{"asset":"news","key":"6439","locale":"km","id":"news:6439:km","entityId":"news:6439","canonicalUrl":"https://www.kps-tv.com/km/news/detail/6439","state":"ready","title":"ប្រជាពលរដ្ឋភូមិ៥ សង្កាត់លេខ៤ ទទួលបានផ្លូវបេតុងថ្មី ២ខ្សែ ជួយសម្រួលការធ្វើដំណើរ និងកាត់បន្ថយការកកស្ទះ","summary":"ផ្លូវបេតុងថ្មី២ខ្សែនៅភូមិ៥ សង្កាត់លេខ៤ មានបណ្ដោយសរុបជាង២០០ម៉ែត្រ ទទឹងជាង៧ម៉ែត្រ និងចំណាយថវិកាសរុបជាង៥ម៉ឺនដុល្លារ។ អភិបាលក្រុងបានចុះពិនិត្យនៅថ្ងៃទី៧ ខែឧសភា។","body":"ខេត្តព្រះសីហនុ៖ ដើម្បីលើកកម្ពស់ហេដ្ឋារចនាសម្ព័ន្ធ និងសម្រួលការធ្វើដំណើររបស់ប្រជាពលរដ្ឋឱ្យកាន់តែងាយស្រួល និងមានសុវត្ថិភាព នៅរសៀលថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៦ លោក សរ កក្កដា អភិបាលក្រុងព្រះសីហនុ បានដឹកនាំក្រុមការងារ និងមន្ត្រីបច្ចេកទេស ចុះពិនិត្យផ្លូវបេតុងថ្មីចំនួន ២ខ្សែ ស្ថិតក្នុងភូមិ៥ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ដែលទើបស្ថាបនារួចរាល់ជាស្ថាពរ។\nផ្លូវបេតុងទាំងពីរខ្សែនេះ ជាអំណោយរបស់ ឯកឧត្តម ស រដ្ឋា អគ្គស្នងការរង និងជាស្នងការនគរបាលខេត្តព្រះសីហនុ ដោយមានបណ្ដោយសរុបជាង ២០០ម៉ែត្រ ទទឹងជាង ៧ម៉ែត្រ និងចំណាយថវិកាសាងសង់អស់ប្រមាណជាង ៥ម៉ឺនដុល្លារ។\nកន្លងមក ផ្លូវនេះជាផ្លូវដីក្រហម ដែលបង្កការលំបាកដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ ជាពិសេសនៅរដូវវស្សា។ ការស្ថាបនាផ្លូវបេតុងថ្មីនេះ មិនត្រឹមតែជួយសម្រួលការធ្វើចរាចរណ៍ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយតភ្ជាប់ចរាចរណ៍ពីតំបន់មួយទៅតំបន់មួយ និងរួមចំណែកកាត់បន្ថយការកកស្ទះ ស្របពេលដែលចំនួនប្រជាពលរដ្ឋ និងភ្ញៀវទេសចរក្នុងក្រុងព្រះសីហនុកំពុងកើនឡើងជាបន្តបន្ទាប់។\nក្នុងឱកាសនោះ លោក សរ កក្កដា ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ ចូលរួមថែរក្សាផ្លូវឱ្យប្រើប្រាស់បានយូរអង្វែង ដោយមិនដឹកជញ្ជូនលើសទម្ងន់ មិនចតយានយន្តលើដងផ្លូវ និងមិនបោះចោលសំរាមពាសវាលពាសកាល ដើម្បីរក្សាសោភ័ណភាព និងបរិស្ថានស្អាតក្នុងក្រុង។\nប្រជាពលរដ្ឋរស់នៅក្នុងភូមិ៥ សង្កាត់លេខ៤ បានសម្ដែងការសប្បាយរីករាយ និងថ្លែងអំណរគុណដល់ ឯកឧត្តម ស រដ្ឋា លោកអភិបាលក្រុង និងអាជ្ញាធរពាក់ព័ន្ធ ដែលបានជួយស្ថាបនាផ្លូវនេះឡើង ដើម្បីលើកកម្ពស់ជីវភាពរស់នៅ និងសម្រួលការធ្វើដំណើរប្រចាំថ្ងៃរបស់ពួកគាត់៕\nអត្ថបទ៖ ប៉ៃ សុឃីម\n រូបភាព៖ ទាវ វិឆាត","contentScope":"full","proof":{"publishedSourceRevision":"1","publishedWorkingVersionId":"13898","languageVersionId":"8047","visibilityVersion":"2","versionToken":"a1.7Zj9_y1nxJ684YMU9SowCPbnvJgXsyKA4C8Bkg8WFzI"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":"KPS99TV"},"references":[],"links":[],"publishedAt":"2026-05-07T10:22:03Z"}