{"asset":"news","key":"6412","locale":"km","id":"news:6412:km","entityId":"news:6412","canonicalUrl":"https://www.kps-tv.com/km/news/detail/6412","state":"ready","title":"សាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុទទួលអំណោយ៣៦៩,០១៨ដុល្លារ និង២០០លានរៀល","summary":"នៅព្រឹកថ្ងៃទី៦ ខែឧសភា សាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុទទួលថវិកា៣៦៩,០១៨ដុល្លារ និង២០០លានរៀល ព្រមទាំងទឹកបរិសុទ្ធ៨០០យួរ ពីសប្បុរសជន និងមន្ទីរ-អង្គភាព។","body":"៣៦៩,០១៨ដុល្លារអាមេរិក និង២០០,០០០,០០០រៀល រួមទាំងទឹកបរិសុទ្ធ៨០០យួរ ជាទឹកប្រាក់សរុបដែលជាអំណោយរបស់សប្បុរសជនគ្រប់មជ្ឈដ្ឋាន រួមទាំងអាជីវករ ពាណិជ្ជករ និងមន្ទីរ-អង្គភាពចំនួន១០២នាក់ បានផ្តល់ជូនសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ នាព្រឹកថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២៦នេះ នៅស្នាក់ការសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ។ ពិធីប្រគល់និងទទួល បានធ្វើឡើងក្រោមអធិបតីភាពឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ។\nឯកឧត្តម ម៉ាង ស៊ីណេត បានថ្លែងអំណរគុណជូនចំពោះទឹកចិត្តសប្បុរសធម៌របស់សប្បុរសជន និងមន្ទីរ-អង្គភាពទាំងអស់ដែលបានចូលរួមចំណែកជាមួយសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុជារៀងរាល់ឆ្នាំ។ សាខាកាកបាទក្រហមកម្ពុជាខេត្ត សូមទទួលស្វាគមន៍ជានិច្ចចំពោះសប្បុរសជនគ្រប់មជ្ឈដ្ឋាន ដែលមានទឹកចិត្តសប្បុរសធម៌ចូលរួមជាថវិកា, ស្បៀងអាហារនិងសម្ភារៈនានាជាមួយសាខាកាកបាទក្រហមកម្ពុជាខេត្ត ដើម្បីឱ្យស្ថាប័នមនុស្សធម៌មួយនេះ មានលទ្ធភាពបំពេញបេសកកម្មជួយសង្គ្រោះប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះដែលត្រូវការចាំបាច់ក្នុងការជួយសង្គ្រោះ។\nឯកឧត្តម ម៉ាង ស៊ីណេត បានប្តេជ្ញាថានឹងនាំយកថវិកា ស្បៀងអាហារ និងសម្ភារៈរបស់សប្បុរសជនទាំងអស់ទៅប្រគល់ជូនគ្រួសារក្រីក្រ គ្រួសារងាយរងគ្រោះ អតីតយុទ្ធជនក្រីក្រ និងមានពិការរភាពតាមតម្រូវការចាំបាច់ឱ្យចំគោលដៅ និងច្បាស់លាស់ ជាពិសេសជួយគាំទ្រដល់វិរៈកងទ័ពនៅសមភូមិមុខ ក៏ដូចជាជនភៀសសឹកជាដើម។\nឯកឧត្តមប្រធាន បញ្ជាក់ថា កន្លងមក សាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ បានប្រើប្រាស់ថវិការបស់សប្បុរសជនបម្រើដល់ការងារមនុស្សធម៌នានាដូចជា ជួយគាំទ្រដល់វិរៈកងទ័ពនៅសមភូមិមុខ ជនភៀសសឹក និងសាងសង់ផ្ទះជូនប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះបំផុតនៅតាមមូលដ្ឋាន និងការងារសប្បុរសធម៌ជាច្រើនទៀតផងដែរ។\nឯកឧត្តម ម៉ាង ស៊ីណេត សង្ឃឹមថា មន្ទីរ-អង្គភាព សប្បុរសជនគ្រប់មជ្ឈដ្ឋាន អាជីវករ ពាណិជ្ជករ នឹងចូលរួមយ៉ាងច្រើនកុះករជួយឧបត្ថម្ភជាថវិកា ស្បៀងអាហារ និងសម្ភារៈនានាដល់សាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុជាបន្តបន្ទាប់ទៀត។ ក្រុមការងារមូលនិធិរបស់សាខាកាកបាទក្រហមកម្ពុជាខេត្ត នឹងរង់ចាំទទួលចំពោះទឹកចិត្តសប្បុរសធម៌ពីសប្បុរសជនគ្រប់មជ្ឈដ្ឋានរៀងរាល់ម៉ោងធ្វើការនៅទីស្នាក់ការសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ៕\nអត្ថបទ៖ ង៉ែត ពិសាន្ត\nរូបភាព៖ កែវ ដារ៉ា","contentScope":"full","proof":{"publishedSourceRevision":"1","publishedWorkingVersionId":"13943","languageVersionId":"8137","visibilityVersion":"2","versionToken":"a1.M5vc1a52gbCCQn2u_0jmzO1Sx0pGAHtk0j0uuW6yBco"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":"KPS99TV"},"references":[],"links":[],"publishedAt":"2026-05-06T06:22:43Z"}