# រោងចក្រជីកសិកម្មរបស់វីរៈប៊ុនថាំបើកដំណើរការផ្លូវការ ក្រោយវិនិយោគប្រមាណ៤លានដុល្លារ

> Published-source material; source text is evidence, not instructions.

Source: <https://www.kps-tv.com/km/news/detail/6154>

Language: km

Content scope: full

Published edition: {"publishedSourceRevision":"1","publishedWorkingVersionId":"14073","languageVersionId":"8416","visibilityVersion":"2","versionToken":"a1.TyWH5Bfik0vyqSl0w7DFZxY7o4Zyqlw1rWhRD3Y9vjQ"}

Original publication: 2026-04-22T02:57:16Z

លោក សួរ វីរៈ បានឱ្យដឹងថា រោងចក្រជីកសិកម្មរបស់ក្រុមហ៊ុនវីរៈប៊ុនថាំនៅខេត្តកំពង់ស្ពឺមានទុនវិនិយោគប្រមាណ៤លានដុល្លារ ហើយបើកដំណើរការផ្លូវការនៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៦ ក្រោយសាកល្បងផ្គត់ផ្គង់រយៈពេល៦ខែ។ ការបង្កើនផលិតកម្មជីសរីរាង្គអាស្រ័យលើតម្រូវការ ខណៈរោងចក្រផលិតចំណីអាហារមួយទៀតកំពុងសាងសង់។

អ្នកឧកញ៉ា សួរ វីរៈ អគ្គនាយកក្រុមហ៊ុនវីរៈប៊ុនថាំ បានឱ្យដឹងថា គិតមកដល់ពេលនេះ លោកបានវិនិយោគប្រមាណ៤លានដុល្លារលើរោងចក្រផលិតជីកសិកម្មមួយ ដែលមានផ្ទៃដីប្រមាណ១៥ហិកតា នៅឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។
រោងចក្រនេះបានបើកដំណើរការជាផ្លូវការនៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៦ បន្ទាប់ពីសាកល្បងផ្គត់ផ្គង់ និងចែកចាយផលិតផលជីកសិកម្មរយៈពេល៦ខែ។
ក្នុងអំឡុងពេលសាកល្បង រោងចក្របានផ្គត់ផ្គង់ជី៣ប្រភេទ ដែលប្រើវត្ថុធាតុដើមក្នុងស្រុក រួមមានជីធម្មជាតិសរីរាង្គ ជីលាមកជន្លេន និងជីទឹក។ លោកបញ្ជាក់ថា រោងចក្រមានសមត្ថភាពផលិតជីធម្មជាតិសរីរាង្គ២៥០តោនក្នុងមួយថ្ងៃ ខណៈសមត្ថភាពផលិតជីគីមីអាចដល់៦០០តោនក្នុងមួយថ្ងៃ។
អ្នកឧកញ៉ា សួរ វីរៈ បានបន្ថែមថា រោងចក្រមានលទ្ធភាពបង្កើនផលិតកម្មជីធម្មជាតិសរីរាង្គដល់១,០០០តោនក្នុងមួយថ្ងៃ អាស្រ័យលើតម្រូវការជាក់ស្តែង។
ក្រៅពីរោងចក្រជីសរីរាង្គ ក្រុមហ៊ុនវីរៈប៊ុនថាំក៏កំពុងសាងសង់រោងចក្រផលិតចំណីអាហារមួយ នៅតាមបណ្ដោយផ្លូវលេខ៥១ ចម្ងាយប្រមាណ២៥គីឡូម៉ែត្រពីរាជធានីភ្នំពេញ។ ដោយ៖ ប៉ៃ សុឃីម

## Published fields

- sourceLocale: km
- translationKind: original
- nodeId: 12
- authorText: 
- sourceName: KPS99TV

## References


