{"asset":"news","key":"5802","locale":"km","id":"news:5802:km","entityId":"news:5802","canonicalUrl":"https://www.kps-tv.com/km/news/detail/5802","state":"ready","title":"ខេត្តព្រះសីហនុបើកវគ្គចិញ្ចឹមកូនបែបវិជ្ជមាន ដោយផ្តោតលើការអត់ធ្មត់និងជំនាញ","summary":"មន្ទីរកិច្ចការនារីបើកវគ្គថ្ងៃទី៣១ មីនាសម្រាប់មន្ត្រីមូលដ្ឋាន ដើម្បីជំរុញការចិញ្ចឹមកូនដោយគ្មានទណ្ឌកម្មធ្ងន់ធ្ងរនិងអំពើហិង្សា ព្រមទាំងពង្រឹងការស្វែងរកជំនួយនិងការគាំទ្រសហគមន៍។","body":"មន្ទីរកិច្ចការនារីខេត្តព្រះសីហនុ បានបើកវគ្គពង្រឹងសមត្ថភាព ស្តីពី «ការចិញ្ចឹមកូនបែបវិជ្ជមាន» នាថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦ ដោយមានការចូលរួមពីលោកជំទាវ ប្រាក់ ច័ន្ទសុខា សមាជិកក្រុមប្រឹក្សាខេត្ត លោកស្រី សៅ កាន ប្រធានមន្ទីរកិច្ចការនារីខេត្ត និងអភិបាលរងក្រុង ស្រុក ឃុំ សង្កាត់។ ពិធីនេះត្រូវបានរៀបចំនៅសាលប្រជុំរបស់មន្ទីរកិច្ចការនារី ខេត្តព្រះសីហនុ។\nលោកជំទាវ ប្រាក់ ច័ន្ទសុខា បានមានប្រសាសន៍ថា គោលបំណងនៃការបើកវគ្គពង្រឹងសមត្ថភាពនេះ គឺដើម្បីបង្កើនចំណេះដឹង និងលើកកម្ពស់ការយល់ដឹងអំពីការចិញ្ចឹមកូនបែបវិជ្ជមាន ព្រមទាំងជំរុញការផ្លាស់ប្តូរទម្លាប់ អាកប្បកិរិយា និងការប្រព្រឹត្តក្នុងសង្គម ឲ្យគាំទ្រដល់ការចិញ្ចឹមកូន ដោយបំបាត់ការដាក់ទណ្ឌកម្មធ្ងន់ធ្ងរ និងអំពើហិង្សា។ ទន្ទឹមនឹងនេះ ក៏លើកកម្ពស់ឥរិយាបថក្នុងការស្វែងរកជំនួយ ការមានឆន្ទៈ និងចំណាប់អារម្មណ៍ចំពោះការគាំទ្របន្ថែមសម្រាប់ការចិញ្ចឹមកូនបែបវិជ្ជមានផងដែរ។\nលោកជំទាវបានបន្ថែមថា ស្របតាមចក្ខុវិស័យដែលបានបង្ហាញក្នុងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានកំណត់អាទិភាពចម្បង ៥ រួមមាន មនុស្ស ទឹក ភ្លើង ផ្លូវ និងបច្ចេកវិទ្យា។ ជាមួយគ្នានេះ ក៏ផ្តោតសំខាន់លើការលើកកម្ពស់សមភាពយេនឌ័រ និងបង្កើនភាពអង់អាចរបស់ស្ត្រីនៅគ្រប់វិស័យ តាមរយៈការពង្រឹងភាពជាពលរដ្ឋក្នុងសង្គមដែលមានអរិយធម៌ខ្ពង់ខ្ពស់ ប្រកបដោយសីលធម៌ សមធម៌ និងបរិយាបន្ន។\nលោកស្រី សៅ កាន ប្រធានមន្ទីរកិច្ចការនារីខេត្ត បានលើកឡើងថា វគ្គបណ្ដុះបណ្ដាលស្តីពីការចិញ្ចឹមកូនបែបវិជ្ជមាននេះ គឺជាផ្នែកសំខាន់មួយក្នុងការបម្លែងការប្តេជ្ញាចិត្តក្នុងយុទ្ធសាស្ត្រនារីរតនៈទី៦ របស់ក្រសួងកិច្ចការនារី ឲ្យក្លាយជាការអនុវត្តជាក់ស្តែង និងផ្តល់អត្ថប្រយោជន៍ពិតប្រាកដដល់សង្គម។\nជាក់ស្តែង ការចិញ្ចឹមកូនបែបវិជ្ជមាន មិនមែនជាកិច្ចការងាយស្រួលនោះទេ ប៉ុន្តែត្រូវការការអត់ធ្មត់ ភាពកក់ក្តៅ គោលដៅច្បាស់លាស់ និងជំនាញក្នុងការដោះស្រាយបញ្ហា។\nសម្រាប់អាណាព្យាបាលគ្រប់រូប តែងតែចង់ឲ្យកូនៗរបស់ខ្លួនទទួលបានអ្វីដែលល្អបំផុត និងសង្ឃឹមថា ពួកគេនឹងធំធេងឡើងដោយមានសុខភាពល្អ មានសីលធម៌ និងសុជីវធម៌ មានចំណេះដឹង និងជំនាញ ព្រមទាំងមានអនាគតល្អ ដើម្បីបង្កើតគ្រួសាររបស់ខ្លួន និងបន្តរក្សាប្រពៃណី និងវប្បធម៌ល្អរបស់ជាតិ។\nវគ្គបណ្ដុះបណ្ដាលនេះ ក៏ជាមធ្យោបាយសំខាន់មួយក្នុងការផ្តល់បទពិសោធន៍បន្ថែមដល់សិក្ខាកាម ដើម្បីយកទៅផ្សព្វផ្សាយបន្តដល់ក្រុមគោលដៅនៅតាមសហគមន៍របស់ខ្លួន ឲ្យកាន់តែមានប្រសិទ្ធភាព និងប្រសើរឡើងបន្ថែមទៀត៕\nអត្ថបទ៖ ប៉ៃ សុឃីម\n រូបភាព៖ ទាវ វិឆាត","contentScope":"full","proof":{"publishedSourceRevision":"1","publishedWorkingVersionId":"14335","languageVersionId":"9073","visibilityVersion":"2","versionToken":"a1.Ivh4kM2jMWr3z4_CsbWsJ-Y4cn2FnnDPl3dlJE2ieFY"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":"KPS99TV"},"references":[],"links":[],"publishedAt":"2026-03-31T09:31:40Z"}