{"asset":"news","key":"5672","locale":"km","id":"news:5672:km","entityId":"news:5672","canonicalUrl":"https://www.kps-tv.com/km/news/detail/5672","state":"ready","title":"អភិបាលខេត្តកំពតបញ្ជាឱ្យកាយដីមាត់ព្រែកចេញក្នុង១សប្ដាហ៍ បើមិនអនុវត្តនឹងរៀបចំបញ្ជូនទៅតុលាការ","summary":"លោក ម៉ៅ ធនិន បានចុះពិនិត្យភូមិតាអង្គនៅថ្ងៃទី២៤ ខែមីនា និងណែនាំរដ្ឋបាលក្រុងស្រុកទាំង៩ឱ្យពិនិត្យព្រំដីសាធារណៈ និងសំណើសាងសង់ឱ្យបានម៉ត់ចត់។","body":"ឯកឧត្តមអភិបាលខេត្តកំពត បានដាក់បទបញ្ជាដល់អាជ្ញាធរក្រុង សង្កាត់ ត្រូវឱ្យម្ចាស់ដីដែលចាក់ដីចូលព្រែក កាយចេញជាបន្ទាន់ ដោយទុកពេលរយៈពេល ១ សប្តាហ៍។ ប្រសិនបើម្ចាស់ដីខាងលើមិនអនុវត្តតាមការណែនាំនេះ អាជ្ញាធរខេត្តនឹងកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការ ដើម្បីចាត់វិធានការតាមផ្លូវច្បាប់ ដោយពុំមានការលើកលែងនោះឡើយ។\nឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត មានប្រសាសន៍ដូចនេះ ក្នុងឱកាសចុះពិនិត្យដល់ទីតាំងផ្ទាល់ ដើម្បីចាត់វិធានការបន្ទាន់។ ក្រោយចុះពិនិត្យជាក់ស្តែង សង្កេតឃើញថា ពិតជាមានករណីចាក់ដីចូលព្រែកពិតប្រាកដ នៅព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៦ ស្ថិតនៅភូមិតាអង្គ សង្កាត់ត្រើយកោះ ក្រុងកំពត។\nក្នុងនោះ ឯកឧត្តមអភិបាលខេត្ត ក៏បានបញ្ជាក់ថា រាល់បុគ្គលណាដែលមានបំណងមិនល្អ ចង់យកដីសាធារណៈរបស់រដ្ឋ ដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន ឬបក្ខពួក ដោយមិនគិតពីផលប្រយោជន៍រួមរបស់ប្រជាជន អាជ្ញាធរខេត្តនឹងចាត់វិធានការដោយមិនមានការលើកលែង ទោះបីសំណង់ ឬរបងដែលសាងសង់រំលោភលើដីរដ្ឋ ត្រូវបានសាងសង់មុនពេលឯកឧត្តមមកដឹកនាំខេត្តនេះក៏ដោយ។\nឯកឧត្តមអភិបាលខេត្ត បានជំរុញឱ្យអាជ្ញាធរក្រុង-ស្រុកទាំង ៩ ពិនិត្យឱ្យបានល្អិតល្អន់ និងគ្រប់ជ្រុងជ្រោយ ចំពោះការស្នើសុំសាងសង់សំណង់ ឬទីតាំងណាមួយរបស់ប្រជាពលរដ្ឋ ថាតើមានចូលលើដីសាធារណៈរបស់រដ្ឋដែរឬទេ។ ប្រសិនបើមាន ត្រូវជូនដំណឹងឱ្យពួកគាត់អនុវត្តតែការសាងសង់លើដីកម្មសិទ្ធរបស់ខ្លួន ដើម្បីជៀសវាងការខាតបង់នៅពេលក្រោយ។\nក្នុងដំណើរចុះពិនិត្យនេះដែរ ឯកឧត្តមអភិបាលខេត្តកំពត បានណែនាំឱ្យអាជ្ញាធរក្រុងកំពត សិក្សាប្រព័ន្ធផ្លូវចូលទៅកាន់តំបន់កម្សាន្តក្នុងភូមិតាអង្គ ដើម្បីរៀបចំស្ថាបនាជាផ្លូវបេតុងអាមេជូន ដល់ប្រជាពលរដ្ឋក្នុងភូមិ សម្រាប់ប្រើប្រាស់ជាប្រយោជន៍រួម និងបង្កើនភាពងាយស្រួលក្នុងការធ្វើដំណើរចេញចូលរបស់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរ៕ ដោយ៖ ប៉ៃ សុឃីម","contentScope":"full","proof":{"publishedSourceRevision":"1","publishedWorkingVersionId":"14424","languageVersionId":"9330","visibilityVersion":"2","versionToken":"a1.eb2TWOITpzmOz62HkQZcIcmsvO77z-mPRsrv7S2B7po"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":"KPS99TV"},"references":[],"links":[],"publishedAt":"2026-03-24T09:04:03Z"}