{"asset":"news","key":"6011","locale":"km","id":"news:6011:km","entityId":"news:6011","canonicalUrl":"https://www.kps-tv.com/km/news/detail/6011","state":"ready","title":"ថ្នាក់ដឹកនាំពោធិ៍សាត់ថ្វាយគ្រឿងបូជាជូនបារមីឧកញ៉ា ឃ្លាំង មឿង និងជំទាវ ខាន់ ខៀវ","summary":"នៅរសៀលថ្ងៃទី១០ ខែមេសា ថ្នាក់ដឹកនាំនិងមន្ត្រីខេត្តបានរៀបចំពិធីតាមប្រពៃណីព្រះពុទ្ធសាសនានិងព្រហ្មញ្ញសាសនា បួងសួងសុំសុខសុវត្ថិភាពជូនកងទ័ពនិងប្រជាពលរដ្ឋ និងការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី។","body":"នាឱកាសសង្ក្រាន្តឆ្នាំថ្មី ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ជិតឈានចូលមកដល់ ឯកឧត្តម ម៉ក់ រ៉ា ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ និងសហការី បានតាំងចិត្តបួងសួង ដល់បារមីស័ក្តិសិទ្ធិរបស់ទេពឧកញ៉ា ឃ្លាំង មឿង និងជំទាវ ខាន់ ខៀវ សូមជួយបីបាច់ថែរក្សាកងទ័ពជួរមុខ ដែលកំពុងឈរជើងការពារព្រំដែន ឱ្យមានសុខភាពល្អបរិបូរណ៍ កម្លាំងខ្លាំងក្លា និងស្មារតីវៃឆ្លាត ដើម្បីការពារឃុំគ្រងទឹកដីខ្មែរ ឱ្យបានគង់វង្សជារៀងរហូត ជៀសផុតពីការរំលោភបំពានពីសំណាក់សត្រូវថៃ ដែលស្រេកឃ្លានទឹកដី។\nពិធីនេះត្រូវបានរៀបចំឡើងយ៉ាងអធិកអធម នារសៀលថ្ងៃសុក្រ ទី១០ ខែមេសា ឆ្នាំ២០២៦ តាមគន្លងព្រះពុទ្ធសាសនា និងព្រហ្មញ្ញសាសនា ដោយមានការអញ្ជើញចូលរួមពីសមាជិក សមាជិកា ក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត និងមន្ត្រីអ្នកមុខអ្នកការជុំវិញខេត្តមួយចំនួនទៀត។\nតាមការរៀបរាប់ក្នុងប្រពៃណី និងក្នុងបរិយាកាសដ៏ស័ក្តិសិទ្ធិ ថ្នាក់ដឹកនាំខេត្ត និងអង្គពិធីទាំងមូល បានសម្តែងនូវគារវភក្តីភាពយ៉ាងជ្រាលជ្រៅ ចំពោះវីរភាពដ៏ឧត្តុង្គឧត្តម របស់ទេពឧកញ៉ា ឃ្លាំង មឿង ដែលជាមេទ័ពដ៏ស្មោះត្រង់ និងមានមហិទ្ធិឫទ្ធិខ្លាំងក្លា ក្នុងរជ្ជកាលព្រះបាទច័ន្ទរាជា។\nតាមរឿងព្រេង ទេពឧកញ៉ា និងជំទាវ គឺជានិមិត្តរូបនៃការពលិកម្មដ៏ខ្ពង់ខ្ពស់ ដោយបានសម្រេចចិត្តលោតចូលរណ្តៅកម្ចាត់សត្រូវ ដើម្បីកេណ្ឌទ័ពខ្មោចទៅជួយច្បាំងយកជ័យជម្នះ បណ្តេញសត្រូវសៀម ដែលឈ្លានពានទឹកដីខ្មែរ នាពេលនោះ។\nសូមបារមីទេពឧកញ៉ា ជួយរុញច្រាន និងប្រទានពរជ័យ ដល់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ឱ្យទទួលបានជោគជ័យ ក្នុងការដោះស្រាយទំនាស់ព្រំដែន កម្ពុជា-ថៃ ដោយប្តូរពីការប្រើប្រាស់អាវុធ មកជាការដោះស្រាយតាមយន្តការច្បាប់អន្តរជាតិ និងសន្តិវិធី ដើម្បីសន្តិភាពយូរអង្វែង។ ជាមួយគ្នានោះ សូមឱ្យមានភ្លៀងធ្លាក់គ្រប់គ្រាន់តាមរដូវកាល ដើម្បីឱ្យប្រជានុរាស្ត្របង្កបង្កើនផលបានផល្លានុផលខ្ពស់ សម្បូរបែប និងជៀសផុតពីជំងឺដង្កាត់ទាំងឡាយទាំងពួង។\nថ្នាក់ដឹកនាំខេត្តពោធិ៍សាត់ ក៏បានឧទ្ទិសបួងសួងសុំសេចក្តីសុខ សេចក្តីចម្រើន និងសិរីសួស្តី ជូនដល់បងប្អូនប្រជាពលរដ្ឋទូទាំងខេត្តពោធិ៍សាត់ ក៏ដូចជាប្រជាជនកម្ពុជាទាំងមូល សូមឱ្យធ្វើដំណើរទីជិតទីឆ្ងាយ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំមមីនេះ បានប្រកបដោយសុវត្ថិភាព និងរីករាយក្នុងរង្វង់គ្រួសារ ក្រោមម្លប់នៃសន្តិភាព៕ ដោយ៖ ប៉ៃ សុឃីម","contentScope":"full","proof":{"publishedSourceRevision":"1","publishedWorkingVersionId":"14139","languageVersionId":"8596","visibilityVersion":"2","versionToken":"a1.1sFL28GFzGYy8dbVgMmLompcWHvBpfgaXvC0ZsW2YCs"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":"KPS99TV"},"references":[],"links":[],"publishedAt":"2026-04-11T03:19:10Z"}