{"asset":"news","key":"6311","locale":"km","id":"news:6311:km","entityId":"news:6311","canonicalUrl":"https://www.kps-tv.com/km/news/detail/6311","state":"ready","title":"អភិបាលខេត្តព្រះសីហនុស្នើការគាំទ្រពីសិង្ហបុរី ដើម្បីជំរុញការវិនិយោគនិងទេសចរណ៍","summary":"ឯកឧត្តម ម៉ាង ស៊ីណេត ជួបឯកអគ្គរដ្ឋទូត Steven Pang នៅថ្ងៃទី២៨ ខែមេសា ដើម្បីបង្ហាញសក្តានុពលខេត្ត និងស្នើឱ្យជួយជំរុញវិនិយោគិននិងភ្ញៀវទេសចរ ព្រមទាំងពង្រឹងកិច្ចសហប្រតិបត្តិការ។","body":"ខេត្តព្រះសីហនុ៖ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ បានទទួលជំនួបសម្តែងការគួរសមជាមួយ ឯកឧត្តម Steven Pang ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋសិង្ហបុរី ប្រចាំព្រះរាជាណាចក្រកម្ពុជា នៅសាលាខេត្តព្រះសីហនុ កាលពីរសៀលថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៦។\nក្នុងជំនួបនេះ ឯកឧត្តមអភិបាលខេត្ត បានបង្ហាញពីសក្តានុពលរបស់ខេត្តព្រះសីហនុ និងបានស្នើសុំការគាំទ្រពីភាគីសិង្ហបុរី ក្នុងការជំរុញវិនិយោគិនមកវិនិយោគ និងទេសចរណ៍នៅខេត្តនេះ។ ឯកឧត្តមបានបញ្ជាក់ថា ខេត្តព្រះសីហនុមានហេដ្ឋារចនាសម្ព័ន្ធគ្រប់គ្រាន់ រួមមាន ផ្លូវគោក ផ្លូវទឹក ផ្លូវអាកាស និងផ្លូវដែក ព្រមទាំងមានកំពង់ផែអន្តរជាតិទឹកជ្រៅ ដែលងាយស្រួលសម្រាប់ការដឹកជញ្ជូនទៅកាន់ទីផ្សារពិភពលោក។\nជាមួយគ្នានេះ រាជរដ្ឋាភិបាលកម្ពុជា បានកំណត់ខេត្តព្រះសីហនុ ជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង ដោយផ្តោតលើការអភិវឌ្ឍជាតំបន់ឡូជីស្ទីក និងសេវាដឹកជញ្ជូនទំនើប ទីក្រុងសមាហរណកម្ម និងតំបន់ទេសចរណ៍ធម្មជាតិតាមកោះ។ បន្ថែមពីនេះ រាជរដ្ឋាភិបាលក៏បានវិនិយោគសាងសង់ផ្លូវបេតុងជាច្រើនខ្សែក្នុងក្រុង និងកំពុងជំរុញការដាំដើមឈើ ដើម្បីអភិវឌ្ឍឱ្យក្លាយជាទីក្រុងបៃតង និងទីក្រុងឆ្លាតវៃ។\nសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ក៏បានដាក់ចេញកម្មវិធីពិសេស ដើម្បីជំរុញការវិនិយោគនៅខេត្តព្រះសីហនុ ដោយផ្តោតលើការលើកលែងពន្ធ និងការសម្រួលនីតិវិធីរដ្ឋបាល។\nឯកឧត្តម Steven Pang បានថ្លែងអំណរគុណចំពោះការស្វាគមន៍យ៉ាងកក់ក្តៅ និងបានលើកឡើងថា ខេត្តព្រះសីហនុ គឺជាខេត្តដែលមានសក្តានុពលខ្ពស់សម្រាប់ការវិនិយោគ និងទេសចរណ៍ ដោយផ្អែកលើកត្តាសំខាន់ៗ រួមមាន៖ ប្រវត្តិសាស្ត្រនៃការអភិវឌ្ឍដែលចាប់ផ្តើមតាំងពីសម័យសម្តេចព្រះករុណា នរោត្តម សីហនុ បន្តមកសម្តេចតេជោ ហ៊ុន សែន និងបច្ចុប្បន្នសម្តេចធិបតី ហ៊ុន ម៉ាណែត ក៏ដូចជាការរីកចម្រើននៃកំពង់ផែព្រះសីហនុ ដែលជាច្រកសំខាន់សម្រាប់ពាណិជ្ជកម្មអន្តរជាតិ។\nឯកឧត្តមឯកអគ្គរដ្ឋទូត ក៏បានបញ្ជាក់ថា គោលបំណងនៃដំណើរទស្សនកិច្ចនេះ គឺដើម្បីស្វែងយល់ពីឱកាសវិនិយោគនៅកម្ពុជា ជាពិសេសនៅខេត្តព្រះសីហនុ និងជំរុញកិច្ចសហប្រតិបត្តិការផ្នែកពាណិជ្ជកម្ម ដឹកជញ្ជូន និងការនាំចេញផលិតផលកសិកម្មពីកម្ពុជាទៅកាន់ប្រទេសសិង្ហបុរី និងទីផ្សារអន្តរជាតិផ្សេងៗ។\nភាគីទាំងពីរ បានឯកភាពបន្តពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ចបៃតង ថាមពល បច្ចេកវិទ្យា និងហេដ្ឋារចនាសម្ព័ន្ធ ខណៈដំណើរទស្សនកិច្ចនេះក៏បានរួមចំណែកជំរុញការវិនិយោគ ពាណិជ្ជកម្ម និងការអភិវឌ្ឍធនធានមនុស្សនៅខេត្តព្រះសីហនុផងដែរ៕\nអត្ថបទ៖ ប៉ៃ សុឃីម\nរូបភាព៖ កែវ ដារ៉ា\n\nរូបភាពកិច្ចជំនួប។","contentScope":"full","proof":{"publishedSourceRevision":"1","publishedWorkingVersionId":"13994","languageVersionId":"8225","visibilityVersion":"2","versionToken":"a1.EmHmFVYY-5kJpzeFeqKWEz_7_Jg7FATTxqFHsmzbMdU"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":"KPS99TV"},"references":[],"links":[],"publishedAt":"2026-04-29T09:33:00Z"}