# គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាស្នើ WSJ សុំទោស និងកែចំណងជើងដែលប្រើពាក្យ «Scambodia»

> Published-source material; source text is evidence, not instructions.

Source: <https://www.kps-tv.com/km/news/detail/6165>

Language: km

Content scope: full

Published edition: {"publishedSourceRevision":"1","publishedWorkingVersionId":"14072","languageVersionId":"8413","visibilityVersion":"2","versionToken":"a1.2Vnusu2Uber_VuCQdaM2ePYpch5T9LeyuHRfjDzsmQU"}

Original publication: 2026-04-22T08:29:31Z

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាបានតវ៉ាចំពោះការប្រើពាក្យ «Scambodia» ក្នុងអត្ថបទស៊ើបអង្កេតរបស់ The Wall Street Journal ចុះថ្ងៃទី១៩ ខែមេសា។ គណៈកម្មាធិការស្នើឱ្យលុបពាក្យនេះ ចេញការកែតម្រូវឬបំភ្លឺ សុំទោសជាផ្លូវការ ជៀសវាងពាក្យប្រមាថក្នុងការផ្សាយនាពេលអនាគត និងកែសម្រួលចំណងជើង។

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាបានផ្ញើលិខិតទៅកាសែតអាមេរិក The Wall Street Journal ដោយស្នើឱ្យសុំទោសកម្ពុជាជាផ្លូវការ និងកែសម្រួលចំណងជើង។ សំណើនេះធ្វើឡើងក្រោយកាសែតនេះចុះផ្សាយអត្ថបទស៊ើបអង្កេតអំពីឧក្រិដ្ឋកម្មឆបោកអនឡាញនៅកម្ពុជា កាលពីថ្ងៃទី១៩ ខែមេសា ដោយប្រើពាក្យ «Scambodia» ក្នុងចំណងជើង។
លោក កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានសរសេរលើទំព័រហ្វេសប៊ុកផ្លូវការនៅថ្ងៃទី២២ ខែមេសាថា៖ «បញ្ហាឆបោកអនឡាញជាបញ្ហាសាកល ដែលប្រទេសទាំងអស់នៅលើពិភពលោក និងក្នុងតំបន់រួមគ្នាប្រយុទ្ធប្រឆាំង និងទប់ស្កាត់។ ឧក្រិដ្ឋជនឆបោកអនឡាញ និងមន្ត្រីដែលគប់គិតប្រព្រឹត្តអំពើឆបោក គឺជារឿងមួយដាច់ដោយឡែក។ ប៉ុន្តែអ្នកបែរជាដាក់ឈ្មោះបង្ខូចកេរ្តិ៍ឈ្មោះប្រទេសរបស់ខ្ញុំ ដែលមានប្រជាជនជិត១៨លាននាក់ ដែលជាការប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់កិត្តិយសប្រទេស និងជាតិសាសន៍របស់ខ្ញុំ»។
លោក កែវ រ៉េមី បានវាយតម្លៃថា អត្ថបទរបស់ The Wall Street Journal នេះខ្វះវិជ្ជាជីវៈ និងក្រមសីលធម៌សារព័ត៌មាន ដែលអាចនាំឱ្យមានការយល់ច្រឡំ ការរើសអើង និងប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សិទ្ធិ សេចក្តីថ្លៃថ្នូរ និងកិត្តិយសកម្ពុជា ព្រមទាំងប្រជាជនដែលលោកបានលើកឡើងថាមានជិត១៨លាននាក់។
លោកបានសង្កត់ធ្ងន់ថា ចំណងជើងព័ត៌មានអាចមានគោលបំណងទាក់ទាញការចាប់អារម្មណ៍ ប៉ុន្តែមិនគួរលាបពណ៌ បំផ្លើស ឬបំភ្លៃការពិត ដែលនាំឱ្យបាត់បង់ជំនឿទុកចិត្ត និងគុណតម្លៃនៃសេរីភាពសារព័ត៌មានឡើយ។ ដូច្នេះ លោកបានស្នើឱ្យ The Wall Street Journal លុបពាក្យ «Scambodia» ចេញពីអត្ថបទជាបន្ទាន់ ចេញការកែតម្រូវឬការបំភ្លឺដែលឆ្លុះបញ្ចាំងការរាយការណ៍ត្រឹមត្រូវនិងមានតុល្យភាព សុំទោសកម្ពុជាជាផ្លូវការចំពោះការប្រើចំណងជើងនេះ ជៀសវាងពាក្យប្រមាថក្នុងការផ្សាយនាពេលអនាគត និងកែសម្រួលចំណងជើងឱ្យមានភាពត្រឹមត្រូវ មានតុល្យភាព និងមិនរើសអើងក្នុងការបង្ហាញបញ្ហានេះ។
ដោយ៖ ង៉ែត ពិសាន្ត

## Published fields

- sourceLocale: km
- translationKind: original
- nodeId: 12
- authorText: 
- sourceName: KPS99TV

## References


