# ប៉ូលិសបាត់ដំបងរាយការណ៍ឃាត់ខ្លួនស្ត្រី៣នាក់សង្ស័យលួចទ្រព្យក្នុងផ្ទះ

> Published-source material; source text is evidence, not instructions.

Source: <https://www.kps-tv.com/km/news/detail/5655>

Language: km

Content scope: full

Published edition: {"publishedSourceRevision":"1","publishedWorkingVersionId":"14435","languageVersionId":"9363","visibilityVersion":"2","versionToken":"a1.EOCMeajNAhpAhMDupvM4nHgWXzFKeJemCuYdljCfLnM"}

Original publication: 2026-03-23T10:19:39Z

ម្ចាស់បណ្ដឹងរាយការណ៍បាត់៤៩៥លានរៀល ៤០០០ដុល្លារ និងខ្សែក២ខ្សែ។ ប៉ូលិសថាឃាត់ខ្លួនជនសង្ស័យ៣នាក់ថ្ងៃទី២១ ខែមីនា ក្នុងនោះ២នាក់អាយុ១៦ឆ្នាំ ហើយសំណុំរឿងកំពុងបន្តនីតិវិធី។

កម្លាំងស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យ៣នាក់សុទ្ធតែជាមនុស្សស្រី ក្នុងករណីសង្ស័យចូលលួចគ្រឿងអលង្ការនិងលុយជាង១០ម៉ឺនដុល្លារ ស្ថិតនៅភូមិផ្កាស្លា សង្កាត់ចំការសំរោង ក្រុងបាត់ដំបង ខេត្តបាត់ដំបង។
ការឈានដល់ការឃាត់ខ្លួនជនសង្ស័យទាំង៣នាក់ ធ្វើឡើងក្រោយពីមានពាក្យបណ្តឹងពីជនរងគ្រោះឈ្មោះ ថាច់ ប៊ុនសុង បានរាយការណ៍ថា ខ្លួនបានបាត់លុយខ្មែរចំនួន ៤៩៥,០០០,០០០ (បួនរយកៅសិបប្រាំលានរៀល), លុយដុល្លារចំនួន ៤,០០០ដុល្លារ (បួនពាន់ដុល្លារ), ខ្សែកមាសចំនួន ០១ខ្សែទម្ងន់០៣តំឡឹង និងខ្សែកកាឡៃចំនួន ០១ខ្សែ ទម្ងន់០៥តំឡឹង។ ភ្លាមៗក្រោយបានទទួលបណ្តឹងពីជនរងគ្រោះ និងមានការសម្របសម្រួលនីតិវិធីពីឯកឧត្តម មាស ចាន់ពិសិដ្ឋ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបង លោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការនគរបាលខេត្ត បានបញ្ជាឱ្យកម្លាំងផ្នែកព្រហ្មទណ្ឌចុះស្រាវជ្រាវទើបឃាត់ខ្លួនបានជនសង្ស័យចំនួន០៣នាក់ កាលពីថ្ងៃទី២១ ខែមីនា។
ជនសង្ស័យទាំង៣នាក់នេះ បើតាមអគ្គស្នងការដ្ឋាននគរបាលជាតិ បានបញ្ជាក់ថា ទី១. ឈ្មោះ វង់ កញ្ញា ភេទស្រី អាយុ១៦ឆ្នាំ ទី២. ឈ្មោះ ម៉ុន ម៉ុត ភេទស្រី អាយុ៣៧ឆ្នាំ និងទី៣. ឈ្មោះ ប៉ាកកា ជីឡូរី ភេទស្រី អាយុ១៦ឆ្នាំ។ យ៉ាងណា នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានឆ្លើយសារភាពថា ពួកខ្លួនពិតជាបានធ្វើសកម្មភាពចូលផ្ទះរបស់ជនរងគ្រោះលួចលុយ និងគ្រឿងអលង្ការពិតប្រាកដមែន។ បច្ចុប្បន្ន ជនសង្ស័យត្រូវបានកម្លាំងនគរបាលក្រុងបាត់ដំបងកសាងសំណុំរឿងបញ្ជូនទៅការិយាល័យជំនាញខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី៕
ដោយ៖ ង៉ែត ពិសាន្ត

## Published fields

- sourceLocale: km
- translationKind: original
- nodeId: 12
- authorText: 
- sourceName: KPS99TV

## References


