# កំណាត់ផ្លូវជាតិលេខ២៣ប្រវែង១៩,៨៣គីឡូម៉ែត្រ សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការ

> Published-source material; source text is evidence, not instructions.

Source: <https://www.kps-tv.com/km/news/detail/6273>

Language: km

Content scope: full

Published edition: {"publishedSourceRevision":"1","publishedWorkingVersionId":"14039","languageVersionId":"8314","visibilityVersion":"2","versionToken":"a1.HCjIcCydL8TpMv5LijGVfhCsOuxxVe2F5IVeki7Md6Q"}

Original publication: 2026-04-27T09:30:06Z

កំណាត់ផ្លូវជាតិលេខ២៣តភ្ជាប់ស្ពានកោះធំទៅស្រុកលើកដែក ខេត្តកណ្តាល ត្រូវបានសម្ពោធនាថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៦។ គម្រោងប្រវែង១៩,៨៣គីឡូម៉ែត្រនេះ បានបើកការដ្ឋាននៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៣។

ផ្លូវកាត់ថ្មីជាកំណាត់ផ្លូវជាតិលេខ២៣ ប្រវែង១៩,៨៣គីឡូម៉ែត្រ ក្នុងខេត្តកណ្តាល ចាប់ផ្តើមពីគីឡូម៉ែត្រលេខ៣៤+៤០០ នៅគល់ស្ពានកោះធំ ក្នុងឃុំជ្រោយតាកែវ ឆ្លងកាត់ឃុំលើកដែក ស្រុកកោះធំ រហូតដល់ឃុំពាមរាំង ស្រុកលើកដែក តភ្ជាប់ផ្លូវជាតិលេខ១៤ ត្រង់គីឡូម៉ែត្រលេខ៥៤+២៣៣។
ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ត្រូវបានធ្វើឡើងនាព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៦ ក្រោមអធិបតីភាពឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ ផ្លូវសាងសង់ថ្មីមានទទឹងតួផ្លូវ១១ម៉ែត្រ ក្រាលកៅស៊ូ AC កម្រាស់៨សង់ទីម៉ែត្រ និងមានពីរគន្លងសម្រាប់រថយន្តនិងទោចក្រយានធ្វើចរាចរណ៍ទៅមក។
គម្រោងរួមមានស្ពាន៣កន្លែង ប្រវែងសរុប១១៦,៤០ម៉ែត្រ លូកាត់ទទឹងផ្លូវ៤៨កន្លែង និងលូតាមប្រឡាយផ្លូវ៨កន្លែង ដែលមានប្រវែងសរុប២៣៤២ម៉ែត្រ។ គម្រោងក៏មានអំពូលសូឡា LED ៨០កន្លែង ផ្លាកសញ្ញាចរាចរណ៍ គំនូសសញ្ញាផ្លូវ បង្គោលគីឡូម៉ែត្រ និងបង្គោលសុវត្ថិភាព។
រង្វង់មូលមួយត្រូវបានស្ថាបនានៅចំណុចផ្លូវប្រសព្វចុះពីស្ពានកោះធំ ដើម្បីសម្រួលទិសចរាចរណ៍ និងបង្កើនសុវត្ថិភាព។ កំណាត់ផ្លូវនេះបានបើកការដ្ឋានសាងសង់នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៣។ ដោយ៖ ប៉ៃ សុឃីម

## Published fields

- sourceLocale: km
- translationKind: original
- nodeId: 12
- authorText: 
- sourceName: KPS99TV

## References


