# បញ្ចប់ការស្ដារទំនប់ និងប្រឡាយបុរាណ៨,៣គីឡូម៉ែត្រនៅខាងជើងអង្គរធំ

> Published-source material; source text is evidence, not instructions.

Source: <https://www.kps-tv.com/km/news/detail/5719>

Language: km

Content scope: full

Published edition: {"publishedSourceRevision":"1","publishedWorkingVersionId":"14377","languageVersionId":"9196","visibilityVersion":"2","versionToken":"a1.wwgRSMaD6zHPRCROyPGVsSyfIcHmcO4gunJPuKnhnuQ"}

Original publication: 2026-03-26T06:43:49Z

គម្រោង Angkor Water Resilience Project (AWR) ក្រោមការគាំទ្រពីនូវែលហ្សេឡង់ និងការអនុវត្តរបស់ Live &amp; Learn បានស្ដារទំនប់ប្រឡាយ ជួសជុលទ្វារទឹក៣ និងសាងសង់សំណង់ធារាសាស្ត្រ១៧ ដើម្បីគាំទ្របេតិកភណ្ឌ ការគ្រប់គ្រងទឹក និងភូមិជិតខាង។

អាជ្ញាធរជាតិអប្សរា បានធ្វើការជួសជុល និងស្តារទំនប់/ប្រឡាយបុរាណមួយខ្សែដែលមានប្រវែងសរុប ៨៣០០ម៉ែត្រ ដែលស្ថិតនៅខាងជើងក្រុងអង្គរធំ ចាប់ពីភូមិភ្លង់ ឃុំលាងដៃ រហូតដល់តំបន់អភិវឌ្ឍពាក់ស្នែង ក្រុងអង្គរធំ។ តាមរយៈគម្រោងគ្រប់គ្រងទឹកអង្គរប្រកបដោយប្រសិទ្ធភាព និងចីរភាពដើម្បីភាពធន់នឹងការប្រែប្រួលអាកាសធាតុ និងសង្គមសេដ្ឋកិច្ច ឬ Angkor Water Resilience Project (AWR) ទំនប់ប្រឡាយទឹកបុរាណនេះបានបញ្ចប់រួចរាល់ជាស្ថាពរ និងបានរួមចំណែកក្នុងការងារអភិរក្សទំនប់ប្រឡាយបុរាណ ទេសភាពវប្បធម៌ និងជាការស្តារប្រព័ន្ធប្រមូលទឹកពីផ្នែកខាងជើងក្រុងអង្គរធំ ដើម្បីផ្គត់ផ្គង់តាមកសិន្ធុអាងទឹកបុរាណមួយចំនួន និងជួយបំពេញទឹកក្រោមដីក្នុងតំបន់អង្គរ ព្រមទាំងអាចជួយរំដោះទឹកភ្លៀងចេញពីភូមិដ្ឋានរបស់ពលរដ្ឋក្នុងឃុំលាងដៃ និងពាក់ស្នែងផងដែរ។ ប្រឡាយនេះក៏មានតួនាទីជួយរក្សាទឹកទុកសម្រាប់ពលរដ្ឋនៅសងខាងប្រឡាយ យកទៅស្រោចស្រពស្រែចម្ការ ដំណាំ និងផ្តល់ជាផលនេសាទ ព្រមទាំងមានធ្វើជាផ្លូវគ្រួសក្រហមមួយខ្សែលើខ្នងទំនប់ស្របមាត់ប្រឡាយ សម្រាប់ពលរដ្ឋក្នុងភូមិអាចធ្វើចរាចរ និងដឹកជញ្ជូនកសិផលជាដើម។
ក្រៅពីការងារស្តារប្រឡាយ ជួសជុលទំនប់ និងធ្វើផ្លូវនេះ គម្រោងAWR ក៏បានធ្វើការជួសជុលសំណង់ទ្វារទឹកដែលមានស្រាប់ចំនួនបីទីតាំង និងសាងសង់សំណង់ធារាសាស្ត្រថ្មីចំនួន ១៧ទីតាំង តាមបណ្តោយទំនប់ប្រឡាយបុរាណនេះផងដែរ ដើម្បីជាការបង្កើនសមត្ថភាពក្នុងការងារគ្រប់គ្រង ប្រមូល រក្សាទឹកទុក និងចែកចាយផងដែរ។
គួររំឭកផងដែលថា គម្រោងAWR គឺជាគំនិតផ្តួចផ្តើមរបស់អាជ្ញាធរជាតិអប្សរា ក្រោមជំនួយឧបត្ថម្ភពីក្រសួងការបរទេស និងពាណិជ្ជកម្ម(MFAT)នៃប្រទេសនូវែលហ្សេឡង់ (New Zealand) ដែលកំពុងអនុវត្តដោយអង្គការលីវអែនលឺន(Live &amp; Learn)៕ ដោយ៖ ប៉ៃ សុឃីម

## Published fields

- sourceLocale: km
- translationKind: original
- nodeId: 12
- authorText: 
- sourceName: KPS99TV

## References


