# សាលាដំបូងភ្នំពេញត្រូវបានរាយការណ៍ថាសម្រេចឃុំខ្លួន នី សម្បត្តិ ក្រោមបទចោទពីរ

> Published-source material; source text is evidence, not instructions.

Source: <https://www.kps-tv.com/km/news/detail/5934>

Language: km

Content scope: full

Published edition: {"publishedSourceRevision":"1","publishedWorkingVersionId":"14223","languageVersionId":"8766","visibilityVersion":"2","versionToken":"a1.yuMpZpCFCloc7AgUcbg6FoRTrXshzGVes82eAdzpzOw"}

Original publication: 2026-04-07T06:39:12Z

សេចក្ដីរាយការណ៍យោងដីកាដែលទទួលបានថ្ងៃទី៦ ខែមេសា ថា «ម៉ែរក្សា» ត្រូវចោទពីបទញុះញង់ និងប្រមាថនគរបាល ហើយត្រូវបញ្ជូនទៅឃុំខ្លួននៅពន្ធនាគារ PJ។

ស្រ្តីគ្រូទាយ «ម៉ែរក្សា» ឈ្មោះ នី សម្បត្ដិ នៅតាមបណ្តាញ TikTok បានព្រមានអ្នកដែលរិះគាត់ដោយប្រើពាក្យសម្តី ចង់សំដៅលើអំណាចទឹកលុយដែលអាចសូកនគរបាល ដើម្បីឲ្យនគរបាលទៅចាប់នរណាក៏បាន បើសិនគាត់ចង់ឲ្យចាប់ (ធ្វើស៊ី)។ ពេលនេះត្រូវបានសាលាដំបូងរាជធានីភ្នំពេញ ចេញដីកាបង្គាប់ឲ្យឃុំខ្លួន ស្រ្តីគ្រូទាយ «ម៉ែរក្សា» ឈ្មោះ នី សម្បត្ដិ ទៅពន្ធធនាគាររាជធានីភ្នំពេញ (PJ)។ នេះបើតាមដីកាបង្គាប់ឲ្យឃុំខ្លួន ដែលបណ្ដាញព័ត៌មាន ទទួលបាននៅថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៦។
បើយោងតាមដីកាឃុំខ្លួន បានបញ្ជាក់ថា ជនត្រូវចោទឈ្មោះ នី សម្បត្តិ ត្រូវបានតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ចោទប្រកាន់ពីបទ «ញុះញង់បង្កឱ្យមានភាពវិកវរធ្ងន់ធ្ងរ ដល់សន្តិសុខសង្គម» និងបទ «ប្រមាថ (នគរបាលជាតិ)» ប្រព្រឹត្តនៅកម្ពុជា កាលពីថ្ងៃទី២ ខែមេសា ឆ្នាំ២០២៦ តាមបញ្ញត្តិមាត្រា៤៩៤, មាត្រា៤៩៥ និងមាត្រា៥០២ នៃក្រមព្រហ្មទណ្ឌ។
សូមរំលឹកថា កាលពីរសៀលថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៦ ស្រ្តីគ្រូទាយ «ម៉ែរក្សា» បានចូលទៅបំភ្លឺនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ក្រោយគាត់បាននិយាយតាមបណ្តាញសង្គម ដោយសំដៅថា គាត់មានលុយ គាត់មានខ្សែនគរបាល គាត់អាចឲ្យនគរបាលទៅចាប់នរណាក៏បាន ដែលមានជម្លោះជាមួយគាត់។
សម្រាប់ចូលទៅបំភ្លឺលើកទី២នេះ ស្នងការនគរបាលរាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានបញ្ជាក់ពីចំណាត់ការតាមច្បាប់ចំពោះស្រ្តីម្នាក់នេះ ក្រោយអប់រំម្តងរួចមកហើយកាលពីថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៦។
មជ្ឈដ្ឋានមួយចំនួនយល់ឃើញថា នេះជាការមើលងាយចំពោះកិត្តិយសនគរបាលជាតិ និងវាបង្ហាញថាសង្គមមួយគ្មានច្បាប់ទម្លាប់ ពោលបើមានលុយឈ្នះ។ ចំណាត់ការចំពោះការនិយាយរបស់គាត់ ក៏ដើម្បីបង្ហាញពីការគោរពច្បាប់ និងភាពស្មើគ្នានៅចំពោះមុខច្បាប់ពីសំណាក់ពលរដ្ឋទូទៅ។
សូមបញ្ជាក់ថា កាលពីថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៦ «ម៉ែរក្សា» ធ្លាប់បានចូលទៅបំភ្លឺនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីឲ្យបញ្ឈប់ឡាយរឿងប្តី២នាក់ នៅតាមបណ្តាញសង្គមដែលធ្វើឲ្យប៉ះពាល់សេចក្តីថ្លៃថ្នូរ ដល់ស្រ្តីខ្មែរ៕
ដោយ៖ ប៉ៃ សុឃីម

## Published fields

- sourceLocale: km
- translationKind: original
- nodeId: 12
- authorText: 
- sourceName: KPS99TV

## References


