{"asset":"news","key":"6157","locale":"km","id":"news:6157:km","entityId":"news:6157","canonicalUrl":"https://www.kps-tv.com/km/news/detail/6157","state":"ready","title":"ប្រាសាទទន្លេស្ងួត៖ ការស្តារប្រព័ន្ធទឹកបុរាណនាំទឹកមកវិញដល់ «ទន្លេស្ងួត»","summary":"អាជ្ញាធរជាតិអប្សរាឱ្យដឹងថា ការស្តារទំនប់និងប្រព័ន្ធទឹកបុរាណ ធ្វើឱ្យអាងទឹកអាចស្តុកទឹកបានអតិបរមា៧៧ម៉ឺនម៉ែត្រគូប។ សេចក្តីផ្សព្វផ្សាយក៏រំលឹកពីប្រវត្តិប្រាសាទ និងការជួសជុលពីរដំណាក់កាល។","body":"ការថែរក្សា និងស្តារបេតិកភណ្ឌនៅប្រាសាទទន្លេស្ងួត ជាការភ្ជាប់អតីតកាលទៅនឹងអនាគត។ ក្នុងសេចក្តីផ្សព្វផ្សាយថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៦ អាជ្ញាធរជាតិអប្សរាឱ្យដឹងថា ការស្តារទំនប់ និងប្រព័ន្ធទឹកបុរាណបាននាំទឹកត្រឡប់មកវិញ ហើយអាងទឹក «ទន្លេស្ងួត» អាចស្តុកទឹកបានអតិបរមារហូតដល់៧៧០.០០០ម៉ែត្រគូប។ អាជ្ញាធរបញ្ជាក់ថា ការមានទឹកឡើងវិញជួយរក្សាសំណើមដី និងលំនឹងគ្រឹះប្រាសាទ កែលម្អទេសភាពនិងបរិស្ថានបៃតង ព្រមទាំងផ្តល់ប្រភពទឹកសម្រាប់កសិកម្ម និងការរស់នៅរបស់ប្រជាពលរដ្ឋជុំវិញ។\nតាមអាជ្ញាធរជាតិអប្សរា ប្រាសាទទន្លេស្ងួតជាសក្ខីភាពនៃសេចក្តីមេត្តាករុណារបស់ព្រះបាទជ័យវម៌ទី៧។ ប្រាសាទនេះជា «អរោគ្យសាលា» មួយក្នុងចំណោមមន្ទីរពេទ្យទាំង១០២ ដែលត្រូវបានកសាងនៅចុងសតវត្សរ៍ទី១២ និងដើមសតវត្សរ៍ទី១៣ ក្នុងរចនាបថបាយ័ន។ ទីនេះធ្លាប់ជាទីសក្ការៈ និងជាកន្លែងព្យាបាលជំងឺជូនប្រជាពលរដ្ឋនៅតំបន់ខាងជើងអង្គរ។\nប្រាសាទស្ថិតនៅភាគខាងជើងក្រុងអង្គរធំ ក្នុងភូមិនគរក្រៅ សង្កាត់គោកចក។ សំណង់នេះធ្វើពីថ្មភក់ និងថ្មបាយក្រៀម ដោយមានប្រាង្គកណ្តាលបែរមុខទៅទិសខាងកើត ចំទៅរកអាងទឹកដែលមានបណ្តោយប្រហែល៨០០ម៉ែត្រ និងទទឹង៤០០ម៉ែត្រ ហៅសព្វថ្ងៃថា «ទន្លេស្ងួត»។\nក្រោយរងការខូចខាតយ៉ាងខ្លាំងដោយកត្តាធម្មជាតិ ប្រាសាទទន្លេស្ងួតត្រូវបានស្តារឡើងវិញជាដំណាក់កាល៖\nដំណាក់កាលទី១ (២០១៩–២០២០)៖ អាជ្ញាធរជាតិអប្សរាបានជួសជុល និងពង្រឹងរចនាសម្ព័ន្ធថ្មដែលទ្រុឌទ្រោម។\nដំណាក់កាលទី២ (២០២៥)៖ ក្រោមកិច្ចសហប្រតិបត្តិការជាមួយប្រទេសនូវែលហ្សេឡង់ ក្នុងគម្រោង «Angkor Water Resilience» ផ្នែកខ្លះនៃទំនប់បុរាណ និងថ្នល់បុរាណនៅក្បែរប្រាសាទត្រូវបានជួសជុលកែលម្អ។ រានទស្សនាក៏ត្រូវបានសាងសង់ ដើម្បីបម្រើសហគមន៍ និងភ្ញៀវទេសចរ។ ដោយ៖ ប៉ៃ សុឃីម","contentScope":"full","proof":{"publishedSourceRevision":"1","publishedWorkingVersionId":"14065","languageVersionId":"8392","visibilityVersion":"2","versionToken":"a1.00NB6EvAYc1r1MI7ZRuJFGv7IUbAoh2S-UVulveU6A4"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":"KPS99TV"},"references":[],"links":[],"publishedAt":"2026-04-22T04:15:13Z"}