{"asset":"news","key":"6447","locale":"km","id":"news:6447:km","entityId":"news:6447","canonicalUrl":"https://www.kps-tv.com/km/news/detail/6447","state":"ready","title":"អាជ្ញាធរកំពត ណែនាំអ្នកលក់ទុរេនឱ្យបិទតម្លៃ និងបញ្ជាក់ប្រភព","summary":"តាមសេចក្ដីរាយការណ៍ មន្ត្រីបានចុះពិនិត្យតូបផ្លែឈើជុំវិញផ្សារសាមគ្គី កាលពីថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៦ ដើម្បីណែនាំពីស្លាកតម្លៃ និងប្រភពទុរេន។ ទិន្នផលឆ្នាំ២០២៦ នៅជាការរំពឹងទុករបស់មន្ត្រីកសិកម្ម។","body":"ក្រុមការងារមន្ទីរពាណិជ្ជកម្មខេត្តកំពត សហការជាមួយមន្ទីរទេសចរណ៍ សាខា ក.ប.ប. ខេត្ត និងអាជ្ញាធរក្រុងកំពត បានចុះពិនិត្យតូបលក់ផ្លែឈើ ជាពិសេសតូបលក់ទុរេន នៅជុំវិញផ្សារសាមគ្គីក្រុងកំពត កាលពីថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៦ ក្រោមការណែនាំរបស់ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត។\nលោក ស្រី កុម្ភៈ ប្រធានមន្ទីរពាណិជ្ជកម្មខេត្តកំពត បានឱ្យដឹងថា ការចុះពិនិត្យនេះ មានគោលបំណងជំរុញឱ្យអាជីវករលក់ទុរេនប្រកបដោយភាពស្មោះត្រង់ បញ្ជាក់ប្រភពទុរេនឱ្យបានច្បាស់លាស់ និងបិទស្លាកតម្លៃឱ្យបានត្រឹមត្រូវ។ លោកបញ្ជាក់ថា អាជីវករអាចនាំទុរេនពីបណ្តាខេត្តផ្សេងៗមកលក់បាន ប៉ុន្តែត្រូវបង្ហាញប្រភពឱ្យច្បាស់ ដើម្បីជៀសវាងការក្លែងបន្លំ ដែលអាចប៉ះពាល់ដល់កេរ្តិ៍ឈ្មោះទុរេនកំពត។\nមន្ត្រីជំនាញក៏បានអំពាវនាវដល់អាជីវករទាំងអស់ ឱ្យសហការអនុវត្តតាមការណែនាំរបស់ក្រសួង ដើម្បីទប់ស្កាត់ការលក់ទុរេនក្លែងបន្លំ និងធានាថា ប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរ អាចទិញបានទុរេនកំពតពិតប្រាកដ។\nជុំវិញការណែនាំនេះ អាជីវករនៅជុំវិញផ្សារកំពត បានបង្ហាញការគាំទ្រ និងសន្យាអនុវត្តតាម ដើម្បីរួមចំណែកលើកកម្ពស់គុណភាព និងកេរ្តិ៍ឈ្មោះទុរេនកំពត ព្រមទាំងទាក់ទាញភ្ញៀវទេសចរមកកាន់ខេត្តកំពតផងដែរ។\nដោយឡែក ម្ចាស់ចម្ការទុរេននៅស្រុកទឹកឈូ បានបញ្ជាក់ថា ពួកគេលក់តែទុរេនពីចម្ការរបស់ខ្លួន និងចម្ការនៅតំបន់ជិតខាងប៉ុណ្ណោះ ហើយបានអំពាវនាវដល់អ្នកលក់ទាំងអស់ ឱ្យមានភាពស្មោះត្រង់ និងទទួលខុសត្រូវក្នុងការលក់ដូរ ដើម្បីរក្សាតម្លៃ និងកេរ្តិ៍ឈ្មោះទុរេនកំពតឱ្យកាន់តែល្បីល្បាញ។\nសូមបញ្ជាក់ថា ខេត្តកំពតមានផ្ទៃដីដាំទុរេនសរុបជិត ៣ពាន់ហិកតា ដោយក្នុង ១ហិកតា អាចប្រមូលផលបានជាមធ្យម ១៤តោន។ គិតមកដល់ពេលនេះ ការប្រមូលផលទុរេនសម្រេចបានប្រមាណ ៣៥% ហើយរំពឹងថា ទិន្នផលសរុបក្នុងឆ្នាំ២០២៦ អាចទទួលបានជាង ២ម៉ឺន៤ពាន់តោន នេះបើតាមការឱ្យដឹងពីមន្ត្រីជំនាញមន្ទីរកសិកម្មខេត្តកំពត៕ ដោយ៖ ប៉ៃ សុឃីម","contentScope":"full","proof":{"publishedSourceRevision":"1","publishedWorkingVersionId":"13849","languageVersionId":"7947","visibilityVersion":"2","versionToken":"a1.ASfMwbHZy8BpHJ9HU9YSTF_aG0jPlRllB8TQuBqLCbI"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":"KPS99TV"},"references":[],"links":[],"publishedAt":"2026-05-08T03:00:43Z"}