{"asset":"news","key":"5993","locale":"km","id":"news:5993:km","entityId":"news:5993","canonicalUrl":"https://www.kps-tv.com/km/news/detail/5993","state":"ready","title":"មូលនិធិសភាពាណិជ្ជកម្មកម្ពុជានាំអំណោយឆ្នាំថ្មីជូនកងទ័ពនៅមូលដ្ឋានសមុទ្ររាម","summary":"នៅថ្ងៃទី៩ ខែមេសា អ្នកឧកញ៉ា ឡាវ កាង បានដឹកនាំក្រុមការងារមូលនិធិសភាពាណិជ្ជកម្មកម្ពុជា នាំអំណោយជូនកងទ័ពនិងគ្រួសារ និងពាំនាំការសួរសុខទុក្ខពីអ្នកឧកញ៉ា គិត ម៉េង។","body":"នាឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំមមី ដែលឈានចូលមកដល់នាពេលខាងមុខនេះ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់កម្ពុជា បានចាត់ឱ្យអ្នកឧកញ៉ា ឡាវ កាង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា ដឹកនាំក្រុមការងារមូលនិធិសភាពាណិជ្ជកម្មកម្ពុជា ដើម្បីយកអំណោយរបស់មហាគ្រួសារសភាពាណិជ្ជកម្មកម្ពុជា និងសប្បុរសជន ដែលបានបរិច្ចាគតាមរយៈមូលនិធិសភាពាណិជ្ជកម្មកម្ពុជា ជូនដល់វីរៈកងទ័ព តាមរយៈឯកឧត្តម ឧត្តមនាវីទោ ម៉ី ឌីណា មេបញ្ជាការមូលដ្ឋានសមុទ្ររាម នាថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៦។\nអ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា បានផ្តាំផ្ញើសួរសុខទុក្ខដល់ឯកឧត្តម មេបញ្ជាការមូលដ្ឋានសមុទ្ររាម បងប្អូនវីរៈកងទ័ព និងគ្រួសារវីរៈកងទ័ពទាំងអស់ ដែលបានឈរជើងការពារយ៉ាងរឹងមាំនូវបូរណភាពទឹកដីពីការឈ្លានពានរបស់ខ្មាំងសត្រូវ។\nអ្នកឧកញ៉ា ឡាវ កាង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានបន្ថែមថា មូលនិធិសភាពាណិជ្ជកម្មកម្ពុជា គឺជាគំនិតផ្តួចផ្តើមប្រកបដោយស្មារតីស្នេហាជាតិ របស់អ្នកឧកញ៉ា គិត ម៉េង ដើម្បីទទួលអំណោយគ្រប់ប្រភេទ ក្នុងការរួមកម្លាំងខ្មែរតែមួយ ដើម្បីជួយដល់ជនភៀសសឹក និងវីរៈកងទ័ពកម្ពុជា ដែលបាន និងកំពុងខិតខំតស៊ូការពារអធិបតេយ្យភាព និងបូរណភាពទឹកដីកម្ពុជា ព្រមទាំងចែកជូនប្រជាពលរដ្ឋដែលជាជនភៀសសឹក។\nអំណោយសប្បុរសធម៌ ដែលក្រុមការងារមូលនិធិសភាពាណិជ្ជកម្មកម្ពុជា នឹងយកចែកជូនវីរៈកងទ័ពនាពេលនេះ រួមមាន៖ ថវិកា គ្រឿងឧបភោគបរិភោគ និងសម្ភារៈប្រើប្រាស់ចាំបាច់ផ្សេងៗ។\nក្នុងឱកាសឆ្នាំថ្មី សូមប្រោសព្រំប្រសិទ្ធពរជ័យជូនឯកឧត្តម មេបញ្ជាការ នាយនាវី នាយនាវីរង ពលនាវិក មូលដ្ឋានសមុទ្ររាម កងទ័ពជើងទឹក នៃកងយោធពលខេមរភូមិន្ទ និងវីរៈកងទ័ពទាំងអស់ សូមមានសុខភាពល្អ និងជោគជ័យគ្រប់ភារកិច្ច។\nមានប្រសាសន៍នាឱកាសនោះ ឯកឧត្តម ឧត្តមនាវីទោ ម៉ី ឌីណា មេបញ្ជាការមូលដ្ឋានសមុទ្ររាម បានថ្លែងអំណរគុណចំពោះអ្នកឧកញ៉ា ឡាវ កាង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា និងក្រុមការងារ ដែលបានអញ្ជើញមកសំណេះសំណាល និងចែកអំណោយជូនគ្រួសារយោធិនបំពេញបេសកកម្មជួរមុខ តាមបណ្តោយបន្ទាត់ព្រំដែន។ វត្តមានរបស់សភាពាណិជ្ជកម្មកម្ពុជា នៅពេលនេះ បានបង្ហាញឱ្យឃើញពីការយកចិត្តទុកដាក់ខ្ពស់ចំពោះសុខទុក្ខ ក៏ដូចជាការលើកទឹកចិត្តដល់បងប្អូនយោធិន ព្រមទាំងក្រុមគ្រួសារយោធិន របស់មូលដ្ឋានសមុទ្ររាម។\nអត្ថបទរាយការណ៍ថា បច្ចុប្បន្ននេះ សភាពការណ៍នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅតែជាបញ្ហាដែលស្ថិតក្នុងការតាមដានដោយយកចិត្តទុកដាក់ ពីការគម្រាមកំហែង និងឈ្លានពានដោយយោធាថៃ។ ទោះយ៉ាងណាក៏ដោយ យោធិនកម្ពុជាបានគោរពអនុវត្តតាមបទបញ្ជារបស់ថ្នាក់ដឹកនាំ ក្នុងការការពារបូរណភាពទឹកដីគ្រប់កាលៈទេសៈ ដោយសេចក្តីថ្លៃថ្នូរបំផុត។\nជាមួយគ្នានេះផងដែរ ក្នុងពេលដែលប្រទេសជាតិកំពុងជួបទុក្ខលំបាក សង្កេតឃើញថា មានសប្បុរសជនជាច្រើន បានចូលរួមយ៉ាងសកម្ម ដោយស្មារតីសាមគ្គីជាតិ ក្នុងការជួយជ្រោមជ្រែងឧបត្ថម្ភដល់កងទ័ព និងប្រជាពលរដ្ឋខ្វះខាត។ ជាក់ស្តែង នៅថ្ងៃនេះ សភាពាណិជ្ជកម្មកម្ពុជា បាននាំយកអំណោយរបស់មហាគ្រួសារសភាពាណិជ្ជកម្មកម្ពុជា និងសប្បុរសជន ដែលបានបរិច្ចាគតាមរយៈមូលនិធិសភាពាណិជ្ជកម្មកម្ពុជា ជូនដល់វីរៈកងទ័ព នៅមូលដ្ឋានសមុទ្ររាមផងដែរ៕\nអត្ថបទ៖ ប៉ៃ សុឃីម\nរូបភាព៖ ទាវ វិឆាត","contentScope":"full","proof":{"publishedSourceRevision":"1","publishedWorkingVersionId":"14181","languageVersionId":"8663","visibilityVersion":"2","versionToken":"a1.Qgh-LPei5qvs4BS0-frcQn_3XvWGo8_72laH_oygcnw"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":"KPS99TV"},"references":[],"links":[],"publishedAt":"2026-04-10T04:36:13Z"}