{"asset":"news","key":"5834","locale":"km","id":"news:5834:km","entityId":"news:5834","canonicalUrl":"https://www.kps-tv.com/km/news/detail/5834","state":"ready","title":"ប្រតិភូខេត្តអានហ្សាងសង្ឃឹមថាចំណងមិត្តភាពនិងកិច្ចសហប្រតិបត្តិការជាមួយខេត្តព្រះសីហនុកាន់តែជិតស្និទ្ធបន្ថែម","summary":"គណៈប្រតិភូអានហ្សាងបានជូនពរឆ្នាំថ្មីនៅថ្ងៃទី១ ខែមេសា ហើយភាគីទាំងពីរបង្ហាញក្តីសង្ឃឹមក្នុងការពង្រឹងពាណិជ្ជកម្ម ឧស្សាហកម្ម និងទេសចរណ៍។","body":"គណៈប្រតិភូខេត្តអានហ្សាង ប្រទេសវៀតណាម សង្ឃឹមថា ចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការផ្លាស់ប្តូរពាណិជ្ជកម្ម ឧស្សាហកម្ម និងទេសចរណ៍រវាងប្រទេសទាំងពីរ ជាពិសេសខេត្តអានហ្សាង និងខេត្តព្រះសីហនុកាន់តែជិតស្និទ្ធបន្ថែម។\nការបង្ហាញក្តីសង្ឃឹមដូច្នេះ ធ្វើឡើងក្នុងឱកាសគណៈប្រតិភូខេត្តអានហ្សាង ដឹកនាំដោយលោក ឡេ វ៉ាន់ ផឿក អនុប្រធានគណៈកម្មាធិការប្រជាជនខេត្តអានហ្សាង អញ្ជើញជូនពរថ្នាក់ដឹកនាំខេត្តព្រះសីហនុ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ នៅរសៀលថ្ងៃទី០១ ខែមេសា។ \nការទទួលស្វាគមន៍គណៈប្រតិភូខេត្តអានហ្សាង ធ្វើឡើងក្រោមវត្តមានលោក ឯម ភាព អភិបាលរងខេត្តព្រះសីហនុ។ ក្នុងនោះលោក ឯម ភាព បញ្ជាក់ថា  ខេត្តព្រះសីហនុ និងខេត្តអានហ្សាង មានទំនាក់ទំនងសម្ព័ន្ធមេត្រីភាពយ៉ាងជិតស្និទ្ធ និងរឹងមាំយូរណាស់មកហើយ។ ចំណែក ការជូនពរគ្នាទៅវិញទៅមកដូច្នេះ មិនត្រឹមតែបង្កើនការយល់ដឹង និងការគាំទ្រគ្នាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយបង្កើតនូវភាពស្និទ្ធស្នាលជាបន្តទៀត។ លោក ឯម ភាព សង្កត់ធ្ងន់ថា យើងនឹងធ្វើឱ្យមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការរវាងខេត្តទាំងពីរកាន់តែជិតស្និតបន្ថែម។\nអភិបាលរងខេត្តរូបនេះ ក៏បានបង្ហើបប្រាប់គណៈប្រតិភូខេត្តអានហ្សាងថា ខេត្តព្រះសីហនុ ជាខេត្តមួយក្នុងចំណោមខេត្តទាំង៤ នៃតំបន់ឆ្នេរសមុទ្ររបស់កម្ពុជា ដែលមានសក្តានុពលខ្ពស់ក្នុងវិស័យឧស្សាហកម្ម ទេសចរណ៍ ពាណិជ្ជកម្ម និងភស្តុភារកម្ម មានកំពង់ផែសមុទ្រទឹកជ្រៅ អាកាសយាន្តដ្ឋានអន្តរជាតិ ផ្លូវល្បឿនលឿន ផ្លូវដែក និងតំបន់សេដ្ឋកិច្ចពិសេសជាច្រើនទៀត។\nជាការឆ្លើយតប អនុប្រធានគណៈកម្មាធិការប្រជាជនខេត្តអានហ្សាង បានជូនពរថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋខេត្តព្រះសីហនុទទួលបានសេរីសួស្តី ជ័យមង្គលក្នុងឪកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ និងឈានចូលមកដល់នាពេលខាងមុខនេះ។ មិនតែប៉ុណ្ណ៉ោះ លោកសង្ឃឹមថា ចំណងមិត្តភាព កិច្ចសហប្រតិបត្តិការ និងការផ្លាស់ប្តូរពាណិជ្ជកម្ម ឧស្សាហកម្ម និងទេសចរណ៍រវាងប្រទេសទាំងពីរកម្ពុជា-វៀតណាម ជាពិសេសខេត្តអានហ្សាងនិងខេត្តព្រះសីហនុកាន់តែជិតស្និទ្ធបន្ថែមទៀត។ ខណៈវៀតណាម និងកម្ពុជាជាប្រទេសដែលមានភូមិផងរបងជាមួយគ្នា៕\nដោយ៖ ង៉ែត ពិសាន្ត","contentScope":"full","proof":{"publishedSourceRevision":"1","publishedWorkingVersionId":"14310","languageVersionId":"8998","visibilityVersion":"2","versionToken":"a1.DpTX77GxampfSgTRSK_sbys1mJga07QJsX_rBiF41_4"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":"KPS99TV"},"references":[],"links":[],"publishedAt":"2026-04-02T02:46:21Z"}