{"asset":"news","key":"5741","locale":"km","id":"news:5741:km","entityId":"news:5741","canonicalUrl":"https://www.kps-tv.com/km/news/detail/5741","state":"ready","title":"បង្ក្រាប Online Scam កណ្តាលក្រុងព្រះសីហនុ! ឃាត់ខ្លួន ៩នាក់ នៅកាស៊ីណូ ជីន យូ មេន តាំង និងដកហូតសម្ភារៈជាច្រើន","summary":"អត្ថបទរាយការណ៍ការត្រួតពិនិត្យផ្ទះ៨០ខ្នងនៅបុរីគុជអាស៊ី និងការត្រួតពិនិត្យជុំទី៣នៅកាស៊ីណូ ជីន យូ មេន តាំង ដែលឃាត់ខ្លួនជនសង្ស័យ៩នាក់។","body":"ព្រះសីហនុ៖ កម្លាំងសមត្ថកិច្ចចម្រុះ នៃគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តព្រះសីហនុ បានបន្តបង្ហាញភាពតឹងរ៉ឹងក្នុងយុទ្ធនាការបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធអនឡាញ (Online Scam) ដោយចុះត្រួតពិនិត្យ និងបង្ក្រាបទីតាំងសង្ស័យជាបន្តបន្ទាប់ ស្របតាមវិធានការពង្រឹងសន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ។\nយោងតាមរបាយការណ៍នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៦ម្សិលមិញនេះ ក្រុមការងារបានចុះត្រួតពិនិត្យទីតាំងសង្ស័យសរុបចំនួន ៨០ ខ្នងផ្ទះ ស្ថិតក្នុងបុរី គុជ អាស៊ី ភូមិ២ សង្កាត់លេខ៣ ក្រុងព្រះសីហនុ។ ជាលទ្ធផល សមត្ថកិច្ចបានដកហូតសម្ភារៈសង្ស័យជាច្រើន រួមមាន កុំព្យូទ័រ ១៣៣ គ្រឿង ទូរសព្ទដៃ ៤៣៩ គ្រឿង និងកាំភ្លើងខ្យល់ ៥ ដើម។\nក្នុងប្រតិបត្តិការត្រួតពិនិត្យជុំទី៣ នៅកាស៊ីណូ ជីន យូ មេន តាំង ស្ថិតក្នុងភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ សមត្ថកិច្ចបានរកឃើញ និងឃាត់ខ្លួនជនសង្ស័យចំនួន ៩ នាក់ ពាក់ព័ន្ធនឹងសកម្មភាពឆបោកអនឡាញ។ ព្រមជាមួយនេះ វត្ថុតាងដូចជា កុំព្យូទ័រ និងទូរសព្ទដៃ ត្រូវបានប្រមូលរក្សាទុកសម្រាប់បម្រើការស៊ើបអង្កេតបន្ត។\nបច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាងទាំងអស់ ត្រូវបានប្រគល់ជូនស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដើម្បីបន្តនីតិវិធីសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅតុលាការ តាមច្បាប់។\nគិតត្រឹមថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៦ សមត្ថកិច្ចចម្រុះបានបង្ក្រាបទីតាំងពាក់ព័ន្ធនឹង Online Scam បានសរុប ១៦ ទីតាំង ក្នុងចំណោមទីតាំងសង្ស័យសរុប ៥៩៦ កន្លែង ដែលបានត្រួតពិនិត្យក្រោមក្របខណ្ឌអនុក្រឹត្យលេខ ០៣។\nបើតាមលេខាធិការដ្ឋានគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (គ.ប.ឆ.ប.) យុទ្ធនាការបោសសម្អាត Online Scam ទូទាំងប្រទេស ចាប់ពីឆ្នាំ២០២៥ រហូតដល់សប្តាហ៍ទី២ ខែមីនា ឆ្នាំ២០២៦ អាជ្ញាធរបានបង្ក្រាប និងបិទខ្ទប់ទីតាំងសរុប ២៣៦ កន្លែង ក្នុងនោះរួមមានកាស៊ីណូ ៩១ កន្លែង និងបុរី វីឡា ខុនដូ និងលំនៅឋានផ្សេងៗ ១៤៥ កន្លែង។\nរបាយការណ៍របស់ក្រសួងយុត្តិធម៌បង្ហាញថា ក្នុងរយៈពេល ៨ ខែចុងក្រោយ តុលាការកម្ពុជាបានដោះស្រាយសំណុំរឿងពាក់ព័ន្ធនឹង Online Scam ចំនួន ៧៩ ករណី ដោយបានផ្តន្ទាទោសមេខ្លោង និងបក្ខពួកសរុប ៦៩៧ នាក់ ដែលមានច្រើនសញ្ជាតិ។ ទន្ទឹមនឹងនេះ អាជ្ញាធរបានកត់សម្គាល់ថា មានមនុស្សពាក់ព័ន្ធជាង ២២ ម៉ឺននាក់ បានគេចខ្លួនចេញពីកម្ពុជា តាមផ្លូវអាកាស និងផ្លូវគោក។\nសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានប្ដេជ្ញាចិត្តយ៉ាងមុតមាំក្នុងការបោសសម្អាតបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ឱ្យអស់ពីកម្ពុជា ត្រឹមខែមេសា ឆ្នាំ២០២៦ ដោយបញ្ជាក់ថា កម្ពុជាមិនមែនជាទីជម្រកសម្រាប់ឧក្រិដ្ឋជនបច្ចេកវិទ្យាទេ ហើយអ្នកពាក់ព័ន្ធទាំងអស់ នឹងត្រូវប្រឈមមុខនឹងទោសទណ្ឌខ្ពស់បំផុត ដោយគ្មានការយោគយល់ឡើយ។\nដោយ៖ KPS99TV","contentScope":"full","proof":{"publishedSourceRevision":"1","publishedWorkingVersionId":"14366","languageVersionId":"9163","visibilityVersion":"2","versionToken":"a1.piWLLQmZjO94dM7RsFaHtod8IhTJA9BVlry3Ak_b_MU"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":"KPS99TV"},"references":[],"links":[],"publishedAt":"2026-03-27T09:11:49Z"}