{"asset":"news","key":"5684","locale":"km","id":"news:5684:km","entityId":"news:5684","canonicalUrl":"https://www.kps-tv.com/km/news/detail/5684","state":"ready","title":"អភិបាលខេត្តកំពតទុកពេល១សប្ដាហ៍ឱ្យកាយដី និងរុះរើសំណង់ដែលអាជ្ញាធរថារំលោភមាត់ព្រែក","summary":"ក្រោយចុះពិនិត្យនៅភូមិតាអង្គ ថ្ងៃទី២៤ ខែមីនា លោក ម៉ៅ ធនិន បានបញ្ជាឱ្យយកដីចាក់ និងសំណង់បេតុងចេញ ដោយឱ្យអាជ្ញាធរតាមដានការអនុវត្ត។","body":"ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត បានប្រកាសទុកពេល១សប្តាហ៍ជាកំហិតឱ្យអ្នកចាក់ដីរំលោភដីចំណីព្រែកកំពត ធ្វើការកាយដីនិងយកសំណង់បេតុងដែលបានសាងសង់នោះចេញវិញទាំងអស់។ ការដាក់ឱសានវាទដូច្នេះ ធ្វើឡើងនៅពេលឯកឧត្តមចុះពិនិត្យករណីរំលោភបំពានដីចំណីព្រែកកំពត ដែលជាសម្បត្តិសាធារណៈរបស់រដ្ឋ ស្ថិតក្នុងភូមិតាអង្គ សង្កាត់ត្រើយកោះ ក្រុងកំពត កាលពីថ្ងៃទី២៤ មីនា។\nតាមមន្ទីរព័ត៌មានខេត្តកំពត បញ្ជាក់ថា តាមការពិនិត្យជាក់ស្តែងនៅទីតាំងនោះ ជាទីតាំងថ្មី មានការសាងសង់ចាក់បេតុងការពារច្រាំង និងចាក់ដីបំពេញរំលោភចូលក្នុងចរន្តទឹកព្រែកខុសច្បាប់ពិតមែន។ អភិបាលខេត្ត បានទុកឱកាសឱ្យម្ចាស់ទីតាំងរយៈពេល១សប្តាហ៍ជាកំហិត ដើម្បីធ្វើការកាយដី និងយកសំណង់បេតុងដែលបានសាងសង់រំលោភនោះចេញវិញទាំងអស់។\nបើតាមឯកឧត្តមអភិបាលខេត្ត វិធានការនេះត្រូវបានធ្វើឡើងដើម្បីការពារប្រយោជន៍សាធារណៈ និងរក្សាសម្រស់ធម្មជាតិនៃដងព្រែកកំពត ដែលជាបេះដូងនៃវិស័យទេសចរណ៍ក្នុងខេត្ត។ ឯកឧត្តមបញ្ជាឱ្យអាជ្ញាធរក្រុងកំពត និងមន្ទីរជំនាញ បន្តតាមដានការអនុវត្តវិធានការនេះឱ្យមានប្រសិទ្ធភាពបំផុត ដើម្បីធានាថាគ្រប់ការអភិវឌ្ឍទាំងអស់ត្រូវអនុវត្តតាមច្បាប់ និងមិនប៉ះពាល់ដល់បរិស្ថានធម្មជាតិ៕\nដោយ៖ ង៉ែត ពិសាន្ត","contentScope":"full","proof":{"publishedSourceRevision":"1","publishedWorkingVersionId":"14416","languageVersionId":"9306","visibilityVersion":"2","versionToken":"a1.ECw2fMR-Fk9SWpbFOyKCURrCgzm4ciBhqTIYiVykF9U"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":"KPS99TV"},"references":[],"links":[],"publishedAt":"2026-03-25T03:19:28Z"}