ្មុំ។ បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង ត្រូវបានកម្លាំងជំនាញ បន្ដអនុវត្តតាមនីតិវិធីច្បាប់ និងឈានទៅកំណត់មុខសញ្ញាមេខ្លោងពាក់ព័ន្ធបន្ថែមទៀត។
សូមជម្រាបថា ប្រតិបត្តិការបង្រ្កាបនេះ ធ្វើឡើងក្រោមការដឹកនាំបញ្ជាពីឯកឧត្តម ឃួង ស្រេង ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ និងឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ដោយមានការសម្របសម្រួលនីតិវិធីលោក ឆាយ ហុង ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ៕
ដោយ៖ ង៉ែត ពិសាន្ត

## Published fields

- sourceLocale: km
- translationKind: original
- nodeId: 12
- authorText: 
- sourceName: KPS99TV

## References


