{"asset":"news","key":"6423","locale":"km","id":"news:6423:km","entityId":"news:6423","canonicalUrl":"https://www.kps-tv.com/km/news/detail/6423","state":"ready","title":"ច្បាប់ប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាត្រូវបានអាជ្ញាធរខេត្តព្រះសីហនុផ្សព្វផ្សាយយ៉ាងទូលំទូលាយ","summary":"អាជ្ញាធរខេត្តព្រះសីហនុបានផ្សព្វផ្សាយច្បាប់ប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងឆ្លើយសំណួរពលរដ្ឋ នៅថ្ងៃទី៦ ខែឧសភា។ ច្បាប់មាន២៤មាត្រា ហើយទោសដាក់ពន្ធនាគារអស់មួយជីវិតអនុវត្តតែក្នុងករណីធ្ងន់ធ្ងរជាក់លាក់ដែលច្បាប់កំណត់។","body":"ប្រជាពលរដ្ឋរាប់សិបនាក់មានទាំងអាជីវករ ពាណិជ្ជករ ម្ចាស់សណ្ឋាគារ ផ្ទះសំណាក់ ផ្ទះជួល ខុនដូរ និងម្ចាស់បុរី បានចូលរួមស្តាប់ការអប់រំ និងផ្សព្វផ្សាយរបស់អាជ្ញាធរខេត្តព្រះសីហនុ ពាក់ព័ន្ធនឹងច្បាប់ស្តីពី «ការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ឬ Online Scams» នៅរសៀលថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២៦នេះ។\nការផ្សព្វផ្សាយច្បាប់ស្តីពី «ការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា» បានធ្វើឡើងក្រោមអធិបតីភាពឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ ហើយមានការចូលរួមពីឯកឧត្តម ពេជ្រ វិជ្ជាធរ អនុប្រធានសាលាដំបូងខេត្ត និងឯកឧត្តម លាវ ស្រេង ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្ត រួមទាំងមន្រ្តីអ្នកមុខអ្នកការជាច្រើនរូបទៀត។\nតាមរយៈកិច្ចប្រជុំផ្សព្វផ្សាយនេះក៏មានប្រជាពលរដ្ឋ អាជីវករ ពាណិជ្ជករជាច្រើននាក់បាននាំគ្នាលើកជាសំណួរឡើងដើម្បីឱ្យអ្នកជំនាញផ្នែកច្បាប់ដែលមានឯកឧត្តមអនុប្រធានសាលាដំបូងខេត្ត និងឯកឧត្តមព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្ត ជួយបកស្រាយ និងពន្យល់បន្ថែមពាក់ព័ន្ធនឹងច្បាប់នេះផងដែរ។ ចំណែក ឯកឧត្តមអភិបាលខេត្ត លើកឡើងថា កិច្ចប្រជុំនេះ ធ្វើឡើងដើម្បីបង្កើនកិច្ចសហការរវាងអាជ្ញាធរដែនដីជាមួយកងកម្លាំងគ្រប់លំដាប់ថ្នាក់រួមទាំងស្ថាប័ននានា ដើម្បីប្រយុទ្ធប្រឆាំងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ប្រកបដោយប្រសិទ្ធភាពខ្ពស់។\nនៅថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៦ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីកម្ពុជា បានចុះហត្ថលេខាលើព្រះរាជក្រមប្រកាសឱ្យប្រើច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។ ច្បាប់នេះមាន២៤មាត្រា និងកំណត់ទោសចំពោះបទល្មើសពាក់ព័ន្ធ។ ក្នុងនោះ មាត្រា៦ កំណត់ទោសដាក់ពន្ធនាគារពី១៥ឆ្នាំដល់៣០ឆ្នាំ ឬអស់មួយជីវិត ចំពោះការរៀបចំ ឬដឹកនាំមជ្ឈមណ្ឌលឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដែលបណ្តាលឱ្យមានជនរងគ្រោះស្លាប់។\nសេចក្តីរាយការណ៍បានរំលឹកពីគោលដៅដែលរាជរដ្ឋាភិបាលបានដាក់ពីមុន ក្នុងការបង្ក្រាបបទល្មើសឆបោកតាមអនឡាញឱ្យអស់ពីកម្ពុជានៅត្រឹមខែមេសា ឆ្នាំ២០២៦។ សេចក្តីរាយការណ៍ក៏បានលើកឡើងពីប្រសាសន៍របស់ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ កាលពីថ្ងៃទី៣ ខែមេសា ថា ការបង្ក្រាបនេះមិនមែនជារូបភាពនយោបាយទេ ប៉ុន្តែជាការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាល ដើម្បីបង្កើនប្រសិទ្ធភាពបង្ក្រាបបទល្មើសនេះ។\n\nអត្ថបទ៖ ង៉ែត ពិសាន្ត\nរូបភាព៖ កែវ ដារ៉ា","contentScope":"full","proof":{"publishedSourceRevision":"1","publishedWorkingVersionId":"13904","languageVersionId":"8065","visibilityVersion":"2","versionToken":"a1.y1PnpTL5OuWtPleS55WGlaEn5YL8sijt_9XWFaV4gkI"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":"KPS99TV"},"references":[],"links":[],"publishedAt":"2026-05-06T12:27:40Z"}