{"asset":"news","key":"6366","locale":"km","id":"news:6366:km","entityId":"news:6366","canonicalUrl":"https://www.kps-tv.com/km/news/detail/6366","state":"ready","title":"កម្ពុជាបើកយុទ្ធនាការ «ទស្សនាកម្ពុជានៅរដូវកាលបៃតង ឆ្នាំ២០២៦»","summary":"រដ្ឋមន្ត្រីទេសចរណ៍ ឯកឧត្តម ហួត ហាក់ អញ្ជើញបើកយុទ្ធនាការនាយប់ថ្ងៃទី២ ខែឧសភា ដោយដាក់ចេញយុទ្ធសាស្ត្រ «៦គួរ» និងគោលដៅជំរុញទេសចរណ៍ខែឧសភាដល់ខែតុលា ឆ្ពោះទៅជាគោលដៅពេញមួយឆ្នាំ។","body":"តាមសេចក្តីរាយការណ៍ ក្រសួងទេសចរណ៍បានប្រកាសបើកជាផ្លូវការនូវយុទ្ធនាការ «ទស្សនាកម្ពុជានៅរដូវកាលបៃតង ឆ្នាំ២០២៦» កាលពីយប់ថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៦ ក្រោមអធិបតីភាពឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍។\nយុទ្ធនាការនេះអនុវត្តតាមការអនុញ្ញាតពីសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ក្នុងគោលបំណងជំរុញវិស័យទេសចរណ៍ឱ្យមានសកម្មភាពពេញមួយឆ្នាំ ជាពិសេសក្នុងអំឡុងខែឧសភាដល់ខែតុលា ដែលជារដូវធម្មជាតិពណ៌បៃតងស្រស់ស្អាត។\nដើម្បីបង្កើនភាពទាក់ទាញ ក្រសួងបានដាក់ចេញយុទ្ធសាស្ត្រ «៦គួរ» រួមមាន៖ ១. គួរចង់ឃើញ ២. គួរស្នាក់នៅ ៣. គួរភ្លក្ស ៤. គួរទស្សនា ៥. គួរសាកល្បង និង៦. គួរទិញ។\nឯកឧត្តម ហួត ហាក់ បានបញ្ជាក់ថា យុទ្ធនាការនេះមានចក្ខុវិស័យសំខាន់៣ គឺ បង្កើនភ្ញៀវទេសចរអន្តរជាតិ ជំរុញទេសចរណ៍ក្នុងស្រុក និងពង្រីកការចែកចាយភ្ញៀវទៅតំបន់នានាទូទាំងប្រទេស។\nឯកឧត្តមរដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា ការប្រែពីពាក្យ «Low Season» ទៅជា «Green Season» មិនមែនជាការប្រែពាក្យធម្មតា ប៉ុន្តែជាយុទ្ធសាស្ត្រសំខាន់ក្នុងការផ្លាស់ប្តូរផ្នត់គំនិត និងលើកតម្លៃរដូវកាលនេះឱ្យក្លាយជាពេលវេលាមានសក្តានុពល។ ឯកឧត្តមបានបន្ថែមថា រដូវកាលបៃតងគឺជាពេលដែលកម្ពុជាបង្ហាញសម្រស់ធម្មជាតិដ៏ស្រស់បំព្រង មានបរិយាកាសបរិសុទ្ធ សាកសមសម្រាប់ទេសចរណ៍ធម្មជាតិ និងការសម្រាកលំហែដើម្បីសុខុមាលភាព។\nក្នុងឱកាសនេះ ឯកឧត្តមបានថ្លែងអំណរគុណចំពោះសម្តេចធិបតីនាយករដ្ឋមន្ត្រី ដែលតែងតែគាំទ្រនិងណែនាំវិស័យទេសចរណ៍ ព្រមទាំងកោតសរសើរដល់ក្រុមការងារដឹកនាំដោយឯកឧត្តម មហាំម៉ាត់ យូណេះ ដែលឯកឧត្តមបានលើកឡើងថា បានរួមចំណែកធ្វើឱ្យយុទ្ធនាការនេះទទួលបានលទ្ធផលល្អជាបន្តបន្ទាប់។\nពិធីនេះមានការចូលរួមពីតំណាងអង្គទូត ដៃគូអភិវឌ្ឍន៍ អង្គការជាតិ-អន្តរជាតិ ថ្នាក់ដឹកនាំរាជធានី-ខេត្ត និងវិស័យឯកជនជាច្រើន។ ក្រសួងទេសចរណ៍បានបង្ហាញជំនឿថា តាមរយៈកិច្ចសហការរវាងរដ្ឋនិងឯកជន រដូវកាលបៃតងឆ្នាំ២០២៦ នឹងអាចក្លាយជា «រដូវកាលមាសពណ៌បៃតង» ដែលនាំមកនូវការងារ កំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍប្រកបដោយចីរភាពសម្រាប់ប្រជាជនកម្ពុជា។\nដោយ៖ ប៉ៃ សុឃីម","contentScope":"full","proof":{"publishedSourceRevision":"1","publishedWorkingVersionId":"13973","languageVersionId":"8185","visibilityVersion":"2","versionToken":"a1.Fqootj30-1BkYLXAmhT1Oi2aeEga4wJyxD-B_PH3tWI"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":"KPS99TV"},"references":[],"links":[],"publishedAt":"2026-05-03T08:42:41Z"}