{"asset":"news","key":"5659","locale":"km","id":"news:5659:km","entityId":"news:5659","canonicalUrl":"https://www.kps-tv.com/km/news/detail/5659","state":"ready","title":"ក្រសួងព័ត៌មានរាយការណ៍កិច្ចពិភាក្សាអក្ខរកម្មព័ត៌មានជាមួយអ្នកសម្របសម្រួលអង្គការសហប្រជាជាតិ","summary":"តាមសេចក្ដីរាយការណ៍ លោក នេត្រ ភក្ត្រា និងអ្នកសម្របសម្រួលអង្គការសហប្រជាជាតិ លោកស្រី Vladanka Andreeva បានជួបថ្ងៃទី២៣ ខែមីនា ពិភាក្សាអក្ខរកម្មព័ត៌មាន ការទប់ស្កាត់ព័ត៌មានមិនពិត និងស្តង់ដារវិជ្ជាជីវៈ។","body":"នៅរសៀលថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងព័ត៌មាន ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានទទួលជួបពិភាក្សាការងារជាមួយ លោកស្រី Vladanka Andreeva អ្នកសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំកម្ពុជា ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យព័ត៌មាន ជាពិសេសការលើកកម្ពស់អក្ខរកម្មព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយ ដើម្បីធានាសន្តិសុខ និងសុវត្ថិភាពព័ត៌មានសម្រាប់ប្រជាពលរដ្ឋ។\nក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រីបានលើកឡើងថា ក្នុងអាណត្តិទី៧ ក្រសួងព័ត៌មានបានបម្លែងតួនាទីជាស្ថាប័នសាធារណៈសំខាន់មួយរបស់រាជរដ្ឋាភិបាល ដោយផ្តោតលើការគ្រប់គ្រងសន្តិសុខព័ត៌មានផ្អែកលើសសរស្តម្ភសំខាន់៣ រួមមាន៖ សិទ្ធិទទួលព័ត៌មាន គុណភាពព័ត៌មាន និងសុវត្ថិភាពព័ត៌មាន។ ក្នុងបរិបទដែលប្រព័ន្ធផ្សព្វផ្សាយឌីជីថល និងបណ្តាញសង្គមកំពុងរីកចម្រើនយ៉ាងឆាប់រហ័ស ការធានាឱ្យប្រជាពលរដ្ឋទទួលបានព័ត៌មានដែលមានភាពត្រឹមត្រូវ ប្រភពច្បាស់លាស់ និងមានសុវត្ថិភាព ត្រូវបានកំណត់ជាអាទិភាពសំខាន់។\nជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រីបានរាយការណ៍អំពីលទ្ធផលជោគជ័យនៃយុទ្ធនាការ «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ» ដែលបានអនុវត្តទូទាំង២៥ រាជធានី-ខេត្ត។ យុទ្ធនាការនេះបានរួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់សមត្ថភាពប្រជាពលរដ្ឋ ឱ្យអាចវិភាគ និងប្រយ័ត្នប្រយែងចំពោះព័ត៌មានក្លែងក្លាយ ព័ត៌មានបំភ្លៃ និងការប្រើប្រាស់បច្ចេកវិទ្យា AI ក្នុងការបង្កើតព័ត៌មានមិនពិត នៅក្នុងសម័យឌីជីថល។\nយោងតាមរបាយការណ៍ លោកស្រី Vladanka Andreeva បានបង្ហាញការគាំទ្រយ៉ាងពេញទំហឹងចំពោះយុទ្ធនាការនេះ ហើយបានវាយតម្លៃខ្ពស់លើតួនាទីសកម្មរបស់ក្រសួងព័ត៌មាន ក្នុងការទប់ស្កាត់ការបំពុលព័ត៌មាន ដែលអាចប៉ះពាល់ដល់សណ្តាប់ធ្នាប់សង្គម និងសុខុមាលភាពរបស់ប្រជាជន ជាពិសេសយុវវ័យ។\nលើសពីនេះ ក្រសួងព័ត៌មានក៏កំពុងបន្តពង្រឹងសណ្តាប់ធ្នាប់ និងវិជ្ជាជីវៈសារព័ត៌មាន ដោយផ្តោតលើការគោរពក្រមសីលធម៌ និងនិយាមវិជ្ជាជីវៈ ដើម្បីធានាផ្តល់ព័ត៌មានពិត និងមានគុណភាព។ ការរៀបចំលិខិតបទដ្ឋានគតិយុត្តក៏ត្រូវបានជំរុញ ដើម្បីគាំទ្រការអភិវឌ្ឍវិស័យព័ត៌មានឱ្យមានប្រសិទ្ធភាព និងទទួលខុសត្រូវខ្ពស់ចំពោះសង្គម។\nក្នុងឱកាសដដែលនេះ ឯកឧត្តមរដ្ឋមន្ត្រីបានថ្លែងអំណរគុណចំពោះការចូលរួមរបស់ទីភ្នាក់ងារអង្គការសហប្រជាជាតិ ដូចជា UNESCO និង OHCHR ដែលបានគាំទ្រកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងព័ត៌មាន។ ភាគីទាំងពីរបានប្តេជ្ញាចិត្តបន្តសហការយ៉ាងជិតស្និទ្ធ ដើម្បីបំលែងបញ្ហាប្រឈមបច្ចេកវិទ្យាទៅជាឱកាស សម្រាប់កសាងសង្គមកម្ពុជាដែលមានភាពធន់ ចំណេះដឹងខ្ពស់ និងផ្អែកលើព័ត៌មានពិតប្រាកដ ដើម្បីជំរុញការអភិវឌ្ឍប្រកបដោយបរិយាបន្ន។ ដោយ៖ KPS99TV","contentScope":"full","proof":{"publishedSourceRevision":"1","publishedWorkingVersionId":"14433","languageVersionId":"9357","visibilityVersion":"2","versionToken":"a1.bmSk4QKzlav1RYN3sDiwwdkzYuyjNjozt25fOUFg6uo"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":"KPS99TV"},"references":[],"links":[],"publishedAt":"2026-03-24T03:18:15Z"}