# បង្ក្រាបគ្រឿងញៀនទ្រង់ទ្រាយធំ ឃាត់ខ្លួនជនសង្ស័យ ៦នាក់ និងដកហូតថ្នាំញៀនជាង ១៥គីឡូក្រាម នៅខេត្តតាកែវ

> Published-source material; source text is evidence, not instructions.

Source: <https://www.kps-tv.com/km/news/detail/5737>

Language: km

Content scope: full

Published edition: {"publishedSourceRevision":"1","publishedWorkingVersionId":"14368","languageVersionId":"9169","visibilityVersion":"2","versionToken":"a1.75OW1lT-1GE20Q3C3POKUHQGeGOtaZkynVknzd9pZMQ"}

Original publication: 2026-03-27T06:42:35Z

អត្ថបទរាយការណ៍ពីប្រតិបត្តិការនៅតាកែវនិងទីតាំងពីរបន្ថែមនៅភ្នំពេញ ឃាត់ខ្លួន៦នាក់ និងរឹបអូសគ្រឿងញៀន យានយន្ត និងអាវុធកែច្នៃ។

ដោយមានការសម្របសម្រួលនីតិវិធីពីលោក ឯក ឆេងហួត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត កម្លាំងជំនាញកងរាជអាវុធហត្ថ ក្រោមបទបញ្ជា របស់ លោកឧត្តមសេនីយ៍ត្រី សេង មហា មេបញ្ជាការកងរាជអាវុធហត្ថខេត្តតាកែវ  បានបើកប្រតិបត្តិការបង្ក្រាបករណីគ្រឿងញៀនយ៉ាងធំមួយ ដោយពន្លាតដែនសមត្ថកិច្ចពីខេត្តតាកែវ រហូតដល់រាជធានីភ្នំពេញ។
យោងតាមរបាយការណ៍បានឱ្យដឹងថា កម្លាំងមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើស ដឹកនាំដោយលោកវរសេនីយ៍ឯក កែន វណ្ណៈ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តតាកែវ បានចុះបង្ក្រាបដំបូងនៅចំណុចភូមិមហាសេនា ឃុំតាភេម ស្រុកត្រាំកក់។ បន្តស្រាវជ្រាវយ៉ាងក្ដៅគគុក កម្លាំងជំនាញ បាន ពន្លាតប្រតិបត្តិការទៅកាន់រាជធានីភ្នំពេញ ដោយសហការជាមួយកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ក្រោមការសម្របសម្រួលពីលោកព្រះរាជអាជ្ញារង ស៊ីន រក្សា ដោយបង្ក្រាបបានចំនួន ២ទីតាំងបន្ថែមទៀត ក្នុងខណ្ឌសែនសុខ និងខណ្ឌកំបូល។
លទ្ធផលនៃប្រតិបត្តិការដ៏ធំនេះ រួមមាន៖ ការឃាត់ខ្លួនជនសង្ស័យ៖ សរុបចំនួន ០៦នាក់ (ស្រី ០២នាក់) ដែលមានមុខរបរមិនពិតប្រាកដ និងមានទីលំនៅមកពីបណ្ដាខេត្តផ្សេងៗគ្នា រួមមាន តាកែវ ភ្នំពេញ បន្ទាយមានជ័យ និងស្វាយរៀង។ វត្ថុតាងដែលដកហូតបាន រួមមានសារធាតុញៀនសរុប៖ ជាង ១៥ គីឡូក្រាម (រួមមាន ម្សៅក្រាមពណ៌សថ្លា (MET) ជិត ១៤.៤ គីឡូក្រាម, ថ្នាំគ្រាប់ WY ជាង ៣,៥០០គ្រាប់ និងម្សៅពណ៌ទឹកក្រូច (Ketamine) ជាង ១គីឡូក្រាម)។ រថយន្ត LEXUS NX200T ចំនួន ០១គ្រឿង, ម៉ូតូ ០៣គ្រឿង, ម៉ូតូកង់បី (PassApp) ០១គ្រឿង និងទូរស័ព្ទដៃ ០៩គ្រឿង។ កាំភ្លើងកែច្នៃ ០១ដើម, ជញ្ជីងថ្លឹងថ្នាំញៀន ០៣គ្រឿង, ម៉ាស៊ីនអ៊ុតមាត់ថង់ ០១គ្រឿង ព្រមទាំងលិខិតឆ្លងដែន និងសម្ភារៈវេចខ្ចប់មួយចំនួនធំ។
បច្ចុប្បន្ន ជនសង្ស័យ រួមទាំងវត្ថុតាងខាងលើនេះ ត្រូវបានការិយាល័យជំនាញកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងខេត្តតាកែវ ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់ ៕
ដោយ៖ ប៉ៃ សុឃីម

## Published fields

- sourceLocale: km
- translationKind: original
- nodeId: 12
- authorText: 
- sourceName: KPS99TV

## References


