{"asset":"news","key":"5710","locale":"km","id":"news:5710:km","entityId":"news:5710","canonicalUrl":"https://www.kps-tv.com/km/news/detail/5710","state":"ready","title":"គណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ ចុះត្រួតពិនិត្យចំនួន ០៤ ទីតាំង ឃាត់ខ្លួនជនបរទេស ១៧ នាក់ ពាក់ព័ន្ធករណី Online Scam","summary":"ថ្ងៃទី២៥ ខែមីនា មន្ត្រីត្រួតពិនិត្យផ្ទះ២២ខ្នង និងឃាត់ខ្លួនបុរស១៧នាក់នៅទីតាំងមួយក្នុងខណ្ឌច្បារអំពៅ។","body":"ក្រោមការបញ្ជាផ្ទាល់ពី ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និង ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ដោយមានការចូលរួមពីអាជ្ញាធរខណ្ឌច្បារអំពៅ និងការសម្របសម្រួលនីតិវិធីពី លោកស្រី ភី ស៊ីថង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី ២៥ ខែមីនា ឆ្នាំ ២០២៦។\nកម្លាំងជំនាញនៃគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ បានចុះត្រួតពិនិត្យចំនួន ០៤ ទីតាំង សរុប ២២ ខ្នងផ្ទះ ក្នុងភូមិសាស្ត្រសង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ មានជនបរទេសស្នាក់នៅ ៥៧ នាក់ (ស្រី ១៤ នាក់) មាន ០៦ សញ្ជាតិ (ចិន វៀតណាម រុស្ស៊ី មីយ៉ាន់ម៉ា កូរ៉េ និងប៉ាគីស្ថាន)។\nតាមការរាយការណ៍របស់សមត្ថកិច្ច ជាលទ្ធផល នៅក្នុងចំណោម ២២ ខ្នងផ្ទះនោះ សមត្ថកិច្ចបានរកឃើញទីតាំងប្រព្រឹត្តបទល្មើសជាក់ស្តែងមួយកន្លែង ស្ថិតនៅផ្ទះលេខ ១១៣-១១៥ ផ្លូវ C០១ ក្នុងភូមិក្តីតាកុយ សង្កាត់វាលស្បូវ ដោយឃាត់ខ្លួនមនុស្សចំនួន ១៧ នាក់ (ប្រុស) ក្នុងនោះរួមមានជនជាតិចិន ចំនួន ១៦ នាក់ (ក្នុងនោះ ១៣ នាក់ គ្មានលិខិតឆ្លងដែន) និងជនជាតិវៀតណាម ចំនួន ១ នាក់ ហើយបានដកហូតសម្ភារៈបម្រើឱ្យសកម្មភាពឆបោក រួមមាន៖ ទូរសព្ទដៃចំនួន ២៧ គ្រឿង, កុំព្យូទ័រ Laptop ០២ គ្រឿង, ឧបករណ៍បញ្ជា (CPU) ០១ គ្រឿង និង Monitor ០១ គ្រឿង។\nយោងតាមការបញ្ជាក់ពីសមត្ថកិច្ចជំនាញ ការចុះបង្ក្រាបនេះធ្វើឡើងដោយសារក្រុមជនសង្ស័យបានលួចលាក់រក្សាទុកឧបករណ៍បម្រើឱ្យអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងការស្នាក់នៅខុសច្បាប់ ដែលផ្ទុយនឹង អនុក្រឹត្យលេខ ០៣ ស្តីពីការគ្រប់គ្រងសន្តិសុខសុវត្ថិភាពតាមទីតាំងរស់នៅប្រមូលផ្តុំ។\nបច្ចុប្បន្ន អាជ្ញាធរបានសម្រេចបិទឃ្លុំទីតាំងនោះជាបណ្តោះអាសន្ន ខណៈដែលមនុស្សទាំង ១៧ នាក់ រួមនឹងវត្ថុតាងទាំងអស់ ត្រូវបានប្រគល់ជូនស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីបន្តការសាកសួរ និងកសាងសំណុំរឿង បញ្ជូនទៅកាន់តុលាការ តាមនីតិវិធីច្បាប់។\nចំពោះអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់យ៉ាងច្បាស់ថា កម្ពុជាមិនមែនជាកន្លែងសម្រាប់ឧក្រិដ្ឋជនបច្ចេកវិទ្យាប្រើប្រាស់ក្នុងការប្រព្រឹត្តបទល្មើសឡើយ ហើយបុគ្គល ឬអង្គភាពណាដែលនៅពីក្រោយសកម្មភាពទាំងនេះ នឹងត្រូវប្រឈមមុខនឹងទោសទណ្ឌខ្ពស់បំផុត ដោយគ្មានការយោគយល់ ឬអន្តរាគមន៍ឡើយ៕ ដោយ៖ ប៉ៃ សុឃីម","contentScope":"full","proof":{"publishedSourceRevision":"1","publishedWorkingVersionId":"14398","languageVersionId":"9252","visibilityVersion":"2","versionToken":"a1.hXQaiG--nCh5baG8qkz87KV3yiTY0yK3295K18x9jbc"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":"KPS99TV"},"references":[],"links":[],"publishedAt":"2026-03-26T02:57:51Z"}